ភ្នំពេញៈ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ណែនាំ​ឱ្យ​ក្រុមហ៊ុន​សាងសង់ និង​ក្រុម​ជាងសំណង់​ទាំងអស់ មិនត្រូវ​ចុះកិច្ចសន្យា​ម៉ៅការ​សាងសង់​ចំពោះ​គម្រោង​ដែល​មិនទាន់​ទទួលបាន​លិខិត​អនុញ្ញាត​សាងសង់​ឡើយ បើ​ពុំ​នោះទេ អាច​ប្រឈម​ទោសទណ្ឌ និង​ការរំលាយ​ក្រុមហ៊ុន​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​រៀបចំ​ដែនដី ចុះ​ថ្ងៃទី​ ២ ខែមីនា បាន​ណែនាំ​ថា ចំពោះ​ក្រុមហ៊ុន​សាងសង់ និង​ក្រុម​ជាងសំណង់ មិន​អនុញ្ញាត​ឱ្យធ្វើ​ការចុះ​កិច្ចសន្យា​ម៉ៅការ សាងសង់ ឬ​រុះរើ​សំណង់​ដែល​មិនទាន់​ទទួលបាន​លិខិតអនុញ្ញាត​សាងសង់ លិខិត​អនុញ្ញាត​ជួសជុល លិខិត​អនុញ្ញាត​រុះរើ និង​លិខិតអនុញ្ញាត​បើក​ការដ្ឋាន​សំណង់​ពី​អាជ្ញាធរ​ ឬ​មន្ត្រី​មាន​សមត្ថកិច្ច​ឡើយ​។

ក្រសួង​បាន​ចាត់ទុកថា សកម្មភាព​ទាំងនេះ​ជា​អំពើ​ខុសច្បាប់ ព្រោះ​គម្រោង​សាងសង់​សំណង់​នោះ​មិនមាន​ប្លង់​ស្ថាបត្យកម្ម និង​ប្លង់​គ្រឿង​ផ្គុំ​សំណង់​ដែល​ទទួលបាន​ការយល់​ព្រម​ពី​អាជ្ញាធរ​ ឬ​មន្ដ្រី​មាន​សមត្ថកិច្ច ដែល​អាច​បង្ក​ឱ្យ​ប៉ះពាល់​ដល់​បទប្បញ្ញត្តិ​ស្តីពី​ធ្លា​គម្លាត សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​គុណភាព​សុវត្ថិភាព​សំណង់ សោភណភាព ទ្រព្យសម្បត្តិ និង​សុខុមាលភាព​របស់​ម្ចាស់​សំណង់ អ្នកប្រើប្រាស់​សំណង់ សាធារណជន និង​អាច​បង្កឱ្យមាន​វិវាទ​ជាដើម​។

តាមរយៈ​សេចក្តី​ជូនដំណឹង​នេះ ក្រសួង​រៀបចំ​ដែនដី សង្កត់ធ្ងន់​ថា​៖ «​នឹង​ចាត់​មន្ត្រី​អធិការកិច្ច​សំណង់​ចុះ​ត្រួតពិនិត្យ​បទល្មើស​តាម​ការដ្ឋាន​សំណង់ ដើម្បី​ចាត់វិធានការ​ដកហូត​អាជ្ញាប័ណ្ណ​ ឬ​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​សាងសង់ និង​ការដាក់​ទណ្ឌកម្ម​ផ្សេងៗ​ទៀត​ចំពោះ​ក្រុមហ៊ុន​ ឬ​ក្រុម​ជាង​ដែល​ល្មើស​ការណែនាំ ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ស្នើសុំ​ការ​រឹបអូស​សម្ភារ បរិក្ខារ និង​ឧបករណ៍​ផ្សេងៗ​ទៀត​»​។

ក្រសួង​គូសបញ្ជាក់​ផងដែរ​ថា ការផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ការផ្តន្ទាទោស​ដាក់ពន្ធនាគារ ការរំលាយ​ក្រុមហ៊ុន​ ឬ​ក្រុម​ជាង​ការដាក់​ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមដាន​របស់​តុលាការ ការហាមឃាត់​ចំពោះ​ការធ្វើ​សកម្មភាព ការបណ្តេញ​ចេញពី​លទ្ធកម្ម​សាធារណៈ ការបិទ​ផ្សាយ​សេចក្តីសម្រេច​ផ្ដន្ទាទោស និង​ការផ្សាយ​សេចក្តីសម្រេច​ផ្ដន្ទាទោស​ជា​សាធារណៈ​។

ប្រធាន​នាយកដ្ឋាន​បច្ចេកទេស​នៃ​ក្រុមហ៊ុន សោម៉ា ខនស្ត្រាក់សិន & ឌីវេឡុបមេន លោក រុន សុខា បាន​សម្តែង​ការសប្បាយ​ចិត្ត និង​គាំទ្រ​ចំពោះ​សេចក្តី​ប្រកាស​របស់​ក្រសួង​នេះ ដោយ​លោក​គូសបញ្ជាក់ថា ចំពោះ​រាល់​ការសាងសង់​ត្រូវតែមាន​លិខិត​អនុញ្ញាត​នៅក្នុង​ការសាងសង់ ដែលជា​ឯកសារ​បទដ្ឋាន​​គតិយុត្ត​។

លោក​ថា​៖ «​ការ​ដែលមាន​លិខិតអនុញ្ញាត​សាងសង់​ស្របច្បាប់​នេះ គឺ​បានកំណត់​ទីតាំង​អគារ​ជាមួយ​ព្រំដី​ទៅលើ​ប្លង់​ច្បាស់លាស់ ដែល​ចៀសវាង​ការបង្ក​ជា​បញ្ហា​ជម្លោះ​ជាមួយ​នឹង​អ្នកជិតខាង និង​បាន​សិក្សា​ជាមុន​ទៅលើ​គ្រឿង​បង្គុំ ប្រព័ន្ធ​ទឹកស្អាត ទឹក​កខ្វក់ ជាពិសេស​ប្រព័ន្ធ​អគ្គិភ័យ និង​ផ្សេងៗ​​ទៀត គឺ​យើង​គាំទ្រ​ទៅលើ​ចំណុច​នេះ​»​។

ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​ធ្វើការ​ពាក់ព័ន្ធ​លើ​វិស័យ​សំណង់​ច្រើន​ឆ្នាំ​មកនេះ លោក​ក៏​ជំរុញ​ដល់​ម្ចាស់​សំណង់​ត្រូវ​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់​ណា​ដែលមាន​អាជ្ញាប័ណ្ណ​ប្រកបរបរ​អាជីវកម្ម​ត្រឹមត្រូវ​ ដើម្បី​រក្សា​ទៅលើ​សណ្តាប់ធ្នាប់ គុណភាព​ស្តង់ដា និង​សុវត្ថិភាព ដើម្បីឱ្យ​ដំណើរការ​នៃ​ការសាងសង់​នៅ​ថ្ងៃ​អនាគត​ប្រកប​ដោយ​គុណភាព​ និង​សុវត្ថិភាព​។

លោក​បន្តទៀតថា តាមរយៈ​ការណែនាំ​របស់​ក្រសួង​នាពេលនេះ​ក៏​ជា​ផ្នែក​មួយ ដើម្បីឱ្យ​មាន​ការប្រកួត​ប្រជែង​ដោយ​ស្មើភាព​គ្នា​ទៅលើ​គុណភាព​ជាមួយ​នឹង​វិជ្ជាជីវៈ​នៅក្នុង​ការផ្តល់​សេវា​សាងសង់​នៅក្នុង​ស្រុក​របស់​យើង ដែល​វា​ជា​បញ្ហា​ដ៏សំខាន់​មួយ​ដែរ​។

លោក ឃឹម ប៊ុនលីន អ្នកជំនាញ​ខាង​ស្ថាបត្យករ និង​បាន​ធ្វើការ​ជាមួយ​អ្នក​សាងសង់​ច្រើន​ឆ្នាំ​មកនេះ មើលឃើញ​ថា តាម​បទពិសោធ​កន្លងមក ការសាងសង់​មួយ​ចំនួន​មិនទាន់​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ ហើយ​មួយចំនួន​ទៀត សុំច្បាប់​សាងសង់​ដែរ ប៉ុន្តែ​ច្បាប់​មិនទាន់​ធ្លាក់​មក​ផង បែរជា​សាងសង់​មុន ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​។ យ៉ាងណាមិញ លោក​សង្កេតឃើញ​ថា បើ​ប្រៀបធៀប​ពីមុន គឺ​ការសាងសង់​នាពេល​បច្ចុប្បន្ន​មាន​ការគោរព​ច្បាប់​សំណង់​បាន​ច្រើន ដែល​បង្ហាញ​ពី​ការអភិវឌ្ឍ​សំណង់​ប្រកប​ដោយ​និរន្តរភាព​ជា​បណ្តើរៗ​។

ដើម្បី​ជំរុញ​ការអនុវត្ត​ច្បាប់​ស្តីពី​សំណង់​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ធានា​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី ៤ ខែមករា ឆ្នាំ​ ២០២២ បានសម្រេច​ដាក់​ឱ្យ​អនុវត្ត​ការត្រួតពិនិត្យ និង​បញ្ជាក់​សំណង់​។

ក្រសួង​បន្តថា​៖ «​ក្នុង​ស្មារតី​នេះ ម្ចាស់​សំណង់ អ្នក​អភិវឌ្ឍ​អចលនវត្ថុ និង​អ្នកអភិវឌ្ឍ​លំនៅឋាន​ត្រូវ​រក​អ្នក​វិជ្ជាជីវៈ ឬ​ក្រុមហ៊ុន​ត្រួតពិនិត្យ និង​បញ្ជាក់​សំណង់​ដែល​មាន​អាជ្ញាប័ណ្ណ​ផ្តល់​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ត្រួតពិនិត្យ និង​ចេញ​លិខិតបញ្ជាក់​អនុលោមភាព​នៃ​គម្រោង​ប្លង់​ការងារ​សាងសង់ ឬ​រុះរើ សំណង់​របស់​ខ្លួន​តាម​បទប្បញ្ញត្តិ​បច្ចេកទេស​សំណង់​»៕

វីដេអូ៖