ភ្នំពេញៈ ​ក្នុង​រយៈពេល ៣ ឆ្នាំ​មកនេះ សាលា​រាជធានី​ភ្នំពេញ​បាន​ខិតខំ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ដែល​រស់នៅ​លើដី​សាធារណៈ​របស់​រដ្ឋ​នៅតាម​សហគមន៍​ក្រីក្រ​បាន​ចំនួន ១៥០ សហគមន៍ ក្នុងចំណោម​ ៣០០ សហគមន៍ ដែល​ក្នុងនោះ​ក៏មាន​ទាំង​ការអភិវឌ្ឍ​នៅនឹង​កន្លែង​ផងដែរ​។ នេះ​បើតាម​មន្ត្រី​ជាន់​ខ្ពស់​សាលា​រាជធានី​ភ្នំពេញ​។

ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី “​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់​រាជធានី​ភ្នំពេញ​” កាលពី​ថ្ងៃទី​ ១ ខែមីនា​អភិបាលរង​រាជធានី-​ភ្នំពេញ លោក កើត ឆែ បាន​ឱ្យដឹងថា ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ចុងក្រោយ ដោយ​គិតពី​ឆ្នាំ​ ២០១៩ ដល់​ឆ្នាំ​ ២០២១​ សាលា​រាជធានី​បាន​ដោះស្រាយ​ជូន​សហគមន៍​ក្រីក្រ​ចំនួន ១៥០ ក្នុង​ចំណោម ៣០០ សហគមន៍ ដែល​មក​រស់នៅ​លើដី​សាធារណៈ​របស់​រដ្ឋ​។

លោក​បន្តថា​៖ «​ដូច​បងប្អូន​បាន​ជ្រាប​ហើយ​យើង​មិនដែល​ប្រើ​អំពើ​ណាមួយ​ដែល​ដេញ​ប្រជាពលរដ្ឋ​អត់​មាន​សំណង​ទេ ហើយ​គ្មាន​អ្នកណា​ល្អ​ជាង​កម្ពុជា​ទេ នៅពេល​មាន​អ្នក​រស់នៅ​លើដី​រដ្ឋ​អត់​បាន​ផ្តន្ទាទោស​ទេ​គឺ​រាជរដ្ឋាភិបាល​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ខិតខំ​រក​ដីសម្បទាន​សង្គមកិច្ច​ជូន​គាត់ ឬ​ផ្តល់​សំណង​ផ្សេងៗ​ជូន​គាត់​»​។

ទន្ទឹមនេះដែរ លោក​បាន​សង្កត់ធ្ងន់​ថា ស្រប​ពេលដែល​មន្ត្រី​ជំនាញ​ខិតខំ​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ដោយ​សន្តិវិធី បែ​ជា​មាន​អ្នក​ញុះញង់​ឱ្យ​ពលរដ្ឋ​ទៅ​ចាប់ដី​សាធារណៈ​របស់​រដ្ឋ គឺ​ត្រូវ​ប្រឈមមុខ​ច្បាប់​ដោយ​មិន​លើកលែង​ឡើយ​។ លោក​ថា​៖ «​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិនមាន​គោលនយោបាយ​ឱ្យ​ពង្រីក​សហគមន៍​អ្នកក្រីក្រ​តាមរបៀប​ការលើកទឹកចិត្ត​របស់​ជន​មួយក្រុម​តូច​ដែល​អគតិ ជំ​រុញឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចាប់ដី​សាធារណៈ​របស់​រដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ទេ គឺ​មិនបាន​ដាច់ខាត​»​។

មានន័យថា៖ «​សហគមន៍ ៣០០ ​យើង​ខិតខំ​ដោះស្រាយ​ដែលជា​កាតព្វកិច្ច​របស់​យើងខ្ញុំ​ទាំងអស់​គ្នា ប៉ុន្តែ​បើ​មាន​ជនណាម្នាក់​គាត់ ចង្អុលបង្ហាញ​ទៅឱ្យគេ​ចាប់ដី​រដ្ឋ ធ្វើជា​កម្មសិទ្ធិ អ្នកនោះ​ត្រូវ​ទទួលទោស​ចំពោះមុខ​ច្បាប់ ជា​មេខ្លោង​ដែល​មិនអាច​លើកលែង​»​។

ជាមួយ​គ្នានេះដែរ លោក កើត ឆែ បាន​លើកយក​ករណី​ចំនួន​ ២ សម្រាប់​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ដែល​មក​តាំងទី​លំនៅ​លើដី​រដ្ឋ​។ លោក​ថា​៖ «​ទី​ ១ យើង​អាចធ្វើ​ប្រទានកម្ម​ជូន​គាត់​បាន ក្នុងករណី​គាត់​រស់​លើដី​រដ្ឋ​ដោយ​មិន​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ប៉ះពាល់​ផ្លូវ លូ និង​ប្រព័ន្ធ​បង្ហូរទឹក រឿងនេះ​យើង​អាចធ្វើ​ប្រទានកម្ម​ជូន​គាត់​»​។

ដូច​ករណី​អ្នករស់នៅ​ប្រឡាយ​ស្ទឹងមានជ័យ គាត់​ព្រមព្រៀង​គ្នា​យក​គោលនយោបាយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទំហំ​ដី ៤ ​គុណ ៦ ​ម៉ែត្រ ហើយ​យើង​បានធ្វើ​ប្រឡាយ​ដោយ​ធានាបាន​ថា មិន​ធ្វើឱ្យ​ស្ទះ​ប្រព័ន្ធ​ផ្លូវទឹក​នោះឡើយ រីឯ​បងប្អូន​ប្រជាពលរដ្ឋ​គឺ​ទទួល​បាន​កម្មសិទ្ធិ​ស្របច្បាប់​។

ករណី​ពលរដ្ឋ​មួយចំនួនទៀត ដែល​រស់​នៅលើ​ចិញ្ចើមផ្លូវ ឬ​ធ្វើ​ផ្ទះ​នៅលើ​តួ​ប្រឡាយ​តែម្តង​ «​យើង​មិន​អាចធ្វើ​ប្រទានកម្ម​ជូន​គាត់ កាលណា​យើង​បិទ​ប្រឡាយ​លិច​ទឹក អ៊ីចឹង​ចំពោះ​ករណីនេះ​យើង​អត់​អាចធ្វើ​ប្រទានកម្ម​ជូន​គាត់​បានទេ​ហើយ​ក៏បាន​ណែនាំ​ឱ្យ​គាត់​ស្ងប់ស្ងាត់ កុំ​ជឿ​តាម​គេ​»​។

លោក​បាន​បញ្ជាក់ថា ចំពោះ​កម្មសិទ្ធិ​ដីធ្លី​បែបនេះ គឺ​ពិនិត្យ​ដោយ​ករណី ព្រោះ​ករណីខ្លះ ធ្វើ​ប្រទាន​កម្មបាន និង​ករណីខ្លះ​មិនអាច​ធ្វើ​បានទេ​ដោយសារ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​។

លោក​អភិបាលរង​បាន​បន្តទៀតថា ឧទាហរណ៍ សាលា​រាជធានី កំពុង​ស្ថាបនា​ផ្លូវ​រទេះភ្លើង​ពី​​ទំនប់​ ៧០ ទៅ​គីឡូម៉ែត្រ​លេខ ៦ ហើយ​សិក្សា​ឃើញថា នៅ​តំបន់​នោះ មាន​ភាពស្មុគស្មាញ ដែល​ទាមទារ​ឱ្យធ្វើ​ប្រព័ន្ធ​រំដោះ​ទឹកធំ ទើប​អាច​ធានាបាន​។ លោក​ថា​៖ «​ឥឡូវ​យើង​សិក្សា​ឃើញថា ប្រឡាយ​នោះ​វា​ធំ ប៉ុន្តែ​ដើម្បី​ធានា​ប្រព័ន្ធ​រំដោះ​ទឹកបាន គឺ​យើង​ត្រូវការ​បុក​ស៊ីផាយ ជញ្ជាំង បេតុង ហើយ​សល់​ដី​មួយចំនួន យើង​នឹង​ចែកជូន​ពលរដ្ឋ​»​។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមាគម​ធាងត្នោត លោក ​សឿង សារ៉ន ថ្លែងថា ការដោះស្រាយ​កន្លងមក​របស់​អាជ្ញាធរ​រាជធានី​មាន​ភាព​វិជ្ជមាន​ខ្លះ និង​អវិជ្ជមាន​ខ្លះ​ចំពោះ​អ្នក​ដែល​រង​ផលប៉ះពាល់​។

លោក​បញ្ជាក់ថា​៖ «​ករណី​ជាច្រើន​ការដោះស្រាយ​អូសបន្លាយ​ពេល​យូរ ហើយក៏​មានការ​បង្កឱ្យមាន​ការចាប់ខ្លួន ដូច​ករណី​បុរី​កីឡា និង​បឹងកក់​។ ប៉ុន្តែ​យើង​ក៏​មើលឃើញ​ដំណោះស្រាយ​ល្អ មិន​បង្កឱ្យមាន​ហិង្សា​អាច​ទទួលយក​បាន​ដូចជា​សហគមន៍​រស់នៅ​ប្រឡាយ​ស្ទឹងមានជ័យ ដែល​មាន​ការអភិវឌ្ឍ​នៅនឹង​កន្លែង​»​។

យ៉ាងណាក្តី​លោក​ សារ៉ន នៅតែ​ស្នើឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ដោះស្រាយ​ករណី​ដីធ្លី ដោយ​ឈរលើ​គោលកាណ៍​ច្បាប់ ប្រកប​ដោយ​តម្លាភាព និង​ត្រូវមាន​ការពិគ្រោះ​យោបល់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ធានា​ដល់​ការដោះស្រាយ​ដោយ​សន្តិវិធី និង​ផ្តល់​ផលប្រយោជន៍​រួម​៕