ភ្នំពេញៈ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ «​ក.ប.ប​.» ណែ​នាំឱ្យ​ក្រុមហ៊ុន​ DKSH ​ធ្វើលិខិត​ប្រកាស​ព័ត៌មាន​ស្ដីពី​ការប្រមូល​មកវិញ​ពី​អ្នកប្រើប្រាស់​នូវ​ផលិតផល​ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក​ម៉ាក់ Similac ​បន្ទាប់ពី​រកឃើញ​វត្តមាន​មេរោគ​ក្នុង​ផលិតផល​នេះ ខណៈ​ក្រសួង​សុខាភិបាល​ក៏បាន​ប្រកាស​​ពី​ការប្រមូល​ត្រឡប់​ពី​ទីផ្សារ​មកវិញ​នូវ​ផលិតផល​ទឹកដោះគោ​មួយ​ចំនួន​។

ការប្រកាស​បែបនេះ​បានធ្វើ​ឡើង​ពី​ទី​ ២ ខែមីនា ក្នុងជំនួប​ពិភាក្សា​អំពី​យន្តការ​នៃ​ការប្រមូល​ផលិតផល​មកវិញ​ដោយ​ស្ម័គ្រចិត្ត​ពាក់ព័ន្ធ​នឹង​ការរកឃើញ​វត្តមាន​មេរោគ CRONOBACTER SAKAZAKI ក្នុង​ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក​ Similac ​ដែល​ផលិត​នៅ​អាមេរិក​រវាង​អគ្គនាយកដ្ឋាន ក.ប.ប. ជាមួយ​តំណាង​ក្រុមហ៊ុន DKSH​។

ទំព័រ​ហ្វេសប៊ុក​របស់​អគ្គនាយកដ្ឋាន ក.ប.ប. បាន​ឱ្យដឹងថា​៖ «​ផលិតផល​ដែល​ប៉ះពាល់​នេះ​មាន​លេខ​កូដ​ ២​ ខ្ទង់ ដំបូង ២២ ដល់ ៣៧ ត្រូវបាន​កំណត់​ដោយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​នៃ​សហរដ្ឋអាមេរិក​។ តាម​ព័ត៌មាន​ពី​ប្រភព​ផលិត​បានឱ្យដឹងថា ផលិតផល​នេះ​ត្រូវបាន​នាំចូល​មក​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អាស៊ី ប៉ុន្តែ​មិន​​បាន​នាំ​ចូលមក​ក្នុង​ប្រទេស​កម្ពុជា​ឡើយ​»​។

ជាមួយ​នឹង​ការប្រកាស​នេះ​អគ្គនាយកដ្ឋាន ក.ប.ប. បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន DKSH រៀបចំ​ធ្វើលិខិត​ប្រកាស​ព័ត៌មាន​ស្ដីពី​ការប្រមូល​មកវិញ​ពី​អ្នក​ប្រើប្រាស់​ក្នុងករណី​ដែលមាន​បញ្ជា​ទិញ​ពី​ប្រភព​ផ្សេងៗ​ទៀត​។

លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​បន្ថែមថា ក.ប.ប. បាន​ទុកពេល​ឱ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​សេចក្តី​ប្រកាស​ជា​ផ្លូវការ ដើម្បី​ឆ្លើយតប​ទៅកាន់​សាធារណជន និង​ប្រមូល​ត្រឡប់​ផលិតផល​ទាំង​​នេះ​ពី​អតិថិជន​មកវិញ​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅពេល​នេះ​ក្រុមហ៊ុន​កំពុង​ធ្វើ​នីតិវិធី​ធ្វើ​សេចក្តីជូនដំណឹង​ទៅ​សាធារណជន​ហើយ​ថ្ងៃ​ចន្ទ​ខាងមុខ​គេ​នឹងធ្វើ​ការផ្សព្វផ្សាយ​ជា​សាធារណៈ​។ ដូច្នេះ​ខ្ញុំ​នឹង​ជូនដំណឹង​ជាថ្មីទៀត​គ្រាន់តែ​ថា​យើង​ផ្តល់​ភាពអនុគ្រោះ​ដល់​ក្រុមហ៊ុន​គេ​សិន​»​។

ពាក់ព័ន្ធ​នឹង​ផលិតផល​ដែល​រកឃើញ​មាន​មេរោគ​នេះ អ្នកស្រី​ ម៉ង ល័ក្ខស្មី ជា​អាណាព្យាបាល​ម្នាក់​រស់នៅ​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើងថា កូន​អ្នកស្រី​វ័យ​ជាង​ ៣ ​ខែ ហើយ អ្នកស្រី​បានឱ្យ​កូនបៅ​ទឹកដោះគោ​ប្រភេទ​នេះ​បាន​ជាង​ ២ ​ខែ ក៏​ធ្លាក់ខ្លួន​ឈឺ​។

អ្នកស្រី​ថា​៖ «​ដំបូង​ឡើយ​ខ្ញុំ​មិន​ជឿថា ទឹកដោះគោ​នេះ​មាន​មេរោគ​ទេ ដល់ពេល​គេ​ប្រកាស​​បាន​ខ្ញុំ​ពិនិត្យ​លើ​ដប​កំប៉ុង​ថា​លេខ​កំប៉ុង​ដែល​កូន​ខ្ញុំ​កំពុង​ប្រើ​គឺជា​លេខ​ដែល​គេ​ប្រកាស ប្រមូល​ត្រឡប់​ទៅវិញ​»​។

យ៉ាងណាក្ដី អ្នកស្រី​ ល័ក្ខស្មី​ បាន​សរសើរ​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ ដែល​បានប្រកាស​ភ្លាមៗ​ពី​បញ្ហា​ដែល​កើតមាន​លើ​ផលិតផល​របស់ខ្លួន​ហើយ​បានប្រកាស​ប្រមូល​ត្រឡប់មកវិញ​។ ​ប៉ុន្តែ​អ្នកស្រី​អន់ចិត្ត​ចំពោះ​កន្លែង​លក់រាយ​មួយចំនួន​ដែល​អ្នកស្រី​បាន​ទិញ​ម្សៅ​ទឹកដោះគោ​នេះ​ ដោយសារ​ពួកគេ​មិន​ទទួល​ផលិតផល​នេះ​ពី​អ្នកស្រី​វិញ​។

អ្នកស្រី​បញ្ជាក់ថា​៖ «​ដោយសារ​តែ​ខ្ញុំ​ខ្លាច​ផលិតផល​នេះ​អស់​ស្តុក​ខ្ញុំ​ក៏បាន​បញ្ជា​ទិញ​យ៉ាងច្រើន​ពី​ភ្នំពេញ​ផង​ពី​ហាង​ក្នុង​ខេត្ត​ផង​យកមក​ស្តុក​ទុក​។

គ្រាន់តែ​ទទួលបាន​ព័ត៌មាន​នេះ​​ហាង​នៅ​ភ្នំពេញ​បានទទួល​ត្រឡប់​ផលិត​នេះ​ពី​ខ្ញុំ​វិញ​។ ​ប៉ុន្តែ​ខ្ញុំ​នៅសល់​ ៩​ កំប៉ុង​ហាង​ក្នុង​ខេត្ត​គេ​មិន​ព្រមយក​វិញ​សរុប​ជា​លុយ​ជាង​ ៣០០ ​ដុល្លារ​»​។

ទាក់ទង​នឹង​បញ្ហា​នេះ​នៅ​ថ្ងៃទី​ ៣ មីនា ក្រសួងសុខាភិបាល​ក៏បាន​ប្រកាស​ពី​ការប្រមូល​ត្រឡប់​ពី​ទីផ្សារ​មកវិញ​នូវ​ផលិតផល​ទឹកដោះគោ Alimentum, EleCare និង Human Milk Fortifier ឬ similar នេះ​ផងដែរ​។

សេចក្តី​ជូន​ព័ត៌មាន​នេះ​ឱ្យ​​ដឹងថា ក្រសួង​សុខាភិបាល​បានទទួល​ដំណឹង​ពី​បណ្ដាញ​អាជ្ញាធរ​សុវត្ថិភាព​ចំណីអាហារ​អន្តរជាតិ​ (INFOSAN) សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ឱសថ​ និង​​ចំណីអាហារ​សហរដ្ឋអាមេរិក សេចក្ដីប្រកាស​របស់​រោងចក្រ​ផលិត​ទឹកដោះគោ​ឈ្មោះ​អ៊ែបប៊ុត​ (Abbotl)​ និង​លិខិត​ចុះ​ថ្ងៃ​​ទី​ ២១ ខែកុម្ភៈ​ឆ្នាំ​ ២០២២ របស់​ក្រុមហ៊ុន​ឌីខេអេសអេច ​(​ខេមបូឌា​) ​អិលធីឌី បានបញ្ជាក់​ពី​ការប្រមូល​ត្រឡប់​មកវិញ​ដោយ​​ស្ម័គ្រចិត្ត​នូវ​ផលិតផល​ទឹកដោះគោ​ទាំងនោះ​ដែល​ផលិត​ដោយ​​រោងចក្រ​ឈ្មោះ Sturgis)​ នៅ​​អាមេរិក​សង្ស័យថា មាន​ឆ្លង​មេរោគ​ឈ្មោះ​ ក្រូណូបាក់ទែរ សាកាហ្សាគី​ (Cronohacler Snkazaki និង​សាលម៉ូណែលឡា ​(Salmonella)​ ក្នុង​ខ្សែចង្វាក់​ផលិតកម្ម​។

ក្រសួង​បាន​បន្តថា​៖ «​មេរោគ​​នេះ​បង្កឱ្យ​មាន​គ្រោះថ្នាក់​ដល់​​សុខភាព​អ្នកប្រើប្រាស់​ពិសេស​​ចំពោះ​ទារក​ និង​កុមារ​តូចៗ​។

សូមបញ្ជាក់ថា ពពួក​មេរោគ​​ក្រូណូបាក់ទែរ​សាកាហ្សាគី​ស្លាប់​បាន​នៅ​សីតុណ្ហភាព​ ៧០ ​អង្សាសេ​ឡើង​។ ដូចនេះ​ចំពោះ​មាតា​​បិតា​ដែល​និយម​ (​ឆុង​) ​ទឹកដោះគោ​ម្សៅ​ជាមួយ​ទឹក​ត្រជាក់​ដែលមាន​កម្ដៅ​ទាប​ជាង​ ៧០ ​អង្សាសេ​គឺមាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​កូន​...»​។

ក្រសួង​សុខាភិបាល​អះអាង​​ថា​ប្រទេស​កម្ពុជា​ពុំមាន​នាំចូល​​ស្របច្បាប់​នូវ​ផលិតផល​ដែល​សង្ស័យ​នេះ​ទេ​តែ​ក្រសួង​សុខាភិបាល​បារម្ភ​ខ្លាច​ប្រជាជន​យើង​​ប្រើប្រាស់​ផលិត​ទាំងនេះ​ដោយ​ប្រការ​ណាមួយ​។

ករណី​ម្សៅ​ទឹកដោះគោ​មាន​បញ្ហា​បែបនេះ កាលពី​ឆ្នាំ​ ២០២០ ​ក៏​ធ្លាប់មាន​អាណាព្យាបាល​ក្មេង​​ប្តឹងទៅ​ក្រសួង​សុខាភិបាល​ផង​​ដែរ បន្ទាប់ពី​កូនៗ​ពួកគេ​ជួប​បញ្ហា​កង្វះ​ឈាមក្រហម​ និង​ខ្វះ​ជាតិ​ដែក ក្រោយ​ប្រើ​ម្សៅ​ទឹកដោះ​គោ​ម៉ាក​ Nutrilatt​។

ចាប់ពី​ឆ្នាំ​ ២០០០ ដល់​ឆ្នាំ​ ២០១០ អត្រា​បំបៅកូន​ដោយ​ទឹកដោះ​តែ​ ១​ មុខ នៅ​កម្ពុជា​​ចាប់ពី​កើត​ដល់​ ៦ ​ខែ​ (​ស្របតាម​​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​) ​បាន​កើន​ខ្លាំង​​គឺ​ចាប់ពី​ ១១%​ ដល់​ ៧៤%​។ ប៉ុន្តែ​របាយការណ៍​ឆ្នាំ​ ២០១៤​ បែរជា​បង្ហាញថា ធ្លាក់ចុះ ព្រោះ​​តែ​ការផ្សព្វផ្សាយ​ពី​ផលិតផល​ទឹកដោះគោ​គ្មាន​សីលធម៌​ជះ​​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការបំបៅ​​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​៕

វីដេអូ៖