ភ្នំពេញៈ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នា​ព្រឹក​ថ្ងៃទី​ ០៣ ខែ មីនា ឆ្នាំ ​២០២២ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ត្រួតពិនិត្យ​លទ្ធផល​នៃ​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​កងរាជអាវុធហត្ថ​ប្រចាំខែ​កុម្ភៈ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​ប្រចាំ​ខែមីនា​។​

លោ​ក ស សំបូរ​ធន នាយសេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​នេះ បាន​សម្ដែង​ការ​កោត​ស​សើរ ដល់​កងកម្លាំង​កងរាជអាវុធហត្ថ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​យ៉ាងសកម្ម​ក្នុងការ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​។ ជាពិសេស ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ជា​សាកល​នេះ កម្លាំង​កងរាជអាវុធហត្ថ បាន​ចូលរួម​ធ្វើការ​ផ្សព្វផ្សាយ អប់រំ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ឱ្យ​គោរព​និង​អនុវត្ត​វិធានការ​សុខាភិបាល សេចក្តីសម្រេច និង​សេចក្តីណែនាំ​នានា​របស់​រាជ​រដ្ឋ​ភិ​បាល​។​

លោក​ថ្លែងថា​៖«​ក្នុងអំឡុង​ខែកុម្ភៈ​កន្លងទៅ​ទៅនេះ កងរាជអាវុធហត្ថ​យើង​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាប​បទល្មើស​នានា ពង្រឹង​ការអនុវត្ត​ច្បាប់ ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយហេតុ​ផ្សេងៗ​។ ជាពិសេស​បាន​ចូលរួម​ផ្សព្វផ្សាយ​អប់រំ​ពលរដ្ឋ​នៅតាម​មូលដ្ឋាន អំពី​ការអនុវត្ត​វិធានការ​សុខាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​១៩»​។​

បើតាម​លោក សំបូរ​ធន ក្រៅពី​ការពង្រឹង​ការអនុវត្ត​ច្បាប់ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​កង​រាជ​អាវុធហត្ថ​បាន​យកចិត្តទុកដាក់​បំពេញ​កិច្ចការងារ​កំណែទម្រង់​រដ្ឋបាល​អធិការកិច្ច​អប់រំ​បណ្តុះបណ្តាល ទំនាក់ទំនង​កិច្ចការ​សាធារណៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ... ការគ្រប់គ្រង​អចលនទ្រព្យ និង​ការគ្រប់គ្រង​ពិនិត្យ​ថែទាំ​សុខភាព​កងទ័ព​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ លោក​សំបូរ​ធន ក៏បាន​លើកឡើង​ពី​ផែនការ​ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ សម្រាប់​កិច្ចប្រជុំ​ចារកម្ម​យោធា​អាស៊ាន​លើក​ទី​១៩ កិច្ចប្រជុំ​អគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន​លើក​ទី​១៩ កិច្ចប្រជុំ​ប្រតិបត្តិការ​យោធា​អាស៊ាន​លើក​ទី​១២ ដែល​នឹង​ប្រព្រឹត្តទៅ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​ផងដែរ​។ ជាមួយគ្នានេះ លោក​បាន​ជំរុញ​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ ធ្វើការ​ហ្វឹកហ្វឺន​បង្កើន​សមត្ថភាព លើ​មុខជំនាញ​ឯកទេស ដើម្បី​បំពេញភារកិច្ច​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ និង គណៈប្រតិភូ​ការពារជាតិ​អាស៊ាន ដែល​នឹង​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នៃ​កិច្ចប្រជុំ​អគ្គបញ្ជាការ​កងទ័ព​អាស៊ាន​លើក​ទី​១៩ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដទៃទៀត ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នា​ឆ្នាំ​២០២២​នេះ​។​

ពាក់ព័ន្ធ​កិច្ចការងារ​នេះ លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​០៣ ខែមីនា​ថា​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ត្រៀមកម្លាំង​ប្រមាណ​ជាង​១០០០​នាក់ សម្រាប់​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់​ជូន​ថ្នាក់ដឹកនាំ និង គណៈប្រតិភូ​ការពារជាតិ​អាស៊ាន ដែល​នឹង​មក​ចូលរួម​កិច្ចប្រជុំ​អគ្គបញ្ជាការ​កងទ័ព​អាស៊ាន​លើក​ទី​១៩ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដទៃទៀត​នាពេល​ខាងមុខនេះ​។​

លោក​បាន​ថ្លែងថា​៖ «​នៅពេលនេះ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កំពុងបើក​វគ្គ​បំប៉ន​ផ្នែក​បើកបរ​ក្បួន​ហែរ​អម និង​ការពារ សន្តិសុខ សុវត្ថិភាព​ថ្នាក់ដឹកនាំ និង គណៈប្រតិភូ​យោធា​អាស៊ាន​ដល់​កងកម្លាំង​ពិសេស​ជាង​១០០​នាក់​។​ក្រៅពី​កម្លាំង​ពិសេស​ជាង​១០០​នាក់​នេះ យើង​ក៏បាន​ត្រៀមកម្លាំង​ជាង​១០០០​នាក់​ទៀត​សម្រាប់​ដាក់ពង្រាយ​នៅតាម​គោលដៅ​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​ជូន​ដល់​ថ្នាក់ដឹកនាំ និង គណៈប្រតិភូ​ការពារជាតិ​អាស៊ាន​ផងដែរ​»៕