The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​បោះឆ្នោត​គាំទ្រ UN ឱ្យ​រុស្ស៊ី​បញ្ចប់​ប្រតិបត្តិការ​យោធា​ជាបន្ទាន់​នៅ​អ៊ុយក្រែន

កម្ពុជា​បោះឆ្នោត​គាំទ្រ UN ឱ្យ​រុស្ស៊ី​បញ្ចប់​ប្រតិបត្តិការ​យោធា​ជាបន្ទាន់​នៅ​អ៊ុយក្រែន

Content image - Phnom Penh Post
តំណាង​កម្ពុជា​នៅ​ UN ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​។ រូបថត សហការី

កម្ពុជា​បោះឆ្នោត​គាំទ្រ UN ឱ្យ​រុស្ស៊ី​បញ្ចប់​ប្រតិបត្តិការ​យោធា​ជាបន្ទាន់​នៅ​អ៊ុយក្រែន

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​យប់​ថ្ងៃទី ​២ ខែមីនា បាន​បោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដែល​ទាមទារ​ឱ្យ​រុស្ស៊ី​បញ្ចប់​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​ជាបន្ទាន់​នៅ​ប្រទេស​អ៊ុយក្រែន ហើយ​កម្ពុជា​ក៏បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​សង្គ្រាម​នៅ​ប្រទេស​នេះ​។

ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​ចំនួន​ ១៩៣ ​ប្រទេស មាន​ ១៨១ ប្រទេស​បាន​ចូលរួម​បោះឆ្នោត​។ ប្រទេស​ចំនួន​ ១៤១ ​បាន​បោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​នេះ​ដែល​ក្នុងនោះ​ក៏មាន​កម្ពុជា​ផង​​ដែរ ចំណែក​​ប្រទេស​ចំនួន​ ៥ ​បាន​បោះឆ្នោត​ប្រឆាំង​សេចក្តី​សម្រេច​នេះ​។ ប្រទេស​ចំនួន​ ៣៥ ​បាន​បោះឆ្នោត​អនុប្បវាទ​ដែល​ក្នុងនោះ​មាន ចិន វៀតណាម ឡាវ គុយបា ឥណ្ឌា ផងដែរ​។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បញ្ជាក់​នា​ថ្ងៃទី​ ៣ ខែមីនា​ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ចិត្ត​ចូលរួម​ជា​ប្រទេស​សហស្ថាបនិក​នៃ​សេចក្តី​សម្រេចចិត្ត​នៃ​កិច្ចប្រជុំ​ពិសេស​បន្ទាន់​របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានការណ៍​នៅក្នុង​ប្រទេស​អ៊ុយក្រែន​»​។

នៅក្នុង​កិច្ចប្រជុំ​នោះ កម្ពុជា​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ភាព​ធ្ងន់ធ្ងរ​នៃ​ស្ថានការណ៍​ដែល​កំពុងតែ​កើនឡើង និង​លក្ខខណ្ឌ​មនុស្សធម៌​កាន់តែ​អាក្រក់​ឡើង ដែល​បណ្តាល​មកពី​អរិភាព​យោធា​ដែល​កំពុង​បន្ត​កើតឡើង​នៅក្នុង​ប្រទេស​អ៊ុយក្រែន​។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា​៖ «​យើង​មាន​ជំនឿ​ចំពោះ​កិច្ចសន្ទនា និង​ការទូត ដើម្បី​ទប់ស្កាត់​ស្ថានការណ៍​កុំឱ្យ​ចេញផុត​ពី​ការគ្រប់គ្រង និង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​»​។

ជាមួយ​នឹង​ការយោគយល់​ដល់​ការបារម្ភ​នៃ​សន្តិសុខ​ដែល​ពាក់ព័ន្ធ កម្ពុជា​រក្សា​ជំហរ​ម៉ឺងម៉ាត់​របស់ខ្លួន​ថា រដ្ឋ​ជា​សមាជិក​ទាំងអស់​ត្រូវតែ​គោរព​អធិបតេយ្យភាព បូរណភាព​ដែនដី និង​ឯករាជភាព នយោបាយ​របស់​រដ្ឋ​ជា​សមាជិក​ផ្សេងទៀត​។

លោក​ Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​បង្ហោះ​សា​រលើ​បណ្តាញ Twitter នា​ថ្ងៃទី​ ៣ ខែមីនា​ថា វា​ពិតជា​ល្អ​ណាស់​ដែល​បានឃើញ​កម្ពុជា និង​សិង្ហបុរី​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ជាច្រើន​ទៀត​ក្នុង​ការបោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ ដែល​ក្នុងនោះ​ក៏មាន​ប្រទេស​អាស៊ាន​ភាគច្រើន​ដែល​បាន​បោះឆ្នោត​គាំទ្រ​ផងដែរ​ដើម្បី​សម្ដែង​ពី​ «​ការឈ្លានពាន​» របស់​រុស្ស៊ី និង​ទាមទារ​ឱ្យ​រុស្ស៊ី​បញ្ចប់សង្គ្រាម​ប្រឆាំងនឹង​អ៊ុយក្រែន​។

លោក​សរសេរថា​៖ «​ពិភពលោក​កំពុង​ចាត់វិធានការ​ ដើម្បី​ឱ្យ​រុស្ស៊ី​ទទួល​ខុសត្រូវ​»​។

ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​បង្ហោះ​សារ​នៅលើ​បណ្តាញ Twitter នា​ថ្ងៃទី​ ៣ ខែកុម្ភៈ​ថា​៖ «​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ជាខ្លាំង​ដែល​បារាំង និង​កម្ពុជា​គាំទ្រ​ដូចគ្នា​ចំពោះ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​គោលការណ៍​បង្កើត​សណ្តាប់ធ្នាប់​អន្តរជាតិ​។ ចូរ​យើង​រួបរួមគ្នា​បញ្ចប់​ទុក្ខវេទនា​របស់​ប្រជាជន​អ៊ុយក្រែន ហើយ​ស្វែងរក​ផ្លូវ​ទៅកាន់​សន្តិភាព​!»​។

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​សម្ដែង​ការ​ព្រួយ​បារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ស្ថានការណ៍​កាន់តែ​តានតឹង និង​ធ្វើឱ្យ​ស្ថានភាព​មនុស្សធម៌​កាន់តែ​អាក្រក់​ឡើង ដែល​កើតចេញពី​អរិភាព យោធា​ដែល​កំពុង​បន្ត​នៅក្នុង​ប្រទេស​អ៊ុយក្រែន​។

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​នា​ថ្ងៃទី​ ៣ ខែកុម្ភៈ ថា​៖ «​យើង​សូម​អំពាវនាវ​ឱ្យមាន​បទឈប់​បាញ់​ជាបន្ទាន់ និង​បន្ត​ការសន្ទនា​នយោបាយ​ដែល​នឹង​នាំទៅរក​សន្តិភាព​ប្រកបដោយ​និរន្តរភាព​នៅ​អ៊ុយក្រែន​។ យើង​សូម​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​បទ​ឈប់​បាញ់​ដើម្បី​បង្កើត​បរិយាកាស​អំណោយផល​សម្រាប់​ការចរចា​ដើម្បី​ដោះស្រាយ​វិបត្តិ​បច្ចុប្បន្ន និង​បញ្ចៀស​ការរង​ទុក្ខសោក​របស់​ប្រជាជន​ស្លូតត្រង់​មិនឱ្យ​រីក​កាន់តែ​ធំ​បន្តទៀត​»​។

ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​លេខ​ ៣​ ពី​ភ្នំពេញ​ទៅ​កំពត​នា​ថ្ងៃទី​ ២ ខែកុម្ភៈ​លោក ហ៊ុន សែន ​ថ្លែង​ដោយ​សង្ឃឹមថា ភាគី​ជម្លោះ​ទាំងសងខាង​នឹង​យោគយល់​ដល់​គោលជំហរ​របស់​កម្ពុជា​ដែល​ត្រូវប្រកាន់​យក​នៅតាម​វេទិកា​អន្តរជាតិ​នានា ហើយ​ក៏​មិនគួរ​ចាប់បង្ខំ​កម្ពុជា​ឱ្យទៅ​គាំទ្រ​ភាគី​ជម្លោះ​ណាមួយ​នោះដែរ​។

លោកនាយក​រដ្ឋមន្ត្រី​នៅតែ​មាន​ជំនឿ​ទៅលើ​ការចរចា​ដោយមាន​ការធានា​ឱ្យ​គ្នា​ទៅវិញ​ទៅមក និង​លើកទឹកចិត្ត​ឱ្យមាន​ការសន្ទនា ដោយ​ស្វែងរក​ដំណោះស្រាយ​មួយ​ដែល​ធានា​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​ថ្លែងថា​កម្ពុជា​មិន​ចង់​មើលឃើញ​ការឈ្លានពាន​របស់​ប្រទេស​ធំ​មួយ​មកលើ​ប្រទេស​តូច​ជាង​មួយ​នោះទេ តែ​កម្ពុជា​ចង់តែ​ឃើញ​ការដោះស្រាយ​ដោយ​សន្តិវិធី ដោយ​យក​ធម្មនុញ្ញ​សហប្រជាជាតិ​ជា​មូលដ្ឋាន​ដើម្បីឱ្យ​សណ្តាប់ធ្នាប់​ពិភពលោក​ជា​សណ្តាប់ធ្នាប់​ដែល​ផ្អែកលើ​ច្បាប់​។ លោក​ថ្លែងថា​៖ «​នរណា​ខ្លាំង​អ្នក​ហ្នឹង​ឈ្នះ អាហ្នឹង​គឺ​មិនមែន​ជា​ជម្រើស​ដែល​កម្ពុជា​ចង់ឃើញ​ទេ​»​។

ខណៈ​ស្ថានភាព​សង្គ្រាម​នៅ​អ៊ុយក្រែន​កំពុងមាន​ភាព​តានតឹង លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី​ ៣ ខែមីនា​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​យកចិត្ត​ទុកដាក់​ធានា​ដល់​សុវត្ថិភាព​ស្ថានទូត និង​ស្ថាន​តំណាង​ដែលមាន​ការពាក់ព័ន្ធ និង​ដែលមាន​និវេសនដ្ឋាន​នៅ​កម្ពុជា​ឱ្យបាន​ជាដាច់ខាត ដោយ​មិនត្រូវ​មើលស្រាល​ចំពោះ​ «​ជន​ឱកាសនិយម​» ឬ​ «​ឧក្រិដ្ឋជន​» ដែល​អាច​ប្រើប្រាស់​ស្ថានការណ៍​នេះ​ដើម្បី​បង្កបញ្ហា​ដល់​ស្ថានទូត និង​ស្ថាន​តំណាង​។

ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក ស ខេង ថ្លែងថា សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​បាន​ជះឥទ្ធិពល​មកដល់​កម្ពុជា​ជាបឋម​គឺ​ការឡើងថ្លៃ​ប្រេង ខណៈ​ប្រទេស​ផ្សេងៗ​ទៀត​​ក៏បាន​ជួបប្រទះ​បញ្ហា​ឡើងថ្លៃ​ប្រេង​នេះ​ដូចគ្នា​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍