ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យ​នគរបាលជាតិ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​បន្ត​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​អំពើ​ភេរវកម្ម ដើម្បី​ប្រែក្លាយ​អាស៊ាន​មិនមាន​អំពើ​ភេរវកម្ម​។

លោក​ ហ៊ុន សែន ស្នើឡើង​ដូច្នេះ​ក្នុង​ឱកាស​លោក​ជួប​ជាមួយ​ប្រតិភូ​នគរបាលជាតិ​នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន នា​ថ្ងៃទី ​៣ ខែមីនា នៅ​វិមាន​សន្តិភាព​ក្នុង​អំឡុងពេល​ប្រតិភូ​នគរបាលជាតិ​នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​មក​ចូលរួម​សន្និសីទ​អាស៊ាន​ណាប៉ូល លើក​ទី​ ៤០ នៅ​រាជធានី​-​ភ្នំពេញ ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ​១-៥ ខែមីនា​។

ក្នុងជំនួប​នេះ​លោក​ ហ៊ុន សែន បាន​កោតសរសើរ ចំពោះ​កិច្ចសហប្រតិបត្តិការ​រវាង​នគរបាលជាតិ​នៃ​សមាជិក​អាស៊ាន ដែល​អាច​ទប់ស្កាត់​នូវ​អំពើ​ភេរវកម្ម​ទាន់ពេលវេលា​កន្លងមក​។

ហ្វេសប៊ុក​របស់​នាយករដ្ឋមន្ត្រី​បញ្ជាក់​នា​ថ្ងៃទី​ ៣ ខែមីនា ថា​៖ «​ក្នុងន័យនេះ សម្តេច​តេជោ​បាន​លើក​ចិត្ត​ឱ្យ​នគរបាលជាតិ​នៃ​សមាជិក​អាស៊ាន​ទាំងអស់​បន្ត​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ជាពិសេស​ទប់ស្កាត់​ឱ្យ​ខាង​តែបាន​នូវ​អំពើ​ភេរវកម្ម​ទាំងឡាយណា ប្រែក្លាយ​អាស៊ាន​ដោយ​គ្មាន​អំពើ​ភេរវកម្ម​»​។

លោក ហ៊ុន សែន ក៏បាន​ស្នើឱ្យ​នគរបាលជាតិ​នៃ​សមាជិក​អាស៊ាន​ទាំងអស់ ចែករំលែក​នូវ​បទពិសោធ​ព័ត៌មាន និង​ចង់ឱ្យ​នគរបាលជាតិ​នៃ​សមាជិក​អាស៊ាន ក្លាយជា​ឯកអគ្គរដ្ឋទូត​ដើម្បី​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រទេស​ផង និង​ពង្រឹង​ពាណិជ្ជកម្ម​រវាង​ប្រទេស​អាស៊ាន និង​ក្នុង​តំបន់​ផង​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ទៀតថា កម្ពុជា​ក៏​ជា​ប្រទេសមួយ​ដែល​រង​នូវ​ការ​រាតត្បាត​ដោយ​ជំងឺ​កូវីដ​ ១៩ ​ផងដែរ ប៉ុន្តែ​ដោយសារតែ​ការ​ «​ចាក់​ស្រោច​» នូវ​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ ១៩ ទៅដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​ប្រជាពលរដ្ឋ​បរទេស​ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា​ធ្វើឱ្យ​កម្ពុជា​អាច​បើក​ដំណើរការ​ប្រទេស​ឡើងវិញ កាលពី​ដើម​ខែវិច្ឆិកា ឆ្នាំ ​២០២១​។

បើ​យោងតាម​ហ្វេសប៊ុក​លោក ហ៊ុន សែន ប្រតិភូ​នគរបាលជាតិ​នៃ​សមាជិក​អាស៊ាន​បាន​ប្ដេជ្ញា​ថា​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ប្រែក្លាយ​តំបន់​អាស៊ាន ឱ្យក្លាយ​ទៅជា​តំបន់​នៃ​កិច្ចសហប្រតិបត្តិការ​ប្រកបដោយ​សុខដុមនីយកម្ម ស្ថិរភាព និង​សន្តិភាព​។

លោក លឹម ម៉េងហួរ អនុប្រធាន​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៣ ខែមីនា​ថា ការស្នើសុំ​របស់លោក​នាយក​រដ្ឋមន្ត្រី​នេះ​គឺជា​ការលើកកម្ពស់​សន្តិសុខ ក៏ដូចជា​ស្ថិរភាព​នៅក្នុង​តំបន់ ព្រោះ​បញ្ហា​សន្តិភាព និង​សន្តិសុខ​នេះ គឺជា​បញ្ហាសំខាន់​នៃ​សសរស្តម្ភ​មួយ​នៃ​ការកសាង​សហគមន៍​អាស៊ាន​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​ទេ ការស្នើសុំ​របស់​សម្តេច​តេជោ​ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នេះ វា​គឺជា​ចំណាត់ការ​មួយ​ដ៏ត្រឹមត្រូវ គឺជា​ចំណាត់ការ​មួយ​ដែល​សមស្រប​ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​តំបន់​ទទួលបាន​នូវ​ការលើកកម្ពស់​ស្ថិរភាព សន្តិភាព ហើយ​និង​សន្តិសុខ​នៅក្នុង​តំបន់​»​។

ក្នុង​ពិធី​ប្រគល់​តំណែង​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​ ២០២២ ដល់​កម្ពុជា​កាលពី​ចុងខែ​តុលា ឆ្នាំ​ ២០២១ លោក ហ៊ុន សែន ថ្លែងថា កម្ពុជា​នឹង​យកចិត្ត​ទុកដាក់​ពង្រឹង​មជ្ឈភាព​អាស៊ាន និង​ឯកភាព​អាស៊ាន​ទាំង​ក្នុង​យន្តការ​តំបន់ និង​ទាំង​កិច្ចសហប្រតិបតិ្តការ​ជាមួយ​ដៃគូ​ខាងក្រៅ ដោយ​ឈរលើ​មាគ៌ា និង​គោលការណ៍​របស់​អាស៊ាន ដូច​មានចែង​នៅក្នុង​ធម្មនុញ្ញ​អាស៊ាន សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបតិ្តការ​នៅ​អាស៊ីអាគ្នេយ៍ និង​ទស្សន​វិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។

លោក​ថ្លែងថា អាស៊ានក៏ត្រូវ​មាន​ភាពធន់ និង​រឹងមាំ ទប់ទល់​បាន​ពី​សម្ពាធ និង​ឥទ្ធិពល​នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ នយោបាយ ដែល​កំពុងតែ​កើនឡើង បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន ភេរវកម្ម ការប្រែប្រួល​អាកាសធាតុ និង​ជំងឺ​រាតត្បាត​ជាដើម ដើម្បី​ធានា​មាគ៌ា​ឆ្ពោះ​ទៅមុខ​ប្រកប​ដោយ​សន្តិភាព សន្តិសុខ និង​វិបុលភាព​៕