ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អំពាវនាវ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​ជាន់ថ្នាក់​​ឱ្យ​ដោះស្រាយ​បញ្ហា​ និង​កសាង​យុត្ដិធម៌​ចំពោះ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ជា​កត្ដា​ចាំបាច់​បន្ថែម​លើ​ការយក​អំណោយ​ទៅ​ចែកជូន​ពលរដ្ឋ​។

លោក ស ខេង ថ្លែង​ក្នុងពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៣ ខែមីនា ឆ្នាំ​ ២០២២ ​ថា ការដោះស្រាយ​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន គឺជា​បញ្ហាសំខាន់​ដែលមាន​ការទាក់ទង​ដល់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ផ្ទាល់​តែម្ដង​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​រដ្ឋបាល​គ្រប់​ថ្នាក់​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​របស់​យើង ទាំង​រាជធានី ខណ្ឌ ក៏ដូចជា​សង្កាត់ ហើយនឹង​ស្ថាប័ន អង្គភាព ដែល​មាន​ការពាក់ព័ន្ធ​យក​​ចិត្ដ​ទុកដាក់​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សំណើ​សំណូមពរ​នៅ​មូលដ្ឋាន​នេះ​ឱ្យបាន​ល្អប្រសើរ​តទៅទៀត​ ដើម្បី​ដណ្ដើម​នូវ​ជំនឿ​ទុក​ចិត្ដ​របស់​ប្រជាពលរដ្ឋ​»​។

លោក​បញ្ជាក់ថា​៖ «​ការផ្ដល់​ជំនួយ​សង្គ្រោះ​ជា​សម្ភារ​ជា​ថវិកា ការផ្ដល់​ជំនួយ​មនុស្សធម៌​ជា​សម្ភារ​ជា​ថវិកា​ជាដើម​គឺជា​ការចាំបាច់ ប៉ុន្ដែ​អ្វី​ដែលជា​​ការចាំបាច់​ជាង​នេះ​តាម​ខ្ញុំ​យល់​គឺ​ការកសាង​យុត្ដិធម៌​នៅ​មូលដ្ឋាន​នេះ​គឺជា​បញ្ហា​គន្លឹះ​»​។

លោក ស ខេង ថ្លែងថា ការដោះស្រាយ​នៅ​មូលដ្ឋាន បើ​គ្មាន​យុត្ដិធម៌​​ទេ ទោះបី​យក​អំណោយ​ទៅជូន​ប្រជាពលរដ្ឋ​ប៉ុន្មាន​ក៏​ពួកគាត់​មិន​ជឿ​យើង​​ដែរ​។ ប៉ុន្ដែ​ផ្ទុយទៅវិញ​បើ​ដោះស្រាយ​ទំនាស់ ​ឬ​បញ្ហា​នៅ​មូលដ្ឋាន​ប្រកបដោយ​​យុត្ដិធម៌ លោក ជឿថា ពលរដ្ឋ​ពិតជា​សប្បាយរីករាយ​ពិត​ជា​ទទួល​យក​បាន ហើយ​មិនមែន​ត្រឹមតែ​ពលរដ្ឋ​នោះទេ សង្គម​ទាំងមូល​គឺ​ទទួល​យកបាន​។

លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង​ហើយ ខ្ញុំ​ស្នើ​ដោយ​ទទូចថា យើង​នាំគ្នា​បន្ត​បំពេញ​ភារកិច្ច​របស់​យើង​ក្នុងឋានៈ​ជា​មន្ដ្រី​រាជការ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​មិន​ប្រកាន់​ពណ៌​សម្បុរ មិន​រើសអើង​តទៅទៀត​ ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​មកលើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​»​។

លោក ស ខេង ក៏បាន​ណែនាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ខិតខំ​យកចិត្ត​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ដែលជា​យន្ត​ការពាក់​ព័ន្ធ​ដោយផ្ទាល់​ទៅនឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ និង​ទាមទារ​ការចូលរួម​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​នៅក្នុង​លក្ខណសម្បត្តិ​នៃ​គោលនយោបាយ​ទាំង​ ៧ ​ចំណុច​។

ដោយឡែក​ពាក់ព័ន្ធ​នឹង​សំណើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ ពិសេស​ពាក់ព័ន្ធ​នឹង​តួនាទី​ស្មៀន និង​ក្រុមប្រឹក្សា ឃុំ​​សង្កាត់ ព្រមទាំង​សំណើ​មួយចំនួន​ទៀត​របស់​រដ្ឋបាល​រាជធានី​នោះ លោក ស ខេង បានទទួល​យកមក​សិក្សា​។

លោក​បានផ្ដល់​ការណែនាំ​ជាថ្មី​ឱ្យ​​រដ្ឋបាល​គ្រប់​ថ្នាក់​នៅ​ថ្នាក់ក្រោម​ជាតិ ពិសេស​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវបំពេញ​តួនាទី​ភារកិច្ច​ប្រកប​ដោយ​ការទទួល​ខុសត្រូវ ពិសេស​ត្រូវ​ពង្រឹង​ប្រព័ន្ធ​ទំនាក់ទំនង​ការងារ​រវាង​ក្រុមប្រឹក្សា និង​គណៈអភិបាល​ក្នុង​ការសម្រេច​កិច្ចការ​ផ្សេងៗ​ក្នុង​ដែនដី​រដ្ឋបាល​របស់ខ្លួន​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ថ្លែង​ក្នុង​ពិធី​នេះ​ថា ក្នុង​​ចំណោម​ខេត្ត ទាំង​ ២៥ រាជធានី​ភ្នំពេញ​​ និង​ជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និង​ការទូត​ដែល​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។

លោក​ថា កាលពី​ ២០២១ ទោះបីជា​វិបត្តិ​កូវីដ​ ១៩ ប៉ះពាល់​ធ្ងន់ធ្ងរ​ក្តី ក៏​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ សង្កាត់ និង​មន្ទីរ​វិស័យ​នានា​បាន​ដំណើរការ​​ជា​ប្រក្រតី និង​សម្រេចបាន​សមិទ្ធផល​គួរ​ជា​ទីមោទនៈ ជាពិសេស​ការបិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​ ២០ កុម្ភៈ ឆ្នាំ​ ២០២១ កាលពី​ថ្ងៃទី​ ២០ ខែធ្នូ ឆ្នាំ​ ២០២១ កន្លងទៅ​។

លោក​ថា​៖ «​ទន្ទឹមនឹង​លទ្ធផល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ប្ដេជ្ញា​បន្ត​ប្រមូល​ផ្ដុំ​កម្លាំង​សរុប មធ្យោបាយ​សរុប និង​វិធាន​ការសរុប ​ដើម្បី​បន្ត​គ្រប់គ្រង និង​ដោះស្រាយ​ឱ្យ​កាន់តែ​ល្អប្រសើរ​នូវ​ការងារ​អាទិភាព​សំខាន់ៗ​មួយចំនួនទៀត​រួមមាន ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ការបង្កើន​ល្បឿន​នៃ​ការចាក់​វ៉ាក់សាំង ការពង្រឹង​របៀបរបប​ការងារ​ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី ស្របពេល​នៃ​ការបើក​ដំណើរការ​​សេដ្ឋកិច្ច សង្គម​ឡើងវិញ​»​។

លោក​បន្តថា រដ្ឋបាល​រដ្ឋធានី​ភ្នំពេញ​ក៏បាន​ត្រៀមខ្លួន​សម្រាប់​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ ​២០២២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ និង​ការគាំទ្រ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ​ ២០២២ រួម​នឹង​ការពង្រឹង​គោលនយោបាយ ភូមិ-ឃុំ មាន​សុវត្ថិភាព ផ្តល់​សេវាសាធារណៈ​ឱ្យ​កាន់តែ​ល្អប្រសើរ​ផងដែរ​៕