
មន្ត្រីចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលបន្ថែម។ រូបថត អាជ្ញាធរជាតិអប្សរា
សៀមរាបៈ អាជ្ញាធរជាតិអប្សរាបានបើកវគ្គបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពមន្ត្រីក្នុងការលើកកម្ពស់ការងារពិនិត្យវាយតម្លៃអំពីសំណង់ និងការស្វែងយល់ស៊ីជម្រៅពីបទដ្ឋានច្បាប់នៃការគ្រប់គ្រងសំណង់ក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងនិតិវិធីក្នុងការចុះសម្របសម្រួលការងារប្រកបដោយប្រសិទ្ធភាព និងលើកតម្លៃតំបន់អង្គរ តាមរយៈការថែរក្សាទម្រង់ស្ថាបត្យកម្មផ្ទះខ្មែរ។
នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរានៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ អាជ្ញាធរជាតិអប្សរាបានបើកវគ្គបណ្តុះបណ្តាលជំនាញស្តីពី «បទដ្ឋានក្នុងការរៀបចំដីធ្លី និងការគ្រប់គ្រងសំណង់ក្នុងរមណីយដ្ឋានអង្គរ» ជូនដល់មន្ត្រីបុគ្គលិក មកពីនាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅឋានក្នុងឧទ្យានអង្គរ រួមទាំងនិស្សិតមហាវិទ្យាល័យស្ថាបត្យកម្មនៃសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈសរុបចំនួន ១០០ នាក់។ នេះបើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាថ្លែងនៅថ្ងៃទី ២ ខែមីនាថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ពង្រឹងសមត្ថភាព និងផ្តល់ចំណេះដឹងបន្ថែមដល់មន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ព្រោះពួកគាត់ជាអ្នកធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅតំបន់រមណីយដ្ឋានអង្គរ។ ពួកគាត់ក៏ជាអ្នកត្រួតពិនិត្យមើលការសាងសង់លើសំណង់ទាំងឡាយ ក៏ដូចជាធ្វើការទប់ស្កាត់នូវសំណង់ខុសច្បាប់ផ្សេងៗ ផងដែរ។
លោកបន្តថា វគ្គបណ្តុះបណ្តាលនេះ ក៏ដើម្បីលើកកម្ពស់ការងារពិនិត្យវាយតម្លៃអំពីសំណង់ និងការស្វែងយល់ស៊ីជម្រៅពីបទដ្ឋានច្បាប់នៃការគ្រប់គ្រងសំណង់ ក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងនិតិវិធីក្នុងការចុះសម្របសម្រួលការងារប្រកបដោយប្រសិទ្ធភាព ជាពិសេសដើម្បីធ្វើការអប់រំ និងផ្សព្វផ្សាយចំណេះដឹង ដល់និស្សិតលើកិច្ចការរបស់អាជ្ញាធរជាតិអប្សរា និងការគ្រប់គ្រងរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
លោកថ្លែងថា៖ «គោលបំណងរបស់យើងសំខាន់ទី ១ ណែនាំមន្ត្រីជំនាញរបស់យើងអំពីកម្រិតសមត្ថភាពបន្ថែម ទី ២ គឺយើងចង់ផ្សព្វផ្សាយទៅដល់សាធារណជន ជាពិសេសសិស្សនិស្សិត ដែលយើងហៅថា ជាទំពាំងស្នងឫស្សីហ្នឹងឱ្យគាត់កាន់តែយល់ជ្រាបឱ្យបានច្បាស់អំពីបទដ្ឋានទាំងឡាយពាក់ព័ន្ធនឹងសំណង់ស្ថាបត្យកម្មខ្មែរ» ។
លោកបន្តថា ចំពោះការរៀបចំដែនដី និងសំណង់នៅតំបន់អង្គរ អាជ្ញាធរជាតិអប្សរា លើកទឹកចិត្តឱ្យពលរដ្ឋបន្តថែរក្សាឱ្យបាននូវទម្រង់ស្ថាបត្យកម្មខ្មែរ ផ្ទះខ្មែរបុរាណនៅបរិវេណតំបន់អង្គរ។ ទន្ទឹមនោះ អាជ្ញាធរនឹងរៀបចំគ្រប់គ្រងដែនដីប្រកបដោយបទដ្ឋានក្នុងការប្រើប្រាស់ចំណីផ្លូវការធ្វើផ្ទះលក្ខណៈភូមិបែបប្រពៃណី ដើម្បីឱ្យផ្តល់តម្លៃថែមទៀតដល់រមណីយដ្ឋានអង្គរ។
លោកថ្លែងថា៖ «នៅពេលដែលយើងមកដល់រមណីយដ្ឋានអង្គរ យើងឃើញអំពីស្ថានភាពនៃការរស់នៅរបស់បងប្អូនអ្នកភូមិអ្នកស្រុករបស់យើង គាត់មានលក្ខណពិសេសដាច់ដោយឡែករបស់គាត់។ អាហ្នឹងហើយជាចំណុចសំខាន់ដែលយើងត្រូវថែរក្សាឱ្យបាន ហើយលក្ខណពិសេសនោះ មិនអាចមើលឃើញនៅក្នុងទីក្រុងធំៗនាពេលបច្ចុប្បន្ននេះទេ» ។
បើតាមអាជ្ញាធរជាតិអប្សរានៅក្នុងវគ្គបណ្តុះបណ្តាលនេះ លោក ស៊ឹម ប៊ុនធឿន ជាវាគ្មិន និងជាអនុប្រធាននាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរបានធ្វើបទបង្ហាញ ៤ ចំណុចសំខាន់ៗដល់សិក្ខាកាម រួមមាន ទី ១ ច្បាប់គតិយុត្ត ដែលអប់រំអំពីការគ្រប់គ្រង និងប្រើប្រាស់ដី ការបដិសេធច្បាប់សាងសង់ និងការអនុញ្ញាតច្បាប់សាងសង់។
ទី ២ សំណង់លំនៅឋានខ្មែរ គឺបង្ហាញអំពីលក្ខណៈទូទៅនៃផ្ទះខ្មែរ ប្រភេទសំណង់នៃផ្ទះខ្មែរ លក្ខណៈបច្ចេកទេសនៃការសាងសង់ផ្ទះខ្មែរ និងការតុបតែងកែលម្អ។ ទី ៣ ការផ្លាស់ប្ដូរសំណង់ផ្ទះខ្មែរ និងទី ៤ គោលការណ៍របស់អាជ្ញាធរជាតិអប្សរាក្នុងការគ្រប់គ្រងលំនៅឋានប្រពៃណីក្នុងឧទ្យានអង្គរ៕