ព្រៃវែងៈ​ អយ្យ​ការ​អម​សា​លា​ដំបូង​ខេត្ត​ព្រៃវែង ​កំពុង​សាក​សួរ​បុរស​ម្នាក់​នៅ​ថ្ងៃទី​៣​មីនា បន្ទាប់​ពី​សមត្ថ​កិច្ច​ចាប់​ខ្លួន​បាន ​១ ​ថ្ងៃ ករណី​ប៉ង​រំលោភ​សេព​សន្ថវៈ​ហើយ​ចាក់​ស្ត្រី​ម្នាក់​បណ្តាល​ឱ្យ​របួស​ធ្ងន់​កាល​ពី​ថ្ងៃទី ១ មីនា ឆ្នាំ ២០២២​ នៅ​ឃុំ ​ឫស្សី​ស្រុក​ ស្រុក​ពាម​ជរ​ ខេត្ត​ព្រៃ​វែង​។

លោក​ ចាន់ ​វណ្ណៈ​ អ្នក​នាំ​ពាក្យនៃ​អយ្យ​ការ​អម​សា​លា​ដំបូង​ខេត្ត​ព្រៃវែងប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៣ ​មីនាថា ករណី​ជន​សង្ស័យ​ឈ្មោះ ​បាន សារឿន​ ហៅ ង៉ូ​យ​ អាយុ​៤២​ឆ្នាំ កំពុង​ត្រូវបាន​តំណាង​អយ្យការ​អម​សា​លា​ដំបូង​ខេត្ត​ព្រៃ​វែង​សាក​សួរ​នៅ​ឡើយ​ទេ ​នៅ​រសៀល​ថ្ងៃទី​៣​មីនា​ ពាក់ព័ន្ធ​រឿង​ប៉ុន​ប៉ង​រំលោភ​សេពស​ន្ថវៈ​ហើយ​ចាក់​ស្ត្រី​រងគ្រោះ​​ម្នាក់​។

លោក​ថ្លែងថា៖«រឿង​នេះ​ខាង​នគរបាល​ទើប​​បញ្ជូន​ជន​សង្ស័យ​មកដល់​តុលាការ​នៅ​ម៉ោងជា​ង៣រសៀល​ថ្ងៃនេះ​ទេ(ថ្ងៃទី​៣​មីនា)។ អី​ច៊ឹ​ង​ពេល​នេះ​ខ្ញុំ​កំពុង​ចាប់​ផ្តើម​សួរ​គាត់​មិន​ទាន់​ចោទ​ប្រកាន់​ឬ​យ៉ាង​ណាទេ»។​

លោក ​អ៊ុក ផាត នាយ​ការិ​យាល័យ​ព្រហ្ម​ទណ្ឌនៃ​ស្ន​ងការដ្ឋាន​នគ​របាលខេត្តព្រៃវែង​ឱ្យដឹង​នៅ​ថ្ងៃទី៣ ​មីនា ថា នារី​រង​គ្រោះ​ឈ្មោះ ​វ. ស. ត​ អាយុ​៣០​ឆ្នាំ​ ត្រូវបាន​ជន​សង្ស័យ​ចាប់​រំលោភ​តែ​ត្រូវ​ស្ត្រី​រង​គ្រោះ​ស្រែក​ទើប​បណ្តាល​ឱ្យ​ជន​សង្ស័យ​ចាក់​នឹង​កូន​កាំបិត​ចុង​ស្រួច​ចាក់​ចំនួន​៤​កាំបិត ​ដោយ​ត្រូវ​ពោះ​១​កាំបិត​ ក្លៀក​ខាងឆ្វេង​១​កាំបិត ​ និង​កំភួន​ដៃ​១​កាំបិទ​។

លោក​បន្ត​ថា៖«ករណីនេះ​សមត្ថ​កិច្ច​របស់​យើង​បាន​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់​ហើយ។​យើង​កសាង​សំណុំ​រៀង​បញ្ជូន​ជន​សង្ស័យ​ទៅ​តុលា​ការ​ដើម្បី​ចាត់​ការ​ហើយ»​។

បើ​តាម​កំណត់​ហេតុ​របស់​នគរ​បាល​ជំនាញ​ព្រហ្ម​ទណ្ឌ​ខេត្ត​ព្រៃវែង​បង្ហាញ​ថាហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ប្រមាណ​ជា​ម៉ោង​៩​យប់​ថ្ងៃទី១​ ខែមីនា ឆ្នាំ​២០២២​ នៅ​លើផ្ទះ​របស់​នារី​រង​គ្រោះ​ស្ថិត​ក្នុង​ឃុំ​ឫស្សី​ស្រុក​ ស្រុក​ពាម​ជរ​ ខេត្ត​ព្រៃវែង។​ នារី​រងគ្រោះ​មាន​ប្តី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ​និង​កូនស្រី​ម្នាក់​អាយុ​៥​ឆ្នាំ ​រីឯស្ត្រី​រង​គ្រោះ​រស់​នៅ​ជាមួយ​កូន​ស្រី​ដែល​មាន​ម្តាយ​អាយុ​ជាង​៨០​ឆ្នាំ។​

កំណត់​ហេតុ​បង្ហាញ​បន្តថា នៅ​យប់​ថ្ងៃ​កើត​ហេតុ​នោះ​ ម្តាយ​ស្ត្រី​រង​គ្រោះ​បាន​ទៅ​ដេក​នៅផ្ទះ​បង​ប្អូន​ក្នុង​ភូមិ​កើត​ហេតុ​នោះ។ហេតុ​ដូច្នេះ​ហើយ​ជន​សង្ស័យ​ដែល​រស់នៅ​ក្បែរ​ខាង​ផ្ទះ​ស្ត្រី​រង​គ្រោះ​ដឹងថា​គ្មាន​មនុស្ស​នៅ​ច្រើន​ទើប​ឡើងទៅ​ធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​ស្ត្រី​រង​គ្រោះ ​តែ​ត្រូវ​បាន​ជន​រង​គ្រោះ​ស្រែកធ្វើឱ្យ​ជន​ល្មើស​ខ្លាច​បែក​ការ​ក៏​ចាក់​ជន​រង​គ្រោះ​តែ​ម្តង​ទៅ។​

កំណត់​ហេតុ​បង្ហាញ​ទៀត​ថា តាម​រយៈ​ការសួរ​ចម្លើយ​គឺ​ជន​សង្ស័យ​បាន​សារ​ភាព​ប្រាប់​សមត្ថ​កិច្ច​ថា​ គាត់​ពិតជា​មាន​បំណង​រំលោភ​ស្ត្រី​រង​គ្រោះ​មែន តែ​ចៃដន្យ​ជនរ​ងគ្រោះ​ស្រែក ​ទើប​ជន​ល្មើស​ដែល​មាន​កាំបិត​ដាក់​តាម​ខ្លួន​ស្រាប់​ចាក់​បំណង​សម្លាប់ ​ហើយ​ស្មានតែ​ជនរ​ងគ្រោះ​ស្លាប់​គាត់​ក៏​រត់គេច​ខ្លួន​ តែ​ក៏ត្រូវ​សម​ត្ថកិច្ច​ស្រាវ​ជ្រាវ​ចាប់​បាន​នៅ​ថ្ងៃទី​២​មីនា ​នៅក្នុង​ភូមិ​នៃ​ឃុំ​ ឫស្សី​ស្រុក ក្នុង​ស្រុក​ពាម​ជរ​៕