ពោធិ៍សាត់/កោះកុងៈ អង្គការ​ប្រឆាំង​អំពើពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ ACNCIPO ដាក់​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ស្នើសុំ​អន្តរាគមន៍​ទៅ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ និង​ខេត្តកោះកុង​ឱ្យធ្វើ​ការចាប់​បង្ក្រាប ការកាប់បំផ្លាញ និង​ដឹកឈើ​ចេញ​ដោយ​ខុសច្បាប់ នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់ និង តំបន់​ជួរ​ភ្នំក្រវាញ​។

លោក ជា ហ៊ាន ប្រធាន​អង្គការ ACNCIPO ថ្លែង​នៅ​ថ្ងៃទី ១ ខែមីនា​ថា ក្រោយពី​លោក​បាន​ចុះ​អង្កេត​ពិនិត្យ​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំឱរ៉ាល់​អស់​រយៈពេល​ ៣ ​សប្តាហ៍​ក្នុង​ខែកុម្ភៈ​ឃើញថា បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹក​ចេញ​ឈើ​ដោយ​ប្រើ​គោយន្ត​នៅតែ​បន្ត​មាន​យ៉ាង​គគ្រឹក​គ្រេង ដែល​មន្ត្រី​បរិស្ថាន មិនមាន​វិធានការ អនុវត្ត​ច្បាប់ ហាមឃាត់ ឬ​បង្ក្រាប​ក្រោមរូបភាព​ណាមួយ​ឡើយ​។

លោក​ឱ្យដឹងថា នៅ​ថ្ងៃទី ​១ ខែមីនា លោក​បានដាក់​លិខិត​ស្នើសុំ​អន្តរាគមន៍​ជូនទៅ​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​សូមឱ្យ​ជួយ​ណែនាំ​ទៅ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ និង​ខេត្តកោះកុង​ឱ្យ​បិទ​ការដឹកឈើ​ចេញ​តាម​ស្នាក់ការ​មួយចំនួន​នៅ​តំបន់​ទាំងនោះ​ឱ្យមាន​ប្រសិទ្ធភាព​។ លោក ជា ហ៊ាន ប្រាប់ទៀត​ថា កាលពី​ថ្ងៃទី​ ៧ ខែកុម្ភៈ លោក​ទទួល​ពត៌មាន​ពី​ពលរដ្ឋ​នៅ​តំបន់​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ខេត្តពោធិ៍សាត់​ថា មានការ​កាប់​ឈើ​ដឹក​ចេញ​តាម​គោយន្ត​ចេញ​តាម​ស្នាក់ការរង​អំពឹល និង​ស្នាក់​ការរង​បឹងថ្លុង​យ៉ាង​គគ្រឹកគ្រេង មិនមាន​ការបង្ក្រាប​។

លោក​បញ្ជាក់ថា មាន​ឈើ​ខ្លះ​អាររួច​ជា​ប្រភេទ គ្រឿងផ្ទះ និង​ឈើ​រាជកុល បាន​លាក់ទុក​ក្បែរ​ស្នាក់​ការរង​បឹងថ្លុង ទំនង​ដើម្បី​ត្រៀម​ដឹក​ចេញ​តាម​គោយន្ត ឬ​រទេះគោ ឆ្ពោះ​មក​ខេត្ត​កំពង់ស្ពឺ​តាម​ច្រក​ស្នាក់​ការរង​អូរត្រាវ និង​ស្នាក់ការ​អន្លុងអង្គុញ និង​មួយផ្នែក​ទៀត​ដឹក​ចេញ​តាម​ច្រក​ស្នាក់​ការរង​អំពឹល​។

លោក​ថ្លែងថា​៖ «​ការអារឈើ​នេះ​គឺ​ប្រើប្រាស់​ដោយ​ម៉ាស៊ីន​ត្រង់​ស៊ីន័រ ឡាំង​ហើយ​ពួកគេ​ធ្វើការ​ដឹកជញ្ជូន​មក​ទឹកដី​ខេត្តកំពង់ស្ពឺ​ខ្លះ និង​ខាង​កំពង់ឆ្នាំង​ខ្លះ បើជា​ស្នាក់​ការរង​អំពិល គឺ​ឆ្លងកាត់​ទៅ​ខេត្ត​កំពង់​ឆ្នាំង ចំណែក​នៅ​ចំណុច​ស្នាក់​ការរង​បឹងថ្លុង គឺ​ដឹក​មក​ខាង​កំពង់ស្ពឺ​តាម​ស្រុក​ថ្ពង​ទៅ​ឧដុង្គ​»​។

លោក​បញ្ជាក់​ទៀត​ថា ចំពោះ​ការចុះ​អង្កេត​នៅ​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ព្រំប្រទល់​ខេត្តកោះកុង​ក្នុង​ស្រុក​ថ្មបាំង ស្រក​ស្រែអំបិល​បាន​ឃើញ​នៅ​តំបន់​នោះ​មាន​ការកាប់​ឈើ​អារឈើ​ដឹក​ចេញ​ជា​បន្តបន្ទាប់ ដែលជា​ហេតុ​ធ្វើឱ្យមាន​ការបាត់បង់​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​នៃ​ដែន​ជម្រក​សត្វព្រៃភ្នំ​ឱរ៉ាល់​។ លោក​ថ្លែងថា​៖ «​នៅ​ចំណុច​អន្លុង​អង្គុញ គឺ​ដឹក​ចេញ​តាម​សំរោង​មក​ឱរ៉ាល់ ហើយ​ចំណុច​ឆាយរៀប គឺ​ដឹក​ចេញពី​ខេត្តកោះកុង​មក​កំពង់ស្ពឺ​ដែរ​»​។

លោក​ ជា ហ៊ាន បាន​លើកឡើង​ថា មន្ត្រី​បរិស្ថាន​ដែល​ឈរជើង​នៅ​ទីតាំង​ទាំងនោះ​មិនមាន​ចំណាត់ការ​ក្នុង​វិធានការ​បង្ក្រាប​បទល្មើស​ទេ​។ នៅតាម​ស្នាក់ការ​នីមួយៗ​មាន​មន្ត្រី​បរិស្ថាន​តែ​ ២ ​ទៅ​ ៣​ នាក់​ប៉ុណ្ណោះ​។ លោក​ថ្លែងថា៖ «​គាត់​បាន​ប្រាប់​ខ្ញុំ​ថា ពេលដែល​គាត់​ចាប់​បទល្មើស​ម្តងៗ គាត់​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​សន្តិសុខ​របស់​គាត់ ព្រោះ​ជនប្រព្រឹត្ត​បទល្មើស​តែងមាន​អាវុធច្នៃ​ដាក់​តាម​ខ្លួន​អ៊ីចឹង​ភាព​ស្មុគស្មាញ​របស់គាត់ គឺ​មិនសូវ​ហ៊ាន អនុវត្ត​ច្បាប់​ទេ ដោយសារ​តំបន់​នោះ​ជា​តំបន់​ដាច់ស្រយាល​» ។

យ៉ាងណា​ក៏ដោយ លោក​ ជា ហ៊ាន បញ្ជាក់ទៀតថា បើសិនជា​ការដាក់​លិខិត​ស្នើសុំ​អន្តរាគមន៍​ទៅ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​មិនមាន​ប្រសិទ្ធភាព លោក​គ្រោង​នឹង​បន្ត​ចុះទៅ​អង្កេត​ពិនិត្យ​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ទាំងនោះ​ទៀត ដើម្បី​រាយការណ៍​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។

ប៉ុន្តែ លោក គង់ ពុទ្ធីរ៉ា ប្រធាន​មន្ទីរ​បរិស្ថាន​ពោធិ៍សាត់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២ ខែមីនា​ថា មន្ត្រី​បរិស្ថាន​មិនដែល​ទុក​ការងារ​ចោល​ឡើយ ក្នុង​កិច្ចការពារ​ព្រៃឈើ​ដោយ​តែងតែ​ធ្វើការ​ល្បាត​ជាប្រចាំ ព្រមទាំង​បង្ក្រាបបាន​បទល្មើស​ព្រៃឈើ​ជា​បន្តបន្ទាប់​។

ចំណែក​លោក ហ៊ុន ម៉ារ៉ាឌី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​​ក៏បាន​ថ្លែង​យ៉ាងខ្លី​ដែរ​ថា លោក​នឹង​ធ្វើការ​ពិនិត្យមើល​ឡើងវិញ​នៅតាម​ទីតាំង​ទាំងនោះ និង​ចាត់វិធានការ​ទៅតាម​សភាព​​ជាក់ស្តែង​៕