ភ្នំពេញៈ ​លោក ឯក ថា អតីត​អ្នកសារព័ត៌មាន​ជើងចាស់ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បានទទួល​មរណភាព​ក្នុង​វ័យ ៥១ ឆ្នាំ ដោយសារ​ជំងឺគាំងបេះដូង និង​បាន​បន្សល់ទុក​ស្នាដៃ​ជាច្រើន​ពាក់ព័ន្ធ​ការនិពន្ធ​សៀវភៅ​។​

ក្រុមគ្រួសារ​របស់លោក ឯក ថា បានឱ្យដឹងថា លោក​បានទទួល​មរណភាព កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៣ ខែមីនា ឆ្នាំ​២០២២​នេះ ដោយ​ជំងឺ​គាំងបេះដូង ខណៈ​ពិធី​បុណ្យសព​រៀបចំ​នៅ​ស្រុកកំណើត ស្ថិតនៅ​ភ្នំ​ដិ​ន ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ខេត្តតាកែវ​។​

កញ្ញា ឯក អប្សរា អាយុ​២២​ឆ្នាំ ត្រូវជា​កូនស្រី​ច្បង​របស់លោក ឯក ថា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​អាកា​រៈ​របស់លោក​ឪពុក​ថា ៖«​គាត់​មាន​អាយុ ៥១​ឆ្នាំ មាន​ជំងឺ​បេះដូង​ថ្មីៗ​ដែរ ហើយ​យើង​តាមដាន​អាកា​រៈ​ជាប្រចាំ​គឺ​មិន​ធ្ងន់ធ្ងរ​នោះទេ ហើយ​នៅ​ថ្ងៃកើតហេតុ​នោះ​គាត់​សម្រាក​នៅផ្ទះ​ដោយ​អត់​ដឹងខ្លួន ពេលនោះ​ក្រុមគ្រួសារ​ក៏​ដឹក​គាត់​ទៅ​មន្ទីរពេទ្យ​ប៉ុន្តែ​ជួយសង្គ្រោះ​មិនទាន់​ទេ​»​។​

កញ្ញា​បន្តថា ដោយសារ​ហេតុការណ៍​នេះ​កើតឡើង​ដោយ​នឹកស្មាន​មិន​ដល់ ដូចនេះ​ឪពុក​របស់ខ្លួន​ពុំបាន​ផ្តាំផ្ញើ​អ្វី​ឡើយ​។​

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក ផៃ ស៊ី​ផាន បាន​ថ្លែងថា មរណភាព​នេះ​គឺជា​ការបាត់បង​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា​ទាំងមូល មិន​ត្រឹមតែ​ធនធាន​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ប៉ុណ្ណោះ​ទេ​។

លោក​ថា​៖«​អាស្រ័យ​ដោយ​ឯកឧត្តម ឯក ថា លោក​បាន​ចូលរួម​តាំងពី​សម័យ​អ៊ុនតាក់​មកម្ល៉េះ បន្ទាប់មក​លោក​ដែលជា​អ្នកសារព័ត៌មាន​ឱ្យ​ទីភ្នាក់ងារ​រ៉​យ​ទ័​រ ប្រចាំ​នៅ​ប្រទេស​កម្ពុជា បន្ទាប់មក​លោក​បាន​ចូលមក​អង្គភាព​ប្រតិកម្ម​រហ័ស បន្ទាប់មកទៀត​ចូលរួម​ជាមួយ​អង្គភាព អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ដែល​លោក​ជា​អនុប្រធាន​ប្រចាំ ដូច្នេះ​ជាការ​បាត់បង់​ដ៏​ធំធេង​មួយ​»​។​

លោក​ឱ្យដឹង​ដែរ​ថា លោក ឯក ថា ជា​បុគ្គល​ដែល​បទពិសោធន៍​ច្រើន​ទាំង​កិច្ចការងារ​ជាតិ អន្តរជាតិ និង​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ហើយ​លោក ក៏​ជា​បេក្ខភាព​កំពុង​ហ្វឹកហ្វឺន​ជា​បណ្ឌិត​នៅ​រាជបណ្ឌិតសភា​កម្ពុជា​ផងដែរ​។​

លោក​ថា​៖« ក្នុង​មួយ​ជី​វីត​របស់លោក​ឯក ថា បានទទួល​ការអប់រំ​ពី​ប្រទេស​អង់គ្លេស និង​បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដោយបាន​ដើរ​ចេញពី​សង្គម​ស៊ីវិល​ចូលរួម​ជាមួយ​រដ្ឋាភិបាល​»​។

​អ្នកសារព័ត៌មាន​ច្រើន​រូប​ដែល​ធ្លាប់​ស្គាល់ និង​ធ្លាប់​ទទួលបាន​បណ្តុះបណ្តាល​ពី​លោក ឯក ថា បាន​សម្តែង​ការ​ក្រៀមក្រំ និង​ចែករំលែក​ទុក្ខ​ចំពោះ​មរណភាព​នេះ​។

​មុនពេល​ចែក​ឋាន លោក ឯក ថា បានផ្តល់​បទសម្ភាសន៍​ដល់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ពាក់ព័ន្ធ​អាជីព​ជា​អ្នកសារព័ត៌មាន និង​ក្លាយជា​មន្ត្រី​រដ្ឋាភិបាល​។​

លោក​បានចាប់ផ្ដើម​ជា​អាជីព​អ្នកកាសែត​នៅ​ឆ្នាំ ១៩៩៤ រាប់បញ្ចូល​ទាំង​ជា​អ្នកឆ្លើយឆ្លង​សរសេរ​ព័ត៌មាន​ឱ្យ​ទីភ្នាក់ងារ​រ៉​យ​ទ័​របរ​ទេស ប្រចាំ​នៅ​ប្រទេស​កម្ពុ​ជាជាង ១០ ឆ្នាំ​។

​ស្រប​ពេលដែល​លោក​មានបទពិសោធន៍​សា​រ​ព័ត៌មាន​ផង និង​បម្រើ​ការងារ​ក្នុង​ជួយ​មន្ត្រី​រដ្ឋាភិបាល​ផង​នោះ លោក សរសេរ​សៀវភៅ​ចំនួន ៤ ក្បាល​ហើយ​។ សៀវភៅ​ទី ១៖ កត្តារួម​ចំណែក​ឱ្យមាន​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ពី​ទសវត្សរ៍ ៥០ ដល់ ៨០ ជាង មាន​ចំណងជើង​តូច​បន្ថែម​ពីក្រោម​ដាក់ថា មេរៀន​កាលពីមុន និង​ឥឡូវនេះ​។ សៀវភៅ​ទី ២៖ សៀវភៅ​ប្រលោមលោក​នយោបាយ​ដែលមាន​ចំណងជើង​ថា «​ប្រយុទ្ធ​សត្រូវ ប្រទះ​ស្នេហ៍​»​។ សៀវភៅ​ទី ៣៖ ប្រលោមលោក​នយោបាយ​ដែលមាន​ចំណងជើង​ថា «​ស្នេហ៍​វែង​អន្លាយ ជីវិត​ខ្លី​» និង​សៀវភៅ​ទី ៤ ជា​សៀវភៅ​មាន​ចំណងជើង​ថា «​អនុស្សាវរីយ៍ រឿងរ៉ាវ​នយោបាយ​, សង្គ្រាម​, និង​ស្នេហា​»​។​

ក្នុងអំឡុងពេល​រស់រៀន​មានជីវិត លោក ឯក ថា មាន​គម្រោង​និពន្ធ​សៀវភៅ​បន្ថែមទៀត ដោយ​គ្រោង​នឹង​សរសេរ​អំពី​កម្ពុ​ជាថ្មី​នៅក្នុង​បរិបទ​ថ្មី​នៃ​សកលភាវូបនីយកម្ម ផ្ដោត​ទាំង​នយោបាយ ការងារ​នយោបាយ​ផ្ទៃក្នុង​កម្ពុជា នយោបាយ​ការបរទេស​ក៏ដូចជា​តួនាទី​របស់​កម្ពុជា​នៅក្នុង​ឆាក​អន្តរជាតិ​៕