ភ្នំពេញៈ មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (ក.ប.ប) កំពុង​បន្ត​នីតិវីធី ត្រួតពិនិត្យ​នូវ​មុខទំនិញ​មួយចំនួន​បន្ថែមទៀត ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​ តាម​រថយន្តក្រុង​ចំនួន ៨ គ្រឿង បន្ទាប់ពី​រកឃើញ​មុខទំនិញ​មួយចំនួន មាន​ភាពមិនប្រក្រតី។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់ ក.ប.ប។

លោក ប៊ុន ចំរើន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន ក.ប.ប បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​រសៀល​ថ្ងៃទី ០៣ ខែមីនា​ថា មន្ត្រី​ស៊ើបអង្កេត នៃ​អគ្គនាយកដ្ឋាន ក.ប.ប កាលពី​រសៀល​ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២ បានកំណត់​មុខសញ្ញា និង​ស្ទាក់​ឃាត់​រថយន្តក្រុង​ចំនួន៨គ្រឿង ដែល​បាន​ដឹកទំនិញ​ចូល​ពី​ព្រំដែន​ប្រទេស​វៀតណាម នៅ​ចំណុច​ផ្លូវជាតិ​លេខ ១ ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

កិច្ចការ​នេះ ត្រូវបាន​ធ្វើឡើង​ ដោយមាន​កិច្ចសហការ​ពី​កងកម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ផងដែរ។

លោក​បាន​បញ្ជាក់ថា៖ «ក្រោយពី​ឃាត់​រថយន្តក្រុង​ទាំង ៨ គ្រឿង​នោះ ក្រុមការងារ​យើង​បាន​ឆែកឆេរ​រកឃើញ នូវ​បទល្មើស​ក្លែងបន្លំ មិនមាន​អនុលោមភាព​ លើ​លិខិតបទដ្ឋាន​គតិយុត្ត រំលោភ​កម្មសិទ្ធិបញ្ញា និង​មិនមាន​ឯកសារ​ពាក់ព័ន្ធ​នឹង​ការនាំ​ចូល លើ​ប្រភេទ​ទំនិញ​មួយចំនួន»។

លោក​បាន​បន្ថែមថា៖ «ទំនិញ​ទាំងនោះ​ភាគច្រើន​ មិនមាន​ហានិភ័យ​នោះទេ។ ប៉ុន្តែ​នៅពេលនេះ ក្រុមការងារ​របស់​យើង​កំពុង​បន្ត​ត្រួតពិនិត្យ​ទៅលើ​មុខទំនិញ​មួយចំនួន​បន្ថែមទៀត ដើម្បី​ធ្វើការ​ផាកពិន័យ ទៅតាម​នីតិវិធី​ច្បាប់»។

ទោះយ៉ាងណា​ក៏ដោយ លោក ប៊ុន ចំរើន មិនបាន​បញ្ជាក់​ឱ្យ​ដឹង​ពី​ប្រភេទ​នៃ​មុខទំនិញ និងសាមី​ជន ដែលជា​ម្ចាស់​ទំនិញ​ទាំង​នោះឡើយ ដោយ​​បញ្ជាក់​ថា កំពុង​ស្ថិតក្នុង​នីតិវិធី​នៃ​ការត្រួតពិនិត្យ​នៅឡើយ៕