ភ្នំពេញៈ លោកស្រី​ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ជំរុញ​ឱ្យមាន​ការរួម​គ្នា​បន្ថែមទៀត​ដោយ​មិនត្រូវ​បន្ធូរដៃ​នោះទេ ដើម្បី​ធ្វើយ៉ាងណា​ឈានទៅ​សម្រេច​គោលដៅ​ចុងក្រោយ ដែល​គ្មាន​ជំងឺ​គ្រុនចាញ់​នៅក្នុង​ឆ្នាំ​ ២០២៥ បើ​ទោះ​ជា​កម្ពុជា​គ្មាន​តួលេខ​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ជាប់​គ្នា​មកហើយ​ក៏ដោយ​។

ការថ្លែង​បែបនេះ​បានធ្វើ​ឡើង កាលពីថ្ងៃ​ទី ​២ ខែមីនា ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​លោកស្រី​ជាមួយ​លោក Pedro Alonso ប្រធាន​កម្មវិធី​ប្រយុទ្ធ​ជំងឺគ្រុនចាញ់​ជា​សកល​របស់​អង្គការ​សុខភាព​ពិភពលោក អមដោយ​មន្ត្រី និង​ទីប្រឹក្សាបច្ចេកទេស អង្គការ​សុខភាព​ពិភពលោក នៃ​ទីស្នាក់ការ​កណ្តាល និង​ថ្នាក់​តំបន់​នា​ទីស្តីការក្រសួង​សុខាភិបាល​។ ក្នុងឱកាស​នោះ លោកស្រី ឱ វណ្ណឌីន ដែល​បាន​សង្កត់ធ្ងន់​លើ​កិច្ចខិតខំ​ប្រឹងប្រែង​នៃ​កម្មវិធី​លុបបំបាត់​ជំងឺគ្រុនចាញ់​នៅ​កម្ពុជា​បាន​និយាយថា ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់បំផុត​ដល់​សុខភាព និង​សុខុមាលភាព​ប្រជាជន​កម្ពុជា ដែល​បាន​ផ្តួចផ្តើម និង​អនុម័ត​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​នៅក្នុង​ប្រទេស​ឆ្នាំ​ ២០១១-២០២៥​។

យុទ្ធសាស្ត្រ​ជាតិ​នេះ​ត្រូវបាន​យកមកប្រើ​ប្រាស់ និង​ដាក់ចេញ​នូវ​សកម្មភាព និង​គោលការណ៍​ណែនាំ​ផ្សេងៗ​សំដៅ​ជំរុញ​ការងារ​លុបបំបាត់​ជំងឺ​គ្រុនចាញ់​យ៉ាងសកម្ម សម្រាប់​ក្រុម​ការងារ ដៃគូ និង​ភ្នាក់ងារ​ផ្តល់​មូលនិធិ​នានា​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​ជា​លទ្ធផល​រយៈពេល​ ១០ ​ឆ្នាំ​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ​ ២០២១ កន្លងមកនេះ​ឃើញថា សូចនាករ​អត្រា​ស្លាប់​ដោយ​ជំងឺគ្រុនចាញ់​ត្រូវបាន​បញ្ចប់ គឺ​គ្មាន​អ្នកស្លាប់​ដោយ​ជំងឺ​នេះ​ចាប់តាំងពី​ឆ្នាំ​ ២០១៨​ មក​។ នេះ​សបញ្ជាក់ថា កម្ពុជា​សម្រេចបាន​ជោគជ័យ​ ៣ ​ឆ្នាំ មុន​គោលដៅ​កំណត់​»​។

លោកស្រី ឱ វណ្ណឌីន បាន​សង្កត់ធ្ងន់​បន្ថែម​ថា​៖ «​ចំពោះ​សូចនាករ ការគ្មាន​ជំងឺគ្រុនចាញ់ (Zero malaria) ក្នុង​ឆ្នាំ​ ២០២៥ ក៏​ជា​កិច្ចការ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវតែ​ប្រឹងប្រែង​រួមគ្នា​ជា​បន្តទៀត​ដោយ​មិន​បន្ធូរដៃ នៅក្នុង​ដំណាក់កាល​ចុងក្រោយ​ ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​នេះ​»​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួងសុខាភិបាល​បាន​ឱ្យដឹងថា កិច្ចប្រជុំ​ជាមួយ​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក នៅពេល​នេះ គឺ​រៀបចំឡើង​ក្នុង​គោលបំណង​ពិភាក្សា​លើ​ការងារ​លុបបំបាត់​ជំងឺគ្រុនចាញ់​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​បាន​ផ្ដោតទៅលើ​ចំណុច​សំខាន់ៗ​ជាច្រើន ដើម្បី​ធ្វើយ៉ាងណា ឱ្យ​សម្រេច​បាន​គោលដៅ​គ្មាន​ជំងឺ​គ្រុនចាញ់ (Zero malarie ) ក្នុង​ឆ្នាំ​ ២០២៥​។

ក្នុងនោះ ក្រសួង​សុខាភិបាល​បាន​ឱ្យដឹងថា កម្ពុជា​ត្រូវធ្វើ​យ៉ាងណា​បន្ត​យកចិត្តទុកដាក់​កាត់បន្ថយ​ជំងឺ​គ្រុនចាញ់​ទាំង​ប្រភេទ​ហ្វាល់ស៊ីប៉ារ៉ូម និង​ប្រភេទ​វីវ៉ាក់ ដែល​ជាក់ស្តែង​បាន​កត់សម្គាល់​ឃើញថា ចំនួន​ករណី​អត្រា​ឈឺ​ជំងឺគ្រុនចាញ់​បាន​បង្ហាញថា មាន​ការបន្ថយ​រហូត​ដល់ ៩៧,៥% ចាប់ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​ ២០២១​។

ចំពោះ​ជំហាន​ចុងក្រោយ​នៃ​ការលុបបំបាត់​ជំងឺគ្រុនចាញ់ គឺជា​ដំណាក់កាល​ដ៏សំខាន់បំផុត​នៅក្នុង​ការសម្រេចបាន​នូវ​គោលដៅ​លុបបំបាត់​ជំងឺ​គ្រុនចាញ់​នា​ឆ្នាំ​ ២០២៥ និង​ការរក្សា​និរន្តរភាព​កុំឱ្យ​មានការ​កកើតឡើង​វិញ​នូវ​ជំងឺគ្រុនចាញ់​នៅតាម​តំបន់​គ្រុនចាញ់​ដែលមាន​មុនពេល​អនុវត្ត​កម្មវិធី​លុបបំបាត់​ជំងឺគ្រុនចាញ់​ផង​។

ក្រសួង​បាន​បញ្ជាក់ថា​៖ «​បន្ត​កាត់បន្ថយ​តំបន់​ឆ្លង​ជំងឺគ្រុនចាញ់​នៅក្នុង​ប្រទេស​៖ ដោយ​កាត់បន្ថយ​ករណី​ឆ្លង និង​ករណី​ឈឺ​ជំងឺគ្រុនចាញ់​រហូតដល់​មានការ​រាយការណ៍​ថា គ្មាន​ករណី​ឈឺ​ជំងឺគ្រុនចាញ់ (Zero case) តាមរយៈ​ការពង្រឹង​ការងារ​នេះ​នៅតាម​មូលដ្ឋាន​នៃ​តំបន់​ដែលមាន​ជំងឺ​គ្រុនចាញ់​បន្ថែមទៀត និង​ប្រើប្រាស់​ប្រព័ន្ធ​តាមដាន​ឃ្លាំមើល (MIS) ដែល​ជួយ​សម្រួល​ដល់​ការងារ ប្រមូល និង​បញ្ចូល​ទិន្នន័យ​ឱ្យបាន​ទាន់ពេលវេលា​»​។

តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីតសាស្ត្រ និង​បាណក​សាស្ត្រ​កាលពី​ថ្ងៃទី​ ២២ ​កុម្ភៈ​បាន​ឱ្យដឹងថា ជំងឺ​គ្រុនចាញ់​ក្នុង​ឆ្នាំ​ ២០២១ មាន​ចំនួន ៤ ២៧៩ ​ករណី (​អត្រា​អាំង​ស៊ី​ដង់ ០,២៦/១ ០០០​ ប្រជាជន​) គឺមាន​ការថយចុះ ៥៤​ ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​ ២០២០ ។

របាយការណ៍​ដដែល​បានឱ្យដឹង​បន្តថា ក្នុងនោះ​ប្រភេទ​ជំងឺគ្រុនចាញ់​ហ្វាល់ស៊ីប៉ារ៉ូម (​ទម្រង់​សន្ធំ​) និង​ចម្រុះ ឆ្នាំ ​២០២១ មាន ៣២០ ​ករណី ដែលជា​ចំនួន​កាត់បន្ថយ​យ៉ាងគំហុក ៦៦ ​ភាគរយ បើ​ប្រៀប​នឹង​ឆ្នាំ​ ២០២០ បានន័យថា ឆ្នាំ​ ២០២១ គឺ​អត្រា​អាំងស៊ីដង់​ប្រភេទ​ហ្វាល់ស៊ីប៉ារ៉ូម​តិចជាង ១ មាន ១០០ ​ភាគរយ​ស្រុក​ប្រតិបត្តិ​។

តាម​របាយការណ៍​ដដែល​នេះ ក៏បាន​បង្ហាញថា អត្រា​អាំងស៊ីដង់​ជំងឺ​គ្រុនចាញ់​គ្រប់​ប្រភេទ​ក្នុងចំណោម​ប្រជាជន ១ ០០០​ នាក់ តិចជាង ​១ មាន ៩១ ភាគរយ​ស្រុក​ប្រតិបត្តិ និង​អត្រា​អាំងស៊ីដង់​ជំងឺ​ធំ​ជាង ឬ​ស្មើ​ ១ នៅសល់តែ ៩​ ស្រុក​ប្រតិបត្តិ ដែល​ថយចុះ​ពី​ឆ្នាំ ២០២០ មាន ១១ ​ស្រុក​ប្រតិបត្តិ និង​ឆ្នាំ​ ២០១៩ មាន​ ២៥ ​ស្រុក​ប្រតិបត្តិ​៕