ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​ក្រ​សួង​សុខាភិបាល​បាន​លើក​ឡើងថា វ៉ាក់សាំង​កូ​វីដ ១៩ ប្រភេទ ​Pfi​zer នឹងបញ្ជូន​ទៅ​តាម​មន្ទីរ​សុខាភិ​បាល​រាជធានី​ខេត្ត​ក្នុងពេល​ឆាប់ៗនេះបន្ទាប់ពី​ទូ​បង្កក​ត្រជាក់​សម្រាប់​រក្សា​វ៉ាក់​សាំង​កូ​វីដ១៩​ដែល​អាច​រក្សា​សីតុណ្ហ​ភាព -​៨០ អង្សារត្រូវ​បាន​ដំឡើង​រួចរា​ល់​សម្រាប់​រក្សា​វ៉ាក់​សាំង​ទាំង​នេះ​។

លោក​ស្រី ឱ វណ្ណឌី​ន រដ្ឋ​លេខា​ធិការ​នៃ​ក្រសួង​សុខាភិ​បាល​និង​ជា​ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំងកូ​វីដ១៩​ក្នុង​ក្រប​ខ័ណ្ឌ​ទាំង​ប្រទេស បាន​ថ្លែង​កាលពី​ថ្ងៃទី​២ ខែមីនា ថា អ្វីដែល​សំខាន់​នោះ​គឺ​ការ​ដំឡើង​ទូ​បង្កក​ត្រជាក់​នេះ​ដែល​ទាម​ទារ​ឱ្យមាន​អ្នក​បច្ចេក​ទេស​ត្រឹម​ត្រូវ​ដើម្បី​ពិនិត្យ​មើល​នូវ​ដំណើរ​ការ​នូវ​ទូនេះ​។

លោក​ស្រី​ មាន​ប្រសាសន៍​ថា​៖ «វា​មិន​មែន​មាន​ន័យ​ថា​ទូ​បង្កក​ទៅដល់​ហើយ វ៉ាក់សាំង​ក៏ត្រូវ​ទៅ​ដល់​ដែរ​ទេ​ដោយសារ​វាក់​សាំង​នេះ​ទាម​ទារ​នូវ​សីតុណ្ហ​ភាព​សម្រាប់​រក្សា​ទុក​ខុសពី​វ៉ាក់​សាំង​ផ្សេងៗ ហើយ​កន្លែង​រក្សា​ទូ​បង្កក​នេះ​ក៏​ត្រូវមាន​បរិស្ថាន បន្ទប់ ទីតាំង​សម​ស្រប​ទៅតាម​លក្ខណៈ​បច្ចេក​ទេស។ បើ​មិន​ដូច្នេះ​ទេ ទូ​ត្រជាក់​នេះ​ក៏​អត់​ដំណើរ​ការ​បាន​តាម​លក្ខ​ណៈ​បច្ចេក​ទេស​ដែរ»​។

លោក​ស្រីបានឱ្យដឹងថា​ ខាង​ជំនាញ​កំពុង​តែធ្វើ​ការ​ជា​មួយ​នឹង​មន្ទីរ​សុខាភិ​បាល​រាជ​ធានី​ខេត្ត​ទាំង២៥ដើម្បី​ដំឡើង​ទូ​ត្រជាក់​ទាំងនោះ​ទៅ​តាម​ទីតាំង​ដែល​បាន​កំណត់​ដោយ​រាជធានី​ខេត្ត​និង​ស្រុក​ប្រតិបត្តិហើយ​បន្ទាប់​មក

ក្រុ​មការងារ​និង​ធ្វើការ​តេស្ត​មើល​ថា​តើ​ទូ​នេះ​វា​ដំណើរ​ការ​សម​ស្រប​ហើយ​ឬ​នៅ​។

លោក​ស្រី ឱ វណ្ណឌី​ន បញ្ជាក់​ថា​៖ «ខ្ញុំ​គិត​ថា​មិន​យូរ​ទេ វ៉ាក់​សាំង​នេះ​នឹង​បញ្ជូន​ទៅតាម​បណ្តា​ខេត្ត​ក្នុង​ពេលឆាប់ៗ​នេះដើម្បី​ឱ្យ​បងប្អូ​ន​មាន​លទ្ធ​ភាព​នៅក្នុង​ការ​ប្រើប្រាស់​ដើម្បី​ចាក់​ជូន​ក្រុម​អាទិ​ភាព​នៅតាម​បណ្តា​រាជ​ធានី​ខេត្ត​របស់​យើង»​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃទី​២៨ ​ខែកុម្ភៈ​កន្លង​ទៅនេះ រាជរដ្ឋាភិ​បាល​កម្ពុជា បាន​ទទួល​ជំនួយ​ជា​ទូ​បង្កក​ត្រជាក់​ខ្លាំង​សម្រាប់​រក្សា​វ៉ា​ក់សាំង​កូ​វីដ១៩ ចំនួន​៣៣​គ្រឿង ទូទឹក​កក​រក្សា​វ៉ាក់​សាំង​ចំនួន​១០០​គ្រឿង និង​បរិក្ខារ​ប្រព័ន្ធ​ត្រជាក់​ដទៃ​មួយ​ចំនួន​ទៀត​ពី​រដ្ឋាភិ​បាល​ប្រទេស​អូស្ត្រាលីក្នុង​ការ​ធ្វើ​ឲ្យ​កម្ពុជា​បន្ត​ឈាន​មុខ​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ផ្ដល់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ១៩​ទៅ​ដល់​ប្រជា​ពលរដ្ឋ​។

បើតាម​ស្ថាន​ទូត​អូ​ស្ត្រាលី ទូ​បង្ក​ក​រក្សា​វ៉ាក់សាំង​សរុប​ចំនួន១៣៣​គ្រឿង​នេះគឺជា​ផ្នែក​មួយ​នៃ​កញ្ចប់​គាំទ្រ​ចំនួន ៣៥,៧​លាន​ដុល្លារ​អូស្ត្រាលីពី​រាជរដ្ឋាភិ​បាល​អូស្ត្រាលីដែល​កំពុង​ត្រូវ​បានផ្ដល់​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​យូ​នី​សេ​ហ្វ។ កញ្ចប់​គាំទ្រ​នេះ​រួមមាន​វ៉ាក់​សាំង​ប្រភេទ Pfizer ចំនួន២,៣៥​លាន​ដូ​ស ដែល​ត្រូវ​បាន​ផ្ដល់​មក​កម្ពុជា កាល​ពី​ខែធ្នូ​កន្លង​ទៅ​។

ទូ​បង្កក​ត្រជាក់​ខ្លាំងថ្មីៗ​ទាំងនេះ នឹង​ជួយ​ដល់​ការ​រ​ក្សាទុក​វ៉ាក់​សាំង​ប្រភេទ Pfizer-BioNTech បាន​រយៈ​ពេល​វែង នៅតាម​គ្រប់​រាជ​ធានី​ខេត្ត រួមទាំង​ខេត្ត​នៅ​ឆ្ងាយៗ​ផងដែរ។ ក្រុម​ការងារ​យូ​នី​សេ​ហ្វ នឹង​ជួយ​ដំឡើង​បរិក្ខារ​ទាំង​នេះ ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​អំពី​ការប្រើ​ប្រាស់ និង​ពិនិត្យ​តាមដាន​ផល​ប្រយោជន៍​នៃ​ការប្រើ​ប្រាស់។ បរិក្ខារ​ទាំង​នេះ​នឹង​បន្ត​ពង្រឹង​ប្រព័ន្ធ​ថែទាំ​សុខាភិ​បាល​ជាតិ​នាពេល​អនាគ​ត។

​រាជរដ្ឋា​ភិបាល​កម្ពុជា បាន​បើក​យុទ្ធនា​ការចាក់​វ៉ា​ក់សាំង​កូ​វីដ១៩ដូ​ស​ទី៤ដោយ​ប្រើ​វ៉ាក់សាំង​ប្រភេទ​Pfizer កាល​ពីដើម​ខែមករា ដែលជា​ជំនួយ​របស់​រដ្ឋាភិ​បាល​អូស្ត្រាលី ទៅដល់​ប្រជាព​លរដ្ឋ​ទូទាំ​ងប្រទេស​ដែល​ដល់​វេន​ត្រូវ​ចាក់ អាចមក​​ទទួលយ​ក​វ៉ាក់សាំង​នេះ​បាន​នៅ​រាជធានី​ភ្នំពេញ​តែមួយ​គត់។ការផ្តល់​តែ​ក្នុង​រាជ​ធានី​ភ្នំពេញ ដោយ​សារតែ​វ៉ាក់សាំង​នេះ​ត្រូវ​រក្សាទុក​ក្នុង​ទូ​បង្កក​ត្រជាក់​រហូត​ដល់-​៨០​អង្សា​រ។

លោកស្រី​ ឱ វណ្ណឌី​ន បានឱ្យ​ដឹងថា នៅក្នុង​បរិបទ​នៃ​ការឆ្លង​រាលដា​ល​វីរុស​កូ​វីដ១៩ ជាពិសេស​ពពួក​អូ​មី​ក្រុង​ដែល​តួលេខ​នៃ​ការឆ្លង​នៅមាន​រាប់​រយ​នៅឡើ​យ ដែល​រក​ឃើញ​តាមរយៈ​ការធ្វើ​តេស្ត​ម៉ាស៊ីន​ធំ​ឬ​PCR ហើយ​នឹង​មាន​ជាច្រើ​ន​ទៀត​តាមរ​យៈ​ការធ្វើ​តេស្ត​រហ័ស​និង​សម្រាក​ព្យាបា​ល​នៅ​តាម​ផ្ទះ​។

លោក​ស្រី​ថ្លែងថា៖«ជាមួយ​គ្នានេះ ខ្ញុំ​សុំ​អំពាវនាវ​​ដល់​អាជ្ញាធរ​មូ​លដ្ឋាន សុំ​បន្ត​ការយក​ចិត្តទុ​កដាក់​កៀងគរ​ប្រជាព​លរដ្ឋ​មកចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់ៗគ្នានិង​ត្រូវធ្វើ​ជំរឿន​តាម​គ្រួសា​រនីមួយៗឱ្យ​បាន​ច្បាស់​លាស់​ថា​តើ​អ្នកណា​បាន​ចាក់​ហើយ អ្នក​ណា​មិន​ទាន់​បាន​ចាក់ រួច​ប្រមូល​ពួក​គាត់​ដើម្បី​អញ្ជើញ​គ្រូពេទ្យ​ដើម្បី​យក​វ៉ាក់​សាំង​ចាក់​ជូន​ពួក​គាត់​រួម​គ្នា​តែ​ម្តង»​។

យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​សុខាភិ​បាល​បានឱ្យដឹង​ថា គិត​ត្រឹម​ថ្ងៃទី​២ ខែមីនា អ្នក​ដែល​ទទួល​បាន​ការចាក់​ដូ​ស​ទី១ មាន​ចំនួន​ជាង១៤​លាន​នាក់ ដូ​ស​ទី២ មាន​ចំនួន ជាង១៣លាន​នាក់ ដូ​ស​ទី៣ឬ​ដូ​ស​ជំរុញ​បាន​ចំនួន​ជាង​៧លា​ន​នាក់ និង​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៤ មាន​ចំនួន​ជិត១០ម៉ឺន​នាក់​ផងដែរ៕