ភ្នំពេញៈ នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍សែនជ័យ​នឹង​បញ្ជូន​ជនសង្ស័យ​ជា​ចោរឆក់​កាបូប​ម្នាក់ ក្នុង​ចំណោម ​៤ ​នាក់​ទៅ​តុលាការ​នៅ​ថ្ងៃទី​ ៣ ​មីនា បន្ទាប់ពី​ចាប់ខ្លួនបាន​ ១ ​ថ្ងៃ ដែល​ធ្វើឱ្យ​ស្ត្រី​ម្នាក់​ដួល​បោកក្បាល​ស្លាប់​កាលពី​ថ្ងៃទី​ ១៩ ខែមករា ឆ្នាំ​ ២០២២ ប្រព្រឹត្ត​នៅ​ម្តុំ​ផ្សារសេនជូរី ផ្លាហ្សា ក្នុង​ភូមិសាស្ត្រ សង្កាត់​កាកាប​ទី​ ១ ខណ្ឌ​ពោធិ៍សែន ។

លោក​ ជា សុវណ្ណ អធិការរង​ទទួល​ផែនការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍សែនជ័យ​ឱ្យដឹង​នៅ​ថ្ងៃទី​ ២ ​មីនា​ថា ជនសង្ស័យ​ឈ្មោះ ប៉ា សុវណ្ណរ៉ា ភេទ​ប្រុស អាយុ ១៩ ​ឆ្នាំ​។ ជននេះ​គ្មាន​មុខរបរ​ពិតប្រាកដ​ទេ និង​រស់នៅ​ភូមិ​ព្រៃ​ជីសាក់ សង្កាត់​ចោមចៅ​ទី​ ៣ ខណ្ឌ​ពោធិ៍សែនជ័យ​។

លោក​ថ្លែងថា​៖ « ពេលធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ត្រី​រងគ្រោះ គឺ​ក្រុមចោរ​មាន​បក្ខពួក​ ៤ ​នាក់ តែ​អ្នក​ឆក់​ធ្វើឱ្យ​ស្ត្រី​រងគ្រោះ​ដួល​ស្លាប់ គឺ​ជនសង្ស័យ​ម្នាក់​នេះឯង​។ យើង​នៅ​ស្រាវជ្រាវ​ចាប់ខ្លួន​បក្ខពួក​របស់​ជនសង្ស័យ​ម្នាក់ទៀត​»​។

កាលពី​ថ្ងៃ​ដែល​ស្ត្រី​រងគ្រោះ​ស្លាប់​ត្រូវបាន​លោក សៅ សារិន ប្រធានភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី ​៣ បាន​និយាយប្រាប់​តាម​សម្តី​សាច់ញាតិ​ស្ត្រី​រងគ្រោះ​ថា កាលពី​ព្រឹក​ថ្ងៃទី​ ១៥ ​មករា ឆ្នាំ​ ២០២២ មុន​កើតហេតុ ស្ត្រី​រងគ្រោះ​ឈ្មោះ អ៊ុក កាន់និកា អាយុ ៤១ ​ឆ្នាំ បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពីផ្ទះ​នៅ​ភូមិ​ត្រពាំងពោធិ៍ សង្កាត់​ចោមចៅ​ទី​ ៣ បំណង​ទៅ​ផ្សារ​សេនជូរី ផ្លាហ្សា​ដើម្បី​ទិញ​អីវ៉ាន់​។

លុះ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ដល់​ចំណុច​កើតហេតុ​លើ​មហាវិថី​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​កាកាប​ទី​ ១ ខណ្ឌ​ពោធិ៍សែនជ័យ​ស្រាប់​តែមាន​ក្រុមចោរ​ ១ ក្រុម​បាន​ជិះ​ម៉ូតូ​មក​ឆក់​កាបូប​លុយ​បណ្តាល​ឱ្យ​ស្ត្រីរងគ្រោះ​ដួល​បោក​ក្បាល ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ (​មន្ទីរពេទ្យ​លោកសង្ឃ​)​។ ក្រោយពី​សម្រាក​នៅ​មន្ទីរពេទ្យ​បាន​ ៤ ​ថ្ងៃ រហូតដល់​ថ្ងៃទី​ ១៩ មករា ស្ត្រី​រងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​។

គ្រូពេទ្យ​ប្រាប់ថា ស្ត្រី​រងគ្រោះ​របួស​ផុង​លលាដ៍ក្បាល​។ ស្ត្រី​រងគ្រោះ​ឈ្មោះ អ៊ុក កាន់និកា មានកូន​ស្រី​ម្នាក់​អាយុ ២០ ​ឆ្នាំ និង​កូនប្រុស​ម្នាក់ទៀត​អាយុ​ ១៧​ ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំងពោធិ៍ សង្កាត់ ចោមចៅ​ទី​ ៣ និង​បាន​បាត់​លុយ​ជាង​ ១ ​ពាន់​ដុល្លារ​៕