The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អតីតមន្ត្រី​បក្សប្រឆាំង​ខ្លះ​ដែល​ទទួលបាន​សិទ្ធិ​​នយោបាយ​ បាន​ចូលរួម​គណបក្ស​ភ្លើងទៀន

អតីតមន្ត្រី​បក្សប្រឆាំង​ខ្លះ​ដែល​ទទួលបាន​សិទ្ធិ​​នយោបាយ​ បាន​ចូលរួម​គណបក្ស​ភ្លើងទៀន

Content image - Phnom Penh Post
លោក សុន ឆ័យ មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពីឆ្នាំ ២០១៦។ ហេង ជីវ័ន

អតីតមន្ត្រី​បក្សប្រឆាំង​ខ្លះ​ដែល​ទទួលបាន​សិទ្ធិ​​នយោបាយ​ បាន​ចូលរួម​គណបក្ស​ភ្លើងទៀន

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន ឱ្យដឹងថា មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើនរូប​បន្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន​រួមទាំង​លោក សុន ឆ័យ ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី ​៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២​។

លោក សំ សុគង់ មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ភ្លើងទៀន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២ ខែមីនា​ថា មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បានដាក់​ពាក្យស្នើសុំ​ចូល​ជាមួយ​គណបក្ស​ភ្លើងទៀន​ជា​បន្តបន្ទាប់ ទោះបី​មិនទាន់​មាន​ការកំណត់​ចំនួន​ជាក់លាក់​។ មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​ទៀត ក្រោយពី​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​បាន​ទៅ​រួមរស់​ជាមួយ​គណបក្ស​ផ្សេង និង​បង្កើត​គណបក្ស​ថ្មី ព្រោះនេះ គឺជា​សិទ្ធិ​របស់​ពួកគាត់​។ ទោះជា​យ៉ាងណា អ្នក​មួយចំនួនធំ មាន​បំណង​ក្នុងការ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​នឹង​គណបក្ស​ភ្លើងទៀន។

លោក​ថា​៖ «​យើង​អត់​ទាន់​ដឹង​ពី​ចំនួន​ច្បាស់​អ្នកចូលរួម​ទេ ប៉ុន្តែ​យើង​សង្ឃឹមថា ក្រោយពី​មានការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ឆ្នាំ​ ២០២២ នេះ​នឹងមាន​អ្នកចូលរួម​ជាមួយ​នឹង​គណបក្ស​ភ្លើងទៀន​ច្រើន ព្រោះ​គណបក្ស​នេះ ជា​គណបក្ស​ប្រជាធិបតេយ្យ និង​ប្រជាពលរដ្ឋ​ផ្តល់​ក្តីសង្ឃឹម​ទុកចិត្ត​»​។

លោក​បន្តថា ចំពោះ​វត្តមាន​របស់​លោក សុន ឆ័យ អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានប្រកាស​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន នៅពេលនេះ បង្ហាញ​ពី​ក្តីសង្ឃឹម និង​មាន​ឥទ្ធិពល​មួយ​ព្រោះ​លោក​ សុន ឆ័យ ធ្លាប់​ធ្វើជា​តំណាងរាស្ត្រ​។

លោក សំ សុគង់ បន្តថា ការសម្រេច​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ ជាពិសេស​នឹង​ឈ្នះ​មេឃុំ​ច្រើន នៅក្នុង​ការបោះឆ្នោត​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោក សុន ឆ័យ សុំ​ធ្វើ​អត្ថាធិប្បាយ​បានទេ នៅ​ថ្ងៃទី​ ២ ខែមីនា ប៉ុន្តែ​កាលពី​ថ្ងៃទី ១ មីនា​លោក​បានប្រកាស​ជា​សាធារណៈ​សុំចូល​ជា​សមាជិក​គណបក្ស​ភ្លើងទៀន​ចាប់ពី​ថ្ងៃទី​ ១ ខែមីនា ឆ្នាំ​ ២០២២​។ លោក សុន ឆ័យ សរសេរថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​បងប្អូន​រួម​ជាតិ​មេត្តា ចូលរួម និង​គាំទ្រ​គណបក្ស ភ្លើងទៀន​ឱ្យបាន​គ្រប់ៗ​គ្នា​»​។

គណបក្ស​ភ្លើងទៀន​នៅ​ថ្ងៃទី ​២ មីនា បានប្រកាស​ស្វាគមន៍​ការចូលរួម​របស់លោក​ សុន ឆ័យ ​និង​បានសម្រេច​ផ្តល់​តួនាទី​ជូន​លោក សុន ឆ័យ ជា​មន្ត្រីជាន់ខ្ពស់​ទំនាក់ទំនង​ជាមួយនឹង​អង្គទូត និង​អង្គការ​អន្តរជាតិ​សម្រាប់​គណបក្ស​នេះ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍