ភ្នំពេញៈ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន (​អ.ជ.ប.គ.ប​) ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​រាជធានី​-​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​អនុវត្ត​ឱ្យបាន​តឹងរ៉ឹង​បំផុត​លើ​ការហាមឃាត់​ការនាំ​ចូល ជួញដូរ និង​ការប្រើប្រាស់​បារី​អេឡិចត្រូនិក និង​ផលិតផល​ថ្នាំជក់ HTPs ខណៈ​ដែល​ទំនិញ​ប្រភេទ​នេះ​កំពុង​ត្រូវបាន​គេ​ផ្សព្វផ្សាយ​លក់​តាម​បណ្តាញ​សង្គម​មួយចំនួន​។

ក្នុង​សិក្ខាសាលា​ស្តីពី​ «​ការហាមឃាត់​ការនាំ​ចូល និង​ជួញដូរ​បារី​អេឡិចត្រូនិក និង HTPs» ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​ ២៨ ខែកុម្ភៈ ឆ្នាំ​ ២០២២ លោក​ មាស វីរិទ្ធ អគ្គលេខាធិការ អ.ជ.ប.គ.ប បានដាក់​ចេញ​នូវ​វិធានការ​ថ្មី​ចំនួន​ ៣ ​ដើម្បី​បង្ការ​ទប់ស្កាត់​ជាបន្ទាន់​នូវ​ការធ្វើ​ពាណិជ្ជកម្ម ការជួញដូរ និង​ការនាំចូល​នៃ​ផលិតផល​បារី​អេឡិចត្រូនិក និង HTPs គ្រប់​ប្រភេទ​នៅ​កម្ពុជា​។ ក្នុងនោះ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​រាយការណ៍​ពី​ការចូលរួម​ក្នុង​ការបង្ក្រាប និង​រឹបអូស​បារី​អេឡិចត្រូនិក និង HTPs ទាំងអស់​ទៅកាន់ អ.ជ.ប.គ.ប ដើម្បីឱ្យ​មន្ត្រី​ជំនាញ​អាច​ចងក្រង​របាយការណ៍​ពេញលេញ និង​ត្រឹមត្រូវ​។

លោក វីរិទ្ធ បាន​និយាយថា បារី​អេឡិចត្រូនិក និង HTPs ត្រូវបាន​បំពាក់​ដោយ​ឧបករណ៍​ថាមពល​ថ្ម​ដែល​បង្កើត​ថាមពល​កម្ដៅ ដើម្បី​បំប្លែង​មាតិកា​របស់​ឧបករណ៍​ទៅជា​ចំហាយ ដែល​អ្នកប្រើប្រាស់​ស្រូប​ចូល​។ ក្រុម​អ្នកជួញដូរ​បានធ្វើការ​ផ្សព្វផ្សាយ​នូវ​ផលិតផល​ទាំងនេះ​នៅលើ​ទីផ្សារ​ថា មាន​សុវត្ថិភាព​ជាង​បារី ប៉ុន្តែ​តាម​ការសិក្សា​បង្ហាញថា ការប្រើប្រាស់ បារី​អេឡិចត្រូនិក និង HTPs នៅតែ​អាច​នាំឱ្យ​កើត​ជំងឺមហារីក​សួត បេះដូង ឬ​បង្ក​ឱ្យស្លាប់​បាន​។

លោក​បញ្ជាក់ថា​៖ «​ហេតុដូច្នេះ​យើង​ត្រូវ​រួមគ្នា​បង្ការ​ទប់ស្កាត់​ការប្រើប្រាស់ បារី​អេឡិចត្រូនិក និង HTPs ដែលជា​ច្រកចូល​នៃ​ការប្រើប្រាស់​គ្រឿងញៀន​»​។

នាយក​ប្រតិបត្តិ​អង្គការ​ចលនា ដើម្បី​សុខភាព​កម្ពុជា លោក​វេជ្ជបណ្ឌិត មុំ គង់ មានប្រសាសន៍ថា​ថ្មីៗ​នេះ​លោក​បាន​សង្កេតឃើញ​មនុស្ស​ជាច្រើន និង​ជាពិសេស​ឈ្មួញកណ្តាល​កំពុង​លក់​បារី​អេឡិចត្រូនិក និង HTPs ដោយ​ការបង្ហោះ ឬ​ផ្សាយ​ផ្ទាល់ លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូចជា TikTok, Instagram, Telegram និង​ជាពិសេស facebook​។

លោក​បន្តថា មិនតែ​ប៉ុណ្ណោះ​ពួកគេ​បាន​ផ្សព្វផ្សាយ​បង្ហាញ​ពី​រសជាតិ ឬ​ក្លិនក្រអូប និង​ភាពស៊ីវីល័យ​នៃ​ការប្រើប្រាស់​បារី​អេឡិចត្រូនិក និង HTPs ព្រមទាំង​និយាយថា ផលិតផល​ទាំងនោះ ជា​ម៉ាស៊ីន​ ឬ​ឧបករណ៍​ផ្តាច់​បារី និង​គ្មាន​ផលប៉ះពាល់​ទៀតផង​។

លោក​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន យើង​បាន​សង្កេតឃើញ​យុវជន​យើង​ជាច្រើន​បាន​ធ្លាក់​ចូលក្នុង​អន្ទាក់​នៃ​ការអូសទាញ​របស់​ក្រុម​អ្នកលក់​បារី​អេឡិចត្រូនិក និង HTPs ហើយ​បាន​ក្លាយជា​អ្នកប្រើប្រាស់​បារី​អេឡិចត្រូនិក និង​ HTPs ដោយ​មិនដឹង​ខ្លួន​»​។

បើតាម​លោក មុំ គង់ វត្ថុរាវ ដែល​ប្រើ​ក្នុង​បារី​អេឡិចត្រូនិក និង HTPs មាន​ផ្ទុក​នូវ​សារ​ធាតុគីមី​ដែល​បង្ក​គ្រោះថ្នាក់​ជាច្រើន​ដូចជា​នីកូទីន​ (nicotine)​ គ្លីសេរីន​ (glycerin) គ្លីខូល ​(glycol) និង​ប្រូភីលីន (propylene) ​ដែល​ងាយ​បង្ក​ជា​ជំងឺ​ផ្លូវដង្ហើម មហារីក​សួត និង​បេះដូង និង​អាច​បង្ក​ឱ្យស្លាប់​បាន​។ ម្យ៉ាងទៀត​ឧបករណ៍​បារី​អេឡិចត្រូនិក មាន​ហានិភ័យ​លេច​ធ្លាយ​ឆេះ ផ្ទុះ ដោយ​អាច​បង្ក​នូវ​ការ​រលាក​ធ្ងន់ធ្ងរ​។

ប្រធាន​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព​នៃ​ក្រសួងសុខាភិបាល​លោកស្រី ឈា ឆដាភា បាន​មានប្រសាសន៍ថា កន្លងមក រាជរដ្ឋាភិបាល​បាន​ហាមឃាត់ និង​ទប់ស្កាត់​ការនាំចូល​ព្រមទាំង​បាន​ចុះបង្ក្រាប​ក្នុង​ករណី​មានការ​លក់ដូរ​បារី​ប្រភេទ​នេះ​ជា​បន្តបន្ទាប់ ខណៈ​បារី​អេឡិចត្រូនិក​ជា​បារី​បែប​ថ្មី​មួយ​ដែលមាន​ផ្ទុក​នូវ​សារធាតុ​នីកូទីន ឬ​សារជាតិ​ញៀន និង​សារធាតុពុល​ផ្សេងទៀត ដែល​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ជក់ និង​អ្នក​ស្រូប​ចំហាយ​ពី​គេ​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​ក្រសួង និង​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ហាមឃាត់​យូរហើយ​មាន​ការចុះបង្ក្រាប​ជា​ហូរហែ​ដែរ ហើយ​ការផ្សព្វផ្សាយ​តាម​អន​ឡាញ​ក៏​យើង​បាន​ធ្វើការ​តាមដាន និង​ចុះទៅ​បង្ក្រាប​ផ្ទាល់ ដូច្នេះ​យើង​មាន​វិធានការ​ជា​បន្តបន្ទាប់​លើ​ករណីនេះ​»៕

វីដេអូ៖