The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោកស្រី មិថុនា ភូថង៖ ​ក្នុងនាម​ខ្ញុំ​ជា​អភិបាលខេត្ត ចំពោះ​​ពេលវេលា​បំពេញ​ការងារ​ខ្ញុំ​ត្រូវមាន​ការទទួល​ខុសត្រូវ​ខ្ពស់

លោកស្រី មិថុនា ភូថង៖ ​ក្នុងនាម​ខ្ញុំ​ជា​អភិបាលខេត្ត ចំពោះ​​ពេលវេលា​បំពេញ​ការងារ​ខ្ញុំ​ត្រូវមាន​ការទទួល​ខុសត្រូវ​ខ្ពស់

Content image - Phnom Penh Post
លោកស្រី មិថុនា ភូថង នៅក្នុង​សន្និសីទ​មួយ​កាលពី​ឆ្នាំ ​២០២០​។ ហុង មិនា

លោកស្រី មិថុនា ភូថង៖ ​ក្នុងនាម​ខ្ញុំ​ជា​អភិបាលខេត្ត ចំពោះ​​ពេលវេលា​បំពេញ​ការងារ​ខ្ញុំ​ត្រូវមាន​ការទទួល​ខុសត្រូវ​ខ្ពស់

លោកស្រី មិថុនា ភូ​ថង គឺជា​ស្ត្រី​ទី​១ និង​ជា​កូនចៅ​អ្នកនយោបាយ​ដែល​បាន​តស៊ូ​រំដោះប្រទេស​ពី​ភ្លើង​សង្គ្រាម ត្រូវបាន​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកោះកុង​តាំងពី​ឆ្នាំ​ ២០១៧​ មកទល់​បច្ចុប្បន្ននេះ​។

ក្នុងការ​កាន់តំណែង​នេះ លោកស្រី​បាន​ដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍ​ខេត្ត​ឱ្យមាន​ការរីកចម្រើន​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​។

លោកស្រី​បានផ្តល់​កិត្តិយស​ធ្វើ​បទ​សម្ភាស​ជាមួយ​កាសែត​ភ្នំពេញ-​ប៉ុស្តិ៍​លើ​កិច្ចការ​អភិវឌ្ឍន៍​របស់​ខេត្ត​កោះកុង និង​ទិសដៅ​អភិវឌ្ឍន៍​បន្ដ​ដែលមាន​ខ្លឹមសារ​ដូចតទៅ ៖

ភ្នំពេញ​ ប៉ុស្ដិ៍ៈ ចាប់តាំងពី​លោកស្រី​ចូលកាន់​តំណែង​រហូតមក​ទល់​ពេល​​នេះ តើ​លោកស្រី​បានរួម​ចំណែក​អភិវឌ្ឍ និង​កសាង​សមិទ្ធផល​អ្វីខ្លះ​សម្រាប់​ខេត្តកោះកុង​ ដើម្បី​លើកស្ទួយ​សេដ្ឋកិច្ច​សង្គម​?

លោកស្រី មិថុនា ភូថង៖ បន្ទាប់ពី​នាង​ខ្ញុំ​ចូលកាន់​តំណែង​ជា​អភិបាល​ខេត្តកោះកុង​នា​ខែមិថុនា ឆ្នាំ​ ២០១៧ កន្លងមក​នាង​ខ្ញុំ​បាន​ដឹកនាំ​រដ្ឋបាល​ខេត្តកោះកុង​ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ក្នុងការ​លើកកម្ពស់​គុណភាព​នៃ​ការផ្តល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន​សំដៅ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​រស់នៅ និង​សុខុមាលភាព​របស់​ពល​រដ្ឋ​ទូទាំង​ខេត្តកោះកុង​។

ចាប់តាំងពី​ឆ្នាំ​ ២០១៧ ​មក តាមរយៈ​​ការប្រើប្រាស់​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​ខេត្ត រដ្ឋបាលខេត្ត​បាន​ខិតខំ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​មានដូចជា ៖ ១-​សាងសង់​ផ្លូវ​បេតុង​ ៧៤ ​ខ្សែ ២- សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ​អាសេ​ (AC) ៨​ខ្សែ ៣-​ថែទាំ​ជួសជុល​ផ្លូវ​កៅស៊ូ DBST ចំនួន ២៨ ​ខ្សែ ៤-​ សាងសង់ និង​ថែទាំ​ផ្លូវ​ក្រួស​ក្រហម​ចំនួន​ ៣៩ ​ខ្សែ ៥- ​សាងសង់​លូ​កាត់​ផ្លូវ​ចំនួន​ ៨ ​កន្លែង ៦- ​សាងសង់​លូ​ដោះ​ទឹក​ចំនួន ​១១ ​ខ្សែ ៧- ​ស្តារ​ប្រឡាយ​ចំនួន​ ៣ ​ខ្សែ ៨-​ សាងសង់​អណ្តូងស្នប់ និង​ស្រះ​ចំនួន ៣១ ​កន្លែង ៩- ​សាងសង់​ស្ពាន​ចំនួន​ ៣២ ​កន្លែង​ ១០- ​ជួសជុល​ទំនប់​ការពារ​ទឹកប្រៃ​ ១១- ​សាងសង់​កំពង់ផែ​ចំនួន​ ១ ​កន្លែង ១២- ​សាងសង់​អគារ​ច្រកចេញចូល​តែ​ ១ ចំនួន​ ៤ ​កន្លែង ១៣- ​សាងសង់​អគារ​សាលាខេត្ត​ចំនួន​ ១ ​កន្លែង ១៤- ​សាងសង់​អគារ​រដ្ឋបាល​ឃុំ​ចំនួន​ ៤ ​កន្លែង និង​ ១៥- ​សាងសង់​សួនច្បារ​ចំនួន​ ២ ​កន្លែង​។

ក្រៅពី​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​របស់​រដ្ឋបាល​ខេត្ត ក៏មាន​ថវិកា​អភិវឌ្ឍន៍​របស់​ក្រសួង មន្ទីរជំនាញ រដ្ឋបាល​ក្រុង ស្រុក និង​រដ្ឋបាល​ឃុំ សង្កាត់ ដោយ​បាន​សាងសង់ និង​ជួសជុល​នូវ​ហេដ្ឋារចនា​សម័ន្ធ​ដើម្បី​ផ្តល់​សេវា​សាធារណៈ​តាម​តម្រូវការ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដូចជា​៖ ​មន្ទីរពេទ្យ មណ្ឌល​សុខភាព ប៉ុស្តិ៍​សុខភាព សាលារៀន វត្ត​អារាម ផ្លូវ ស្ពាន ថ្នល់ សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន​ជាដើម សំដៅ​សម្រួល និង​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ និង​ប្រែក្លាយ​ខេត្តកោះកុង​ទៅជា​ទឹកដី​ដែល​ទាក់ទាញ​ស័ក្តិសម​ជា​ខេត្ត​ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ថា “​តារា​រះ នា​ទិសនិរតី​"​។

ភ្នំពេញ​ ប៉ុស្ដិ៍ៈ តើ​សម្រាប់​ផែនការ​បន្ទាប់​របស់លោក​ស្រី​ក៏ដូចជា​រដ្ឋបាល​​ខេត្ត​មាន​គម្រោង​អភិវឌ្ឍន៍​អ្វីខ្លះ​ទៀត​ ​ដើម្បី​ប្រែក្លាយ​ខេត្តកោះកុង​ឱ្យមាន​​ការអភិវឌ្ឍ​កាន់តែច្រើន​ថែមទៀត​?

លោកស្រី មិថុនា ភូថង៖ ក្រុមប្រឹក្សា​ខេត្តកោះកុង​អាណត្តិ​ទី​ ៣ បានរៀបចំ​ផែនការអភិវឌ្ឍន៍​រយៈពេល ៥ ​ឆ្នាំ​ (២០២០-២០២៤) ​និង​ត្រូវបានធ្វើ​បច្ចុប្បន្ន​ភាពជា​រៀងរាល់ឆ្នាំ​តាមរយៈ​ការរៀបចំ​កម្មវិធី​វិនិយោគ​ ៣ ​ឆ្នាំ​រំកិល​ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច​ឈានទៅ​សម្រេច​នូវ​ចក្ខុវិស័យ​ក្នុង​ផែនការអភិវឌ្ឍន៍​ខេត្ត​។

ភ្នំពេញ​ ប៉ុស្ដិ៍ៈ តើ​ខេត្តកោះកុង​មាន​សក្តានុពល​ដូចម្តេច​?

លោកស្រី មិថុនា ភូថង៖ ទីតាំង​ភូមិសាស្ត្រ​ខេត្តកោះកុង​ជា​ទីតាំង​ដែលមាន​សក្តានុពល​លើ​ការអភិវឌ្ឍ​​ទេសចរណ៍​ធម្មជាតិ​ក្នុង​នោះ​យើង​មាន​៖ តំបន់​ខ្ពង់រាប​ជួរ​ភ្នំក្រវាញ​ដែល​​សម្បូរ​ដោយ​ទឹកធ្លាក់ សត្វ​ស្លាប ថនិកសត្វ​គ្រប់​ប្រភេទ តំបន់​វប្បធម៌​ប្រវត្តិសាស្ត្រ ...​។​ល​។ តំបន់ឆ្នេរ​ដែល​លាតសន្ធឹង​ពី​ចាំយាម ​(​ព្រំប្រទល់​កម្ពុជា​-​ថៃ​) ​រហូតដល់​ព្រំប្រទល់​ឃុំ​កែវផុស ខេត្ត​ព្រះសីហនុ សម្បូរ​ដោយ​ឆ្នេរ​ខ្សាច់ សត្វ​ផ្សោត​សមុទ្រ ព្រៃកោងកាង​។ តំបន់​ប្រជុំ​កោះ មាន​ផ្កាថ្ម ស្មៅ​សមុទ្រ និង​សម្បូរ​ទៅដោយ​ធនធាន​ជីវចម្រុះ​គ្រប់​ប្រភេទ​នៅតាម​ដងព្រែក និង​ព្រែក​ធំៗ​ទាំង​ ៥ រួមមាន​៖ ព្រែក​កោះ​ប៉ោ ព្រែក​តាតៃ ព្រែក​ត្រពាំងរូង ព្រែក​អណ្តូងទឹក និង​ព្រែក​ស្រែអំបិល ហើយ​នៅ​តំបន់​នោះ​ទៀតសោត ជា​ប្រភព​​ធនធាន​ដ៏សម្បូរបែប ព្រៃកោងកាង​ដែលជា​ជម្រក​សត្វ​ស្លាប និង​ដែន​ជម្រក​មច្ឆជាតិ​ជីវចម្រុះ ព្រមទាំង​សម្រស់​​ធម្មជាតិ​ដ៏ត្រកាល និង​ស្រស់បំព្រង​។

ភ្នំពេញ​ ប៉ុស្តិ៍ៈ ​តើ​លោកស្រី​មាន​យន្តការ​បែបណា​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នៅក្នុង​ខេត្ត​?

លោកស្រី មិថុនា ភូថង៖ ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​នេះ​ក៏មាន​បញ្ហា​ប្រឈម​​ខ្លះ​ផងដែរ ដូចជា នេសាទ​ខុសច្បាប់ ការរំលោភ​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ជម្លោះ​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍ ការទន្ទ្រាន​ព្រៃកោងកាង និង​បញ្ហា​បរិស្ថាន​ជាដើម​។ ប៉ុន្តែ​អ្វីដែល​យើង​បាន​ដោះស្រាយ​ដោយមាន​យន្តការ ដែល​កំពុង​ប្រើប្រាស់​បច្ចុប្បន្ននេះ រួមមាន គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ក្រុង ស្រុក គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​ខេត្ត និង​គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម និង​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​។

ភ្នំពេញ​ ប៉ុស្តិ៍៖ ​លោកស្រី​អាច​និយាយ​​បាន​ថា ជា​ស្ត្រី​ទី​ ១ និង​វ័យក្មេង ដែល​បាន​កាន់តំណែង​ជា​អភិបាលខេត្ត តើ​លោកស្រី​មាន​ការលំបាក​ដែរ​ទេ​?

លោកស្រី មិថុនា ភូថង៖ ក្នុងនាម​​ខ្ញុំ​ជា​អភិបាលខេត្ត ចំពោះ​ពេលវេលា​បំពេញ​ការងារ ខ្ញុំ​ត្រូវមាន​ការទទួល​ខុសត្រូវ​ខ្ពស់បំផុត​ចំពោះមុខ​ច្បាប់​ ឬ​លិខិតគតិយុត្ត​នានា​ដែល​មានចែង ឯ​ចំណែក​គ្រួសារ​វិញ​ក៏ត្រូវ​ផ្ដល់​ពេលវេលា និង​ភាពកក់ក្ដៅ​នៅក្នុង​គ្រួសារ​ដែរ តែ​ខ្ញុំ​ក៏​ពិបាក​ដែរ ពេលខ្លះ​ការងារ​ច្រើនពេក ខ្ញុំ​មិនអាច​កំណត់​ជាក់លាក់​បានទេ ចួនកាល​ក្នុង​ ១ ​សប្ដាហ៍​រវល់​ពេញ​ ៧​ថ្ងៃ​តែម្ដង ប៉ុន្ដែ​នៅពេល​មាន​ពិធីបុណ្យ​ ឬ​ថ្ងៃ​ឈប់សម្រាក​ខ្លះ ខ្ញុំ​នៅតែ​ឆ្លៀត​យក​ពេលវេលា​ជួបជុំ​គ្រួសារ ដូចជា​ញាំ​អាហារ ដើរ​កម្សាន្ត​ជុំគ្នា បង្ហាត់បង្រៀន​កូន​ខ្លះៗ ហើយ​ក៏​សូម​អរគុណ​ដល់​ស្វាមី និង​កូន​ដែល​គាត់​តែងតែ​គាំទ្រ និង​លើក​ទឹកចិត្ត​ដល់​ខ្ញុំ​ក្នុង​ការបំពេញ​តួនាទី​បាន​ពេញលេញ​ជាប្រចាំ​។

ភ្នំពេញ​ ប៉ុស្តិ៍ៈ លោកស្រី​ក៏​ជា​ចៅស្រី​របស់​អ្នកនយោបាយ និង​តស៊ូ​ដ៏ឆ្នើម​របស់​កម្ពុជា​ (​ឯកឧត្តម សាយ ភូថង​) និង​ក៏​ជា​កូនស្រី​របស់​ឯកឧត្តម យុទ្ធ ភូថង​។ ​តើ​លោកស្រី​បាន​រៀនសូត្រ​ចំណុច​សំខាន់​អ្វីខ្លះ​ពី​លោក​ទាំង​ ២?

លោកស្រី មិថុនា ភូថង៖ លោកតា សាយ ភូថង ជា​ឥស្សរជន​ឆ្នើម​មាន​ស្នាដៃ​ចំពោះ​ជាតិ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កោះកុង​។ នាង​ខ្ញុំ​បាន​រៀនសូត្រ​​ពី​លោកតា​ជាច្រើន​ដូចជា៖ លោកតា​តែងតែ​ដាស់តឿន​កូនចៅ​ឱ្យ​ចេះ​សន្សំសំចៃ ព្រមទាំង​បាន​បណ្ដុះ​គំនិត​ឱ្យ​ចេះ​ស្នេហា​ជាតិ​មាតុភូមិ មាន​ភាពស្មោះត្រង់ និង​ការពារ​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ត្រូវ​មាន​សាមគ្គីភាព មាន​វិន័យ​ល្អ និង​ត្រូវ​ចេះ​គោរព​ពេលវេលា​ឱ្យបាន​ត្រឹមត្រូវ​។

មាន​បេសកកម្ម និង​ស្នាដៃ​ជាច្រើន​របស់​លោកតា​ សាយ ដែល​នាង​ខ្ញុំ និង​ក្រុមគ្រួសារ​ចងចាំ​មិនអាច​បំភ្លេចបាន និង​គោរព​ដឹងគុណ​ជានិច្ច​ក្នុង​នោះ​មាន​ស្នាដៃ​សំខាន់ៗ​ដូចខាងក្រោម ៖

ទី​ ១៖​ ភាពជា​អ្នកដឹកនាំ​ដ៏ក្លាហាន​អង់អាច និង​ការសម្រេចចិត្ត នាង​ខ្ញុំ​សូម​កោតសរសើ​ចំពោះ​ភាពក្លាហាន​ក្នុង​​ការប្រមូល​កម្លាំង​តស៊ូ និង​ការសម្រេច​​ចិត្ត​ក្នុង​ការចូលរួម​ ដើម្បី​ទទួលបាន​ឯករាជ្យ​ពី​បារាំង​នាពេលនោះ​។

លោកតា​បាន​រៀបចំ​ក្រុមយុវជន​ដើម្បី​ប្រឆាំងនឹង​អាណានិគមនិយម​បារាំង​រហូត​ពួក​បារាំង​បាន​តាម​ចាប់គាត់​។

ទី​ ២៖ ​មិន​ទទួលយក​ឋានៈ​បុណ្យស័ក្ដិ នេះ​ជា​គំរូ​ដ៏ល្អ​មួយ​សម្រាប់​នាង​ខ្ញុំ និង​យុវជន​ជំនាន់​ក្រោយ​។ ពេលធ្វើ​ការ​អ្វីមួយ​ត្រូវមាន​ទឹកចិត្ត​ស្មោះត្រង់ តស៊ូ​អស់ពី​កម្លាំងកាយ​ចិត្ត ប៉ុន្តែ​មិន​ទទួលយក​លាភសក្ការៈ​ទាំងឡាយ​ណា ដែល​នាំមក​នូវ​ភាព​អន្តរាយ​ដល់​សង្គមជាតិ​ឡើយ​។ លោកតា​ត្រូវ​បានរៀបចំ​ឱ្យមាន​តួនាទី​ក្នុង​បក្ស ប៉ុន្តែ​លោកតា​មិន​ព្រម​ទទួល​ដោយ​ស្ម័គ្រ​ចិត្តជា​ទីប្រឹក្សា​ផ្នែក​យោធា​ខេត្តកោះកុង​ (​ទីប្រឹក្សា​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​) ​នាពេលនោះ​។

ទី​ ៣៖ ការធានា​អាយុជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​កម្លាំង​តស៊ូ​ ​លោកតា​ជា​មេដឹកនាំ​ម្នាក់​ដែលមាន​ការវិភាគ​ពី​ស្ថានភាព​នយោបាយ​យ៉ាង​ល្អិតល្អន់​។ ការធានា​អាយុជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​កងកម្លាំង​​តស៊ូ​ជាមួយ​លោក គឺជា​អាទិភាព​ចម្បង​។ ​ក្រោយពី​វិភាគ​ដឹង​ពី​ផែនការ​ក្បត់​របស់ ប៉ុល ពត លោកតា​ សាយ និង​មេបញ្ជាការ​យោធា​ខេត្តកោះកុង (​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​) បានរៀបចំ​យុទ្ធសាស្ត្រ ដើម្បី​រៀបចំ​កម្លាំង​ផ្តាច់ខ្លួន​ប្រយុទ្ធ​ប្រឆាំងនឹង​កម្លាំង​ភូមិភាគ​និរតី​ដែល​ចុះមក​ទឹកដី​ខេត្តកោះកុង​...​។

ទី​ ៤៖ លោកតា​មាន​ជំនឿ​លើ​ពុទ្ធសាសនា​យ៉ាង​មុតមាំ​ក្រោយពី​ប្រទេស​កម្ពុជា​បានបញ្ចប់​សង្គ្រាម និង​មាន​ស្ថិរភាព​លោកតា​បាន​ផ្តួច​ផ្តើមគំនិត​បំបួស​ថ្នាក់ដឹកនាំ​ខេត្តកោះកុង​ទាំងអស់​មាន​ចំនួន​ ៣៨ ​រូប​។ ​នាង​ខ្ញុំ​យល់​ពីអ្វី​ដែល​លោកតា​ចង់​ផ្តាំ​ថា ក្នុងនាម​ជា​ថ្នាក់​ដឹកនាំ​ត្រូវមាន​ទសពិធរាជធម៌​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទៅវិញ​ទៅមក អត់ធ្មត់ និង​ត្រូវ​ចេះ​ចែករំលែក​គ្នា​។

ភ្នំពេញ​ ប៉ុស្តិ៍ៈ ​តើ​លោកស្រី​មាន​សារ​អ្វី​ដើម្បី​លើក​ទឹកចិត្ត​ដល់​ស្ត្រី​ផ្សេង​​ទៀត​ដែល​មាន​បំណង​ក្នុង​ការកាន់​​តំណែង​ដូច​លោកស្រី​?

លោកស្រី មិថុនា ភូថង៖ តាមរយៈ​ជំរឿន​សេដ្ឋកិច្ច និង​សង្គមកិច្ច ឆ្នាំ​ ២០១៩ គឺ​តួលេខ​ស្ត្រី មាន​ចំនួន​ ៥២% នៃ​ចំនួន​ប្រជាជន​សរុប ទន្ទឹមនឹងនោះ​ស្ត្រី​មាន​ចំនួន​ត្រឹមតែ ​២០%​ ប៉ុណ្ណោះ​ដែលមាន​តួនាទី​ជា​អ្នកដឹកនាំ ហើយ​ក្នុង​ភាគរយ​ខាងលើ​​នេះ រួមមាន​រូបនាង​ខ្ញុំ​ម្នាក់​ផងដែរ​។

ចំពោះ​បទពិសោធ​ក្នុង​ការដឹកនាំ​ពោលគឺ​ថា​ទោះបីជា​ស្ថាប័ន​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ វិស័យ​សាធារណៈ ឯកជន ឬ​ក្រុមហ៊ុន​ក្តី គឺ​រមែង​តែងតែមាន​រចនា​សម្ព័ន្ធ​គ្រប់គ្រង​រដ្ឋបាល និង​មានការ​បែងចែក​តួនាទី​ទទួលខុស​​ត្រូវ​យ៉ាង​ច្បាស់លាស់ ទៅតាម​វិស័យ​​នីមួយៗ ក្នុង​ន័យនេះ ការដឹកនាំ​គឺ​ប្រព្រឹត្ត​ទៅដោយ​រលូន ពោល​គឺ​ពុំមាន​បញ្ហា​ប្រឈម​កើតឡើង ដែលថា​មិនអាច​ឆ្លើយតបបាន​នោះឡើយ​។ ដោយឡែក ការឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ទើប​ជា​បញ្ហា​ប្រឈម​ក្នុង​ការដឹកនាំ​ពិត​ប្រាកដថា តើ​ត្រូវអនុវត្ត​ដូចម្តេច​ដើម្បី​ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​?

ជាការ​អនុវត្ត​ទូទៅ សម្រាប់​នាង​ខ្ញុំ​ពោល​គឺ​៖ ១-​ ការផ្តល់​ភាពជា​គំរូ​ក្នុង​​ការអនុវត្ត​ដែល​កត្តា​នេះ​វា​ធ្វើឱ្យ​អ្នក​គ្រប់គ្រង និង​អ្នក​ដែល​ត្រូវបាន​គេ​គ្រប់គ្រង មាន​លទ្ធភាព​អាច​យក​អនុវត្ត​​បាន​ទាំងអស់​គ្នា និង​ ២-​ ការជំរុញ​លើក​ទឹកចិត្ត ដែល​កត្តា​នេះ​ផងដែរ វា​ធ្វើឱ្យ​មាន​ការចូលរួម​កាន់តែ​ច្រើន​៕

អត្ថបទគួរចាប់អារម្មណ៍