ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) បើកទទួល​ពាក្យស្នើសុំ ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​នយោបាយ ចាប់ពី​ថ្ងៃទី​ ៤ ដល់​ថ្ងៃទី​ ៦ ខែមីនា ឆ្នាំ ២០២២ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២​។

លោក នុត សុខុម អនុប្រធាន គ.ជ.ប ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃទី​ ៣ ខែមីនា​ថា គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ អាចដាក់​ពាក្យ​ស្នើសុំ​ចុះបញ្ជី​បេក្ខជន​តាម​ការកំណត់​របស់ គ.ជ.ប ទៅ​គណៈកម្មការ​ឃុំ​-​សង្កាត់ រៀបចំ​ការបោះឆ្នោត (​គឃ.សប​) ចាប់ពី​ថ្ងៃទី​ ៤ ដល់​ថ្ងៃទី​ ៦ ខែមីនា ឆ្នាំ​ ២០២២​។ គណបក្ស​នយោបាយ​ត្រូវបំពេញ​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត និងសេចក្តី​សម្រេច​របស់ គឃ.សប (​ទ.១០០៨) ចំនួន​ ២ ​ច្បាប់​។ ពាក្យសុំ​ចុះបញ្ជី​បេក្ខជន​នេះ ត្រូវបាន​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ​។

លោក​ថ្លែងថា​៖ «​ពាក្យសុំ​ត្រូវ​ចុះ​ហត្ថលេខា ដោយ​ប្រធាន​គណបក្ស​ ឬ​តំណាង​ដែល​បានទទួល​ការផ្ទេរសិទ្ធិ​ជាលាយលក្ខណ៍​អក្សរ​ពី​ប្រធាន​គណបក្ស​នោះ​។ ការផ្ទេរសិទ្ធិ​នេះ មិន​អនុញ្ញាតឱ្យ​ផ្ទេរសិទ្ធិ​បន្ត​ឡើយ លើកលែងតែ​ក្នុង​លិខិត​ផ្ទេរសិទ្ធិ​នោះ មាន​ខ្លឹមសារ​អនុញ្ញាតឱ្យ​ផ្ទេរសិទ្ធិ​បន្ត​»​។

លោក នុត សុខុម បញ្ជាក់​ទៀតថា បន្ទាប់​ពីថ្ងៃ​បញ្ចប់​ការទទួល​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន គឃ.សប ត្រូវធ្វើ​ការពិនិត្យ​លើ​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន​ទាំងនោះ ក្នុង​រយៈពេល​ ១​ ថ្ងៃ​។ បន្ទាប់មក គឃ.សប ត្រូវ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​បញ្ជី​បេក្ខជន ដែល​បាន​ពិនិត្យ​រួចហើយនោះ នៅ​ទីស្នាក់ការ​របស់ខ្លួន​ក្នុង​រយៈពេល​យ៉ាងយូរ ៣ ​ថ្ងៃ​។

លោក​ថ្លែងថា​៖ «​ក្នុង​រយៈពេល​ ៧​ ថ្ងៃ​យ៉ាងយូរ បន្ទាប់ពី​បានទទួល​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ គឃ.សប ត្រូវ​សម្រេច​យល់ព្រម ឬ​បដិសេធ​លើ​ពាក្យសុំ​នោះ​»​។

លោក សៅ វ៉ាន់ដេត តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែងថា បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ឆ្នាំ​ ២០២២ នេះ មិនមាន​អ្វី​ប្រែប្រួល ខុសពី​អាណត្តិ​មុនៗ​នោះទេ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​នឹងចូលរួម​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់ បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត​។

លោក​បន្តថា ចំពោះ​កម្មវិធី​របស់ គ.ជ.ប សម្រាប់​រៀបចំ​បញ្ជី​បេក្ខជន​ឃើញថា​ល្អ ព្រោះ​បានរៀបចំ​សេចក្ដី​ណែនាំ​នៃ​ការប្រើប្រាស់ និង​ធ្វើ​វីដេអូ​បង្ហាញ​ពី​ការអនុវត្ត​ផ្ទាល់ ធ្វើឱ្យ​គណបក្ស​យកទៅ​បណ្ដុះបណ្ដាល ឬ​ផ្សព្វផ្សាយ​បន្ត​មាន​ភាពងាយស្រួល​។ ប៉ុន្តែ គ.ជ.ប ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់ កៀក​ពេល​ពេក ទម្រាំ​គណបក្ស​យកទៅ​បណ្ដុះបណ្ដាល និង​ផ្សព្វផ្សាយ​បន្ត​ដល់​មូលដ្ឋាន​ទទួល​ធ្វើ​ការងារ​នេះ មាន​រយៈពេល​ខ្លី​ក្នុងការ​រៀបចំ​បញ្ជី​បេក្ខជន​តាម​ប្រព័ន្ធ និង គ.ជ.ប បិទ​ប្រព័ន្ធ ៣ ​ថ្ងៃមុន​ថ្ងៃ​ចាប់ផ្ដើម​ទទួល​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន​ធ្វើឱ្យ​គណបក្ស​មានការ​លំបាក​នៅពេល​មានការ​ផ្លាស់ប្ដូរ​បេក្ខជន​ដែល​ត្រូវឱ្យ​គណបក្ស​ត្រូវ​រៀបចំ​ដោយ​ដៃ​វិញ​។

លោក​ថា​៖ «​សំណូមពរ ប្រសិនជា​អាច ស្នើសុំ គ.ជ.ប រៀបចំ​កម្មវិធី​ដែល​អាចឱ្យ​គណបក្ស​បំពេញ​ឯកសារ​ពាក់ព័ន្ធ​ក្នុង​ទម្រង់ ១០០៨ ទាំងអស់​ក្នុង​ប្រព័ន្ធ តែម្ដង​ពេល​បំពេញ​រួច​ព្រីន​ចេញ​តែម្ដង​ជាការ​ស្រេច​»​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​ថ្លែង​ទទួលស្គាល់ថា ការរៀបចំ​ចុះបញ្ជី​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ជាការ​រៀបចំ​លើកដំបូង​របស់ គ.ជ.ប​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​អធ្យាស្រ័យ​ដែរ​ក្នុង​ការរៀបចំ​ប្រព័ន្ធ​សម្រាប់​ចុះឈ្មោះ​បេក្ខជន​នេះ វា​ពិតជា​មាន​រយៈពេល​ខ្លី​មែន ក៏ប៉ុន្តែ ដោយសារ​ការផ្សព្វផ្សាយ​របស់​យើង​មានការ​យឺតយ៉ាវ​ដែរ​។ អ៊ីចឹង​ទេ​បើ​យើង​បើក​មុន គណបក្សនយោបាយ​ខ្លះ ក៏​ពិបាក​យល់​ដែរ ហើយក៏​នឹង​ពិបាក​នឹងចូលរួម​ដាក់​បេក្ខជន​នេះដែរ​។ ដូច្នេះ បានជា គ.ជ.ប សម្រេច​បន្ទាប់ពី​បណ្តុះបណ្តាល គណបក្ស​យល់ ហើយ​គណបក្ស​អាច​ទៅ​ចុះបញ្ជី​អនុវត្ត​កម្មវិធី​នេះ រៀបចំ​ដាក់​បេក្ខជន​»​។

លោក អ៊ិត សារម្យ ប្រធាន​គណបក្ស​បំណង​ពលរដ្ឋ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣ ខែមីនា​ថា សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​នេះ គឺ​គណបក្ស​នឹងមិន​ដាក់​បេក្ខភាព​ឈរឈ្មោះ​ប្រកួតប្រជែង​ទេ ប៉ុន្តែ​គណបក្ស​របស់លោក​ចូលរួម​ជំរុញ​ឱ្យ​ការបោះឆ្នោត​នេះ មានការ​ប្រកួតប្រជែង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ការបើកចំហ​បរិយាកាស​នយោបាយ​។ «​ការបើកចំហ​បរិយាកាស​នយោបាយ មិនមែន​នៅពេល​មុន​ការបោះឆ្នោត​ ឬ​សម្រាប់​គណបក្ស​នយោបាយ ដែល​ចូលរួម​ការបោះឆ្នោត​ទេ គឺ​មានន័យថា ការផ្តល់​សេរីភាព ឱ្យបាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ប្រទេស ស្របតាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ និង​មាន​សិទ្ធិ​បញ្ចេញមតិ និង​ទទួល​ខុសត្រូវ​លើ​ជោគវាសនា​របស់​ពួកគាត់​»៕