ស្ទឹងត្រែងៈ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ស្ទឹងត្រែង​នៅ​ព្រឹក​ថ្ងៃទី ​២ ខែមីនា​បាន​ឃាត់​រថយន្ត​ដឹក​ដំឡូងមី​​លួច​បង្កប់​ឈើ​ប្រណីត​ខុស​​ច្បាប់​ ១ ​គ្រឿង​នៅ​ភូមិ​អូរច្រឡង់ ឃុំ​អូរឫស្សី​កណ្តាល ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង​។ ​នេះ​បើតាម​មន្ត្រី​នគរបាល​មូលដ្ឋាន​។

លោក ស៊ុត បូណា នាយនគរបាល​ប៉ុស្តិ៍​អូរឫស្សី កណ្តាល​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា រថយន្ត​ដឹក​ដំឡូងមី​បង្កប់​ឈើ​ក្ដារបន្ទះ​ជាច្រើន​ម៉ែត្រគុប​នោះ ជា​ប្រភេទ​រថយន្ត​ V1 ឬ​យី​ឌុប ពាក់​ស្លាក​លេខ​ព្រៃវែង​ 4A-0033 ។ រថយន្ត​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​គោលដៅ​ចរាចរណ៍​អូរច្រឡង់ សហការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បង្ក្រាប​​ និង​នាំយកទៅ​កាន់​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ភ្លាមៗ​ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​​មិនដឹងថា ឈើ​ទាំងនោះ​មាន​ប៉ុន្មាន​ម៉ែត្រគុប​នោះទេ ហើយ​​ក៏​មិនដឹងថា មានច្បាប់​ ឬ​អត់ច្បាប់​នោះដែរ ព្រោះ​គ្រាន់តែ​ឆែក​ឃើញ​មាន​បង្កប់​ឈើ​ក្ដារបន្ទះ​ភ្លាម អ្នកបើកបរ និង​វត្ថុតាង​រថយន្ត​ដឹក​ដំឡូងមី​បង្កប់​ឈើ​នោះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​បញ្ជូន​ទៅកាន់​​ការិយាល័យ​ប្រឆាំង​បទល្មើស​​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​​ខេត្តស្ទឹងត្រែង​ភ្លាម​តែម្ដង​»​។

ជុំវិញ​ករណីនេះ លោក សាន និមល ស្នងការរង​ខេត្ត​ស្ទឹងត្រែង​ទទួល​បន្ទុក​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពេលនេះ​មន្ត្រី​នគរបាល​ជំនាញ​កំពុង​អនុវត្ត​នីតិវិធី​សួរនាំ​អ្នកបើកបរ​ ដើម្បីឱ្យ​​ម្ចាស់​ឈើ​ពិតប្រាកដ ចូលមក​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។

លោក​ថា​៖ «​ក្រុមការងារ​យើង​ឃាត់ខ្លួន​អ្នកបើកបរ​ និង​វត្ថុតាង​រថយន្ត​ដឹក​ដំឡូងមី​បង្កប់​ឈើ​ក្ដារបន្ទះ​ពីក្រោម​នេះ ដោយសារ​តែ​អ្នកបើកបរ​មិនបាន​បង្ហាញ​ឯកសារ​ផ្លូវច្បាប់​ណាមួយ​ដែល​អនុញ្ញាតឱ្យ​ដឹកជញ្ជូន​ឈើ​ពី​មន្ត្រី​ជំនាញ​នោះទេ​»​។

បើតាម​លោក និមល មកទល់​ពេល​នេះ​ក្រុមការងារ​របស់លោក​នៅ​មិនទាន់​វាស់វែង​ពី​ចំនួន​ឈើ​ទាំងនោះ​នៅឡើយ​ទេ ប៉ុន្តែ​ឈើ​វត្ថុតាង​ទាំងនោះ​​ត្រូវបាន​នាំយកមក​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ស្ទឹងត្រែង​ហើយ ដើម្បី​ចាត់វិធាន​ការបន្ត​តាម​នីតិវិធី​។

យោងតាម​មាត្រា​ ៧៨ ​នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ រាល់​ការបង្ក្រាប​បទល្មើស​ដែល​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​ផល និង​អនុផល​ព្រៃឈើ​ខុសច្បាប់ សមត្ថកិច្ច​ដែល​ចូលរួម​ការបង្ក្រាប​នោះ​ត្រូវ​ប្រគល់​ជនសង្ស័យ និង​វត្ថុតាង​ទៅឱ្យ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ជា​អ្នកចាត់ការ​តាម​នីតិវិធី​ក្នុង​ការកសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។ ​នេះ​បើតាម​សម្ដី​លោក​ សុខ ស៊ីដា មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​។

លោក​ថា​៖ «​ករណី​បង្ក្រាប​រថយន្ត​យី​ឌុប​ដឹក​ដំឡូងមី​មាន​បង្កប់​ឈើ​ពីក្រោម​នេះ​យើងខ្ញុំ​នៅ មិនទាន់​ទទួលបាន​របាយការណ៍​ពី​កម្លាំង​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៅឡើយ​ទេ​។

ជាទូទៅ​ករណី​បទល្មើស​ដឹកជញ្ជូន​ផល​ និង​អនុផល​ព្រៃឈើ​​បែបនេះ​សមត្ថកិច្ច​ត្រូវបញ្ជូន​ជនសង្ស័យ​ និង​វត្ថុតាង​មកឱ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​»៕