
សកម្មភាពនៃការជួបជុំគណបក្សភ្លើងទៀន។ រូបថត គណបក្សភ្លើងទៀន
ភ្នំពេញៈ គណបក្សភ្លើងទៀនអំពាវនាវ ដល់រាជរដ្ឋាភិបាលស្រាវជ្រាវរកជនខិលខូចដែលបានបំផ្លិចបំផ្លាញស្លាកគណបក្ស និងគំរាមកំហែងសកម្មជន យកមកផ្តន្ទាទោសតាមច្បាប់ និង ចាត់វិធានការយ៉ាងម៉ឺងមាត់ និងមានប្រសិទ្ធភាពបំផុត ដើម្បីធានាដល់ដំណើរការបោះ ឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី ៥ ខែមិថុនា ឱ្យប្រព្រឹត្តទៅដោយមិនមានអំពើហិង្សា មិនមានការគំរាម កំហែង ការបំភិតបំភ័យ និងមិនមានការទិញដូរ។
យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនចេញផ្សាយកាលពីថ្ងៃទី២ ខែមីនា បានឱ្យដឹងថា ថ្មីៗនេះ ទោះបីជាមានបទបញ្ជាដោយផ្ទាល់មាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសេចក្ដីណែ នាំជាលាយលក្ខណ៍អក្សររបស់ក្រសួងមហាផ្ទៃ ក្នុងការបង្កើតឲ្យមានបរិយាកាសនយោបាយល្អប្រសើរមុន ការបោះឆ្នោតឃុំ-សង្កាត់ខាងមុខនេះក្តី ក៏ប៉ុន្តែមានអាជ្ញាធរមួយចំនួននៅតាមបណ្តាខេត្តខ្លះ នៅតែបន្តប្រើប្រាស់តួនាទីរបស់ខ្លួនក្នុងការសម្លុតគំរាមកំហែង បំភិតបំភ័យ និងអូសទាញ សកម្មជន គណបក្សភ្លើងទៀន ឲ្យចុះចូលជាមួយនឹង គណបក្សប្រជាជនកម្ពុជា ឬមិនឲ្យធ្វើសកម្មភាព ដោយបានប្រើប្រាស់រូបភាពផ្សេងៗ។
សេចក្តីថ្លែងការណ៍នេះសរសេរបន្តថា៖ « ជាមួយគ្នានេះ មានការរារាំងមិនឲ្យលើកស្លាក និងការលួចកាប់បំផ្លាញស្លាកគណបក្សភ្លើងទៀន និងប្រើអំពើហិង្សាលើសកម្មជនរបស់គណបក្ស ដោយជនមិនស្គាល់មុខនៅតែបន្តកើតមាន»។
លោក ថាច់ សេដ្ឋា អ្នកនាំពាក្យគណបក្សភ្លើងទៀនប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣ ខែកុម្ភៈនេះថា ករណីកាប់ស្លាកគណបក្សភ្លើងទៀនេះ មាននៅក្នុងខេត្តសៀមរាប ខេត្តណ្តាល និងខេត្តកំពង់ចាម ។ ដោយឡែកចំពោះករណីរារាំងមិនឱ្យលើកស្លាកគណបក្ស បានកើតឡើងនៅក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម កណ្តាល និងប៉ៃលិន ។ ករណីរារាំងមិនឱ្យលើកស្លាកនេះ សមាជិកគណបក្សភ្លើងទៀនបានខិតខំតតាំងជាមួយអាជ្ញាធរយ៉ាងខ្លាំងក្លាផងដែរគឺនៅខេត្តបន្ទាយមានជ័យ កំពត ពោធិ៍សាត់ កណ្តាល និងកំពង់ស្ពឺ។
លោកថ្លែងថា៖ «ពួកគេ (អាជ្ញាធរមូលដ្ឋាន) បានរារាំង មិនឱ្យលើកស្លាកហ្នឹង គេថា ឱ្យលើកចម្ងាយប៉ុណ្ណេះ ពីផ្លូវ និងថាចេះ ថា អីចោះក្នុងន័យមិនចង់ឱ្យលើក ប៉ុន្តែ ករណីរារាំងមិនឱ្យលើកស្លាកនេះធ្ងន់ធ្ងរជាងគេ គឺនៅខាងខេត្តប៉ៃលិន ។ យ៉ាងណា ឥឡូវហាក់មានភាពស្ងប់ស្ងាត់ក្រោយពីមានសេចក្តីណែនាំពីក្រសួងមហាផ្ទៃ និង បទបញ្ជាពីនាយករដ្ឋមន្ត្រី»។
បើតាម លោក ថាច់ សេដ្ឋា ករណីដែលធ្ងន់ធ្ងរនោះ គឺអាជ្ញាធរសម្លុត មិនឱ្យគណបក្សរៀបចំរចនាសម្ព័ន្ធបេក្ខជនឈរឈ្មោះបោះឆ្នោតបានទេ ព្រោះអាជ្ញាធរខ្លះ បានស្នើសុំបញ្ជីបេក្ខជន ដែលគណបក្សបានរៀបចំ បានធ្វើឱ្យបេក្ខជនឈរប្រកួតប្រជែងមានការភ័យខ្លាច។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទង លោក ខៀង សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃសុំធ្វើអត្ថាធិប្បាយបានទេ នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២ នេះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣ កុម្ភៈនេះថា រាជរដ្ឋាភិបាលបានបើកសិទ្ធិឱ្យគ្រប់គណបក្សនយោបាយដាក់ពាក្យប្តឹង បើក្នុងការណីមានការបំផ្លិចបំផ្លាញស្លាកគណបក្ស និងគំរាមកំហែងសកម្មជនណាមួយ ប៉ុន្តែបើសិនជាមន្ត្រីគណបក្សនោះ ចេះតែស្រែក និងមិនមានភស្តុតាង អាជ្ញាធរទៅធ្វើយ៉ាងម៉េចនឹងកើតទៅ។
លោកថ្លែងថា ៖ «អាមានក៏ស្រែក អាអត់មានក៏នៅតែស្រែក អីចឹង យកជាការមិនបានទេ។ ឧទាហរណ៍ គាត់ចេះតែស្រែកថា មន្ត្រីយកម៉ោងរដ្ឋ យកសម្ភារៈរដ្ឋ ចុះបើចាប់ឱ្យបាន និងមានភស្តុតាងមក គេមានវិធានការហើយ ចុះបើចេះស្រែកអីចឹង វាបានការអី។ ប៉ុន្តែ បើមានករណីដកស្លាក ឬបំផ្លាញស្លាកគណបក្ស ប្តឹងមនុស្សនោះ និងរកសាក្សីមក គេឱ្យធ្វើតើ មានទូរស័ព្ទក្នុងដៃតើ ថតយកមក»។
លោក សុខ ឥសាន បញ្ជាក់ទៀតថា ក្នុងករណី មន្ត្រីគណបក្សនយោបាយចុះទៅរៀបចំរចនាសម្ព័ន្ធគណបក្សនៅថ្នាក់ឃុំសង្កាត់ ត្រូវតែមានកិច្ចសហការជាមួយនឹងអាជ្ញាធរនៅថ្នាក់ក្រោមនោះ បើទោះបីណបក្សនយោបាយនោះបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃរួចហើយក៏ដោយ ។ គណបក្សនយោបាយនីមួយៗ ត្រូវចាត់ទុកអាជ្ញាធរ ជាម្ចាស់ផ្ទះ និងមានកិច្ចការល្អ ប៉ុន្តែបើចុះទៅមិនមានការជូនដំណឹងទេ នឹងនាំឱ្យមានភាពច្របូកច្របល់នៅក្នុងមូលដ្ឋាន។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២ បានសេរសេរលិខិត បានស្នើឱ្យអភិបាល នៃគណៈអភិបាលរាជធានី ខេត្តនៅទូទាំងប្រទេស បង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយ ដែលបានចុះឈ្មោះក្នុងបញ្ជីនៅ ក្រសួងមហាផ្ទៃ ធ្វើសកម្មភាព ដើម្បីធ្វើយ៉ាងណាឱ្យមានលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី ថ្ងៃទី១៦ ខែកុម្ភៈ ក៏បានអំពាវនាវដល់គ្រប់អាជ្ញាធរនៅមូលដ្ឋានទាំងអស់នៃរាជធានី ខេត្តត្រូវធានាសេរីភាពនៃការជួបជុំសម្រាប់គណបក្សនយោបាយនានា ដែលចុះបញ្ជីដោយស្របច្បាប់ទទួលស្គាល់ដោយក្រសួងមហាផ្ទៃមានឱកាសដើម្បីធ្វើសកម្មភាព ទោះបីយុទ្ធនាការបោះឆ្នោតមិនទាន់មកដល់ ក៏ប៉ុន្តែគណបក្សនយោបាយនានា ត្រូវការឱកាសជួបជុំសមាជិករបស់ពួកគេ និងមានលទ្ធភាពដើម្បីសុំការអនុញ្ញាតដើម្បីលើកស្លាកគណបក្ស។
លោកនាយករដ្ឋមន្ត្រីបន្តថា ចំណែកគណបក្សនានាក៏ត្រូវតែគោរពនូវបែបបទដែលមានចែងនៅក្នុងច្បាប់ជាធរមាន និងបទបញ្ជារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ការធ្វើបែបនេះគឺវាអាចដំណើរទៅមុខនៅក្នុងការបើកលំហរប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាព្រោះគណបក្សថ្មីៗជាច្រើនត្រូវបង្កើត ហើយគណបក្សខ្លះក៏កំពុងត្រៀមរៀបចំដើម្បីបង្កើតសម្ព័ន្ធភាពបក្ស៕