សៀមរាបៈ មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្តសៀមរាប​បាន​ឱ្យដឹងថា ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តសៀមរាប​ប្រមាណ ៨៤ ភាគរយ ទទួល​បាន​ការផ្គត់ផ្គង់​ទឹកស្អាត​ប្រើប្រាស់ ដែល​នេះ គឺជា​ការចូលរួម​លើកកម្ពស់​សុខុមាលភាព​ក្នុង​ជីវភាព​រស់នៅ ខណៈ​បញ្ហា​អនាម័យ​របស់​ពលរដ្ឋ ក្នុង​ខេត្ត​នេះ​ក៏​សម្រេចបាន ៧៨ ភាគរយ​ផងដែរ​។

លោក ខេង ញ៉ុល ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ខេត្តសៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១ មីនា​ថា សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ គឺជា​តម្រូវការ​បន្ទាន់​បំផុត សម្រាប់​ការពារ និង​លើកស្ទួយ​សុខភាព​ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ នៅ​តាម​ទីជនបទ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សេដ្ឋកិច្ច​។

លោក​បានឱ្យដឹងថា រហូតមកដល់​ដើមឆ្នាំ​ ២០២២ នេះ ខេត្តសៀមរាប​បាន​ផ្គត់ផ្គង់​ទឹកស្អាត​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​ទីក្រុង និង​តំបន់​ជនបទ​ដាច់​ស្រយាល​បាន​ប្រមាណ​ ៨៤ ភាគរយ​ហើយ ខណៈ​បញ្ហា​អនាម័យ គឺ​បាន​ប្រមាណ ៧៨ ភាគរយ ដោយ​ក្នុងនោះ​ស្រុក​ដែល​សម្រេច​លទ្ធផល​ល្អ​ ១០០ ភាគរយ គឺ​ស្រុក​អង្គរជុំ​។

លោក​បាន​រៀបរាប់ថា​៖ «​ស្រុក​អង្គរជុំ គឺ​សម្រេច​បាន ១០០ ភាគរយ បើតាម​តួលេខ​ប្រចាំ​ស្រុក​សម្រាប់​ខេត្ត​យើង ហើយ​ក្រៅពី​ហ្នឹង គឺ​មិនទាន់​បាន ១០០ ភាគរយ​ទេ​។ នៅពេល​ពួកគាត់​មានទឹក​ប្រើប្រាស់​បាន​គ្រប់គ្រាន់ គឺ​បំបាត់​ភាពក្រីក្រ​ដល់​ពួកគាត់ ព្រោះ​មានទឹក​ប្រើប្រាស់​ស្អាត ហើយ​រស់​នៅមាន​អនាម័យ​ល្អ ធ្វើឱ្យ​ពួកគាត់ មិនមាន​ជំងឺ​ដែល​ខាតបង់​ថវិកា​នោះទេ​»​។

លោក ខេង ញ៉ុល បានឱ្យ​ដឹងថា ចំពោះ​ដំណើរការ​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​ប្រជាពលរដ្ឋ គឺ​បាន​អនុវត្ត​ទៅតាម​ស្ថានភាព​ជាក់ស្តែង​ទៅតាម​ទីតាំង​ភូមិសាស្ត្រ​នីមួយៗ ដោយ​គោលដៅ​ខ្លះ ត្រូវ​ផ្តល់ជូន​ជា​អណ្តូងទឹក ឬ​ស្រះ និង​ខ្លះទៀត​ត្រូវ​តភ្ជាប់​បណ្តាញ​ទុយោ​ទឹក សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​។ លោក​បញ្ជាក់ថា​៖ «​លទ្ធផល​នេះ មិនមែន​បានន័យថា​ពលរដ្ឋ​ខ្លះ​មិន​មានទឹក​ប្រើប្រាស់​នោះទេ​គឺ​មានន័យថា ពលរដ្ឋ​គ្រប់រូប​មានទឹក​ប្រើប្រាស់​គ្រប់គ្នា គ្រាន់តែ​យើង​ធ្វើយ៉ាងណា ឱ្យ​ប្រភពទឹក​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​នៅ​កៀក​នឹង​ប្រជាពលរដ្ឋ ដូច​យើង​បានផ្តល់​ជា​អណ្តូង​ខួងជ្រៅ​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ដោយ​កំណត់ថា ក្នុង​ចម្ងាយ​ចាប់ពី​ ២៥ ម៉ែត្រ​ទៅ​ ១០០ ម៉ែត្រ​គឺ​ត្រូវមាន​សម្រាប់​ពួកគាត់​មិនត្រូវ​ឱ្យ​ឆ្ងាយ​អី​អ៊ីចឹងទៅ​»​។

មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប​ឱ្យដឹងថា តាម​ការប៉ាន់ស្មាន​ក្នុង​ទូទាំង​ខេត្ត​សៀមរាប គឺមាន​អណ្តូង​ប្រហែល ៣ ​ម៉ឺន​អណ្តូង និង​កន្លែង​បណ្តាញ​ចែកចាយ​ទឹក​ខ្នាតតូច​តាម​ទុយោ​នៅតាម​សហគមន៍ តាម​ភូមិ​នីមួយៗ​ប្រមាណ ២០ ​កន្លែង​។

លោក លុក ផុស អភិបាលស្រុក​អង្គរជុំ ដែលជា​ស្រុក​មួយ​សម្រេចបាន​ផែនការ​ទឹកស្អាត និង​អនាម័យ ១០០ ​ភាគរយ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១ មីនា​ថា មុននឹង​ស្រុក​ទទួលបាន​លទ្ធផល​ ១០០​ ភាគរយ​បែបនេះ គឺ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាពិសេស​គឺ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​បានរួម​គ្នា​កសាង​រយៈពេល ៥ ឆ្នាំ​មកហើយ​។ លោក​បន្តថា ការដែល​ពលរដ្ឋ​ទទួលបាន​ការផ្គត់ផ្គង់​ទឹកស្អាត និង​បញ្ហា​អនាម័យ​បាន​ ១០០​ ភាគរយ​បែបនេះ បាន​ធ្វើឱ្យ​សុខភាព​របស់​ពួកគាត់​មានការ​ផ្លាស់ប្តូរ ជាពិសេស​គឺ​រឿង​ជំងឺ​ទៅលើ​កុមារ​នោះ គឺ​ត្រូវបាន​កាត់បន្ថយ​។ លោក​បន្តថា​៖ «​ការខិតខំ​របស់​អាជ្ញាធរ និង​ដៃគូ​ពាក់ព័ន្ធ​គឺ​បានរួម​សម្រេច​គោលដៅ​នេះ​។ ខ្ញុំ​គិតថា ប្រជាពលរដ្ឋ​របស់​យើងខ្ញុំ គឺ​គាត់​ប្តូរ​ឥរិយាបថ​ទាំង​ក្មេង​ទាំងចាស់​ទាំងអស់​គ្នា​តែម្តង ងាក​មករក​សុខភាព​អនាម័យ​ជា​រឿង​ចម្បង​។ ចំពោះ​ប្រព័ន្ធ​ទឹកស្អាត​មិនទាន់​គ្របដណ្តប់​អស់ តែ​យើង​មានទឹក​អណ្តូង​ប្រើប្រាស់​គ្រប់​តម្រូវការ​»​។

សូមបញ្ជាក់ថា តាម​ទស្សន​វិស័យ​របស់​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត​របស់​រដ្ឋាភិបាល​ និង​អនាម័យ​ជនបទ គឺ​ឆ្នាំ​ ២០២៣ ប្រជាពលរដ្ឋ​គ្រប់រូប​នៅតាម​ទីក្រុង ជនបទ ត្រូវមាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​គ្រប់គ្រាន់​ប្រមាណ​ ៩០ ​ភាគរយ ហើយ​លទ្ធផល​សម្រេចបាន​នេះ គឺ​ដើម្បី​ឈាន​ទៅរក​ភាពជោគជ័យ ១០០ ភាគរយ​នៅ​ឆ្នាំ​ ២០២៥ ខាងមុខ​៕