ភ្នំពេញៈ អាជ្ញា​ធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​បាន​ចុះ​​រុះរើ​ និង​កាត់​ចោល​ផ្លាក​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ជា​ច្រើន​កន្លែង​ដែល​គ្មាន​ច្បាប់​អនុ​ញ្ញាត​នៅ​តាម​បណ្ដោយ​ផ្លូវ​ចោម​ចៅ ​បន្ទាប់​ពី​អាជ្ញា​ធរ​ បាន​ជូន​ដំណឹង​ឲ្យ​ធ្វើ​ការ​រុះរើ​ខ្លួន​ឯង ប៉ុន្តែ​មិន​ចូល​រួម​សហ​ការ​។​​

ការ​ចុះ​រុះ​រើ​ង​ និង​កាត់​ចោល​ផ្លាក​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ជា​ច្រើន​កន្លែង​ដែល​គ្មាន​ច្បាប់​អនុ​ញ្ញាត​នេះ​ ត្រូវ​បា​ន​ធ្វើ​ឡើង​ចាប់​តាំង​ពី​ថ្ងៃ​ទី ២ ​រហូត​ដល់​ថ្ងៃទី​ ៣​ មីនា​នេះ​ តាម​ការ​បញ្ជារ​ដោយ​ផ្ទាល់​ពី​លោក​ហែម ដា​រិ​ទ្ធិ ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

លោក​ ប៉ាង​ លីដា​ អភិ​បាល​រង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដែល​បាន​ដឹក​នាំ​កម្លាំង​សន្តិ​សុខ​ ចុះ​រៀប​ចំ​សណ្តាប់​ធ្នាប​របៀ​ប​រៀប​រយ​សា​ធារណៈ​នេះ ​បាន​ឲ្យ​ដឹង​ថា ​ការ​រុះរើ ​និង​កាត់​ស្លាក​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ដែល​គ្មាន​ច្បាប់​អនុ​ញ្ញាត​នេះ​ គឺ​ធ្វើ​ឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​ចោម​ចៅ​(​ផ្លូវ​វេ​ង​ស្រេង​) ​ចាប់​ពី​ស្ដុ​ប​អង្គ​តា​ម៉ិ​ញ​ រហូត​ដល់​ស្ពាន​អាកាស​ចោម​ចៅ​ស្ថិត​នៅ​ក្នុង​សង្កា​ចោម​ចៅ​ទី​២​។​​

លោក​ បាន​អះអាង​ថា​ ការ​ចុះ​អនុវត្ត​ការងារ​នេះ​ ក្រោយ​ពី​អាជ្ញា​ធរ​ខណ្ឌ ​បាន​ជូន​ដំណឹង​ទៅ​កាន់​ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្តា​យ​ផ្លូវ​នេះ ឲ្យ​ធ្វើ​ការរុះ​រើ​ចេញ​ដោយ​ខ្លួន​ឯង​ ប៉ុន្តែ​ពួក​គេ​ មិន​ស្តាប់​តាម​ការ​ណែ​នាំ​របស់​អាជ្ញា​ធរ​។​​

លោក​ បាន​បញ្ជាក់​ថា​​៖​​ «​​មហិ​ច្ឆ​តា​យើង​ខ្ញុំ​ ច​ង់​បាន​សណ្ដាប់​ធ្នាប់​​ល្អ​អនា​ម័យ​ស្អាត​ និង​សន្ដិ​សុខ​ល្អ​ នៅ​ក្នុង​មូល​ដ្ឋាន​។​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​០៣​នេះ​ ក្រុម​ការ​ងារ​រដ្ឋ​បាល​ខណ្ឌ​​PSC​ បាន​បន្ត​ចុះ​រៀប​ចំ​សណ្ដាប់​ធ្នាប់​ និង​កាត់​ស្លាក​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ដែល​គ្មាន​ច្បាប់​អនុ​ញ្ញាត​តាម​ផ្លូវ​ចោម​ចៅ ​ពី​ស្ដុ​ប​អង្គ​តា​ម៉ិ​ញ​ រហូត​ដល់​ស្ពាន​អាកាស​ចោម​ចៅ​(​នៅ​ជោ​ត​ស្ពាន​អាកាស​ចោម​ចៅ​)»​​។​​​

ជា​មួយ​នឹង​វិធាន​ការ​នេះ​ លោក​ ប៉ាង​ លីដា​ក៏​បាន​ដាក់​ផែន​ការ​ឲ្យ​អាជ្ញា​ធរ​សង្កាត់​រួម​សហ​ការ​ជា​មួយ​កម្លាំង​សណ្ដាប់​ធ្នាប់​ខណ្ឌ​ និង​មន្ត្រី​សាលា​ខណ្ឌ ​ត្រូវ​អនុវត្ត​ជា​ប្រចាំ​ទៅ​លើ​ការ​ងារ​សន្តិ​សុខ សណ្តាប់​ធ្នាប់​ សាធារ​ណៈ និ​ង​បរិស្ថាន​អនា​ម័យ ​អោយ​ដូច​ភ្លៀង​រលឹម ខណៈ​លោក​ចាត់​ទុក​ថា​ ទីក្រុង​ស្អាត​សណ្តាប់​ធ្នាប់​ល្អ​ បរិស្ថាន​អនា​ម័យ​ល្អ​ គឺ​ផ្តើម​ចេញ​ពី​យើង​ទាំង​អស់​គ្នា​​។​​

លោក​បាន​បញ្ជាក់​ថា​​៖​«​ឱ​លោក​ម្ចាស់​ផ្ទះ​អើយ​ គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ផ្លាក​សញ្ញា​ចរា​ចរណ៍ ​និង​ចិញ្ចើម​ផ្លូវ​ ក៏​មិន​ជួយ​ថែរ​ក្សា​ដែរ​។​ សូម​អរគុណ​ដល់​ក្រុម​ការ​ងារ ​និង​ប្រជា​ពលរដ្ឋ​ទាំង​អស់​ដែល​បាន​ចូល​រួម​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​មូល​ដ្ឋាន និង​បាន​ចូល​រួម​​រៀប​ចំ​សណ្ដាប់​ធ្នាប់​ អនា​ម័យ ​ជា​មួយ​អាជ្ញា​ធរ​បាន​ល្អ​ប្រសើរ​»​។​

កាល​ពី​ថ្មីៗ​នេះ​ អាជ្ញា​ធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ប្រកាស​ផ្សព្វ​ផ្សាយ​សេច​ក្តី​ជូន​ដំណឹង​ដល់​បង​ប្អូន​ដែល​ប្រកប​អាជីវ​កម្ម​ផ្សេងៗ​​តាម​គោល​ដៅ​ខាង​លើ​ត្រូវ​លក់​មាន​របៀប​រាប​រយ​តាម​ដែល​រដ្ឋ​បាល​ខណ្ឌ​បាន​កំណត់​ជូន​ដោយ​ទុក​ចិញ្ចើម​ផ្លូវ ​សំរាប់​ថ្មើរ​ជើង​ និង​រក្សារ​អនា​ម័យ​បរិស្ថាន​ឲ្យ​បាន​ស្អាត​។​​

លោក​ មុត​ ទៀ​ទិ​សេង​ ជា​ពលរដ្ឋ​ម្នាក់​ រស់​នៅ​តាម​បណ្តា​យ​ផ្លូវ​វេ​ង​ស្រេង ​ក្នុង​សង្កាត់​ចម​ចៅ ​បាន​សាទរ​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញា​ធ​រ​ខណ្ឌ​ ដោយ​បាន​លើក​ឡើង​ថា​ វិធាន​ការ​របស់​អាជ្ញា​ធរ​ នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​កក​ស្ទះ ​និង​ការ​រំលោភ​បំពាន​របស់​ពលរដ្ឋ​ លើ​ផ្លូវ​សាធា​រ​ណៈ​។​​

ជា​មួយ​គ្នា​នេះ​ លោក​ ក៏​ជំរុញ​ឲ្យ​អាជ្ញា​ធរ​ចុះ​អនុវត្ត​ឲ្យ​បាន​ម៉ឺង​មាត់ និង​ជា​ប្រចាំ​ចំពោះ​ការ​លើក​ផ្លាក​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ដែល​គ្មាន​ច្បាប់​អនុ​ញ្ញាត ​និង​រំលោភ​លើ​ផ្លូវ​សាធារ​ណៈ​នេះ​ ឲ្យ​បាន​ទៀត​ទាត់​ផង​ដែរ ​ខណៈ​លោក ​បារម្ភ​ថា​ បញ្ហា​នេះ ​នឹង​មិន​ត្រូវ​បាន​ដោះ​ស្រាយ​បាន​ទេ​ បើ​មិន​មាន​វិធាន​ការ​ម៉ឺន​មាត់​។​​

លោក​បាន​រៀប​រាប់​ថា​​៖​ «​​ការ​ចុះ​រៀប​ចំ​នេះ ​គឺ​ល្អ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ ព្រោះ​​ផ្លូវ​មាន​ភាព​ធំ​ទូលាយ​ ហើយ​បើ​បាន​ពួក​គាត់​ ចុះ​អនុ​វត្ត​ជា​ប្រចាំ​ នឹង​ធ្វើ​ឲ្យ​ការ​កក់​ស្ទះ ​ឬ​ការ​រំលោភ​បំពាន​នានា​នឹង​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​។​ បើ​មិន​ចឹ​ង​​ទេ​ បញ្ហា​នេះ​ គឺ​នៅ​តែ​បន្ត ហើយ​កើត​មាន​ឡើង​វិញ ​នៅ​ពេល​អាជ្ញា​ធរ​មិន​បាន​ចុះ​អនុ​វត្ត​»​៕

​​​