ភ្នំពេញៈ ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២ ឆ្នាំ​ជាង​ ២៤ ​ម៉ឺន​នាក់​ទទួល​បានការ​គាំពារ​ដោយ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជាង ​១៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​និង​ត្រូវបាន​អនុវត្ត​ជាង​ ២ ​ឆ្នាំ ចុងក្រោយ​នេះ​។ នេះ​បើតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០២១ និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​ ២០២២​ នៃ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​។

ក្នុង​របាយការណ៍​បាន​ឱ្យដឹងថា គិតពី​ថ្ងៃទី​ ១ ខែមិថុនា ឆ្នាំ​ ២០១៩ ​ដល់​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២១ រដ្ឋាភិបាល​បាន​ផ្តល់​ប្រាក់ឧបត្ថម្ភ​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ពី ០-២ ​ឆ្នាំ សរុប​ចំនួន ២៤៤ ៦៣៦ នាក់​ដែល​បាន​ចំណាយ​ថវិកា​សរុប​ចំនួន ៦១ ៧៧៦ ៩៦០ ០០០ រៀល ស្មើនឹង​ជាង ១៥ លាន​ដុល្លារ​។ ដោយឡែក សម្រាប់​ ១១​ ខែ ឆ្នាំ​ ២០២១ រាជរដ្ឋាភិបាល​បានផ្តល់​ប្រាក់ឧបត្ថម្ភ​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ពី​ ០-២ ​ឆ្នាំ សរុប​ចំនួន ៤២ ៧៣៩ នាក់ ចំណាយ​ថវិកា​អស់​ជាង ៦ លាន​ដុល្លារ​។

ជាមួយ​គ្នានេះ របាយការណ៍​ដដែល​ក៏បាន​ឱ្យដឹង​ដែរ​ថា ក្នុង​ឆ្នាំ​ ២០២១ បានទទួល​ជន​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស និង​ធ្វើ​អាជីវកម្ម​ផ្លូវភេទ រំលោភបំពាន​ផ្លូវភេទ ដែល​ត្រូវបានធ្វើ​មាតុភូមិនិវត្តន៍ និង​ទទួល​ពី​ប្រទេស​នានា​សរុប​ចំនួន​ ៤០៤​ នាក់ ស្រី​ ៣៦០​ នាក់​។ ក្នុងនោះ​មកពី​ប្រទេស​ចិន ៣១៧ ​នាក់ វៀតណាម ១៤ ​នាក់ ឥណ្ឌូនេស៊ី ម្នាក់ ម៉ាឡេស៊ី ៣៤ ​នាក់ ថៃ ៣៤ នាក់​ និង​សិង្ហបុរី ៤​ នាក់ និង​បានធ្វើ​សមាហរណកម្ម​ឱ្យ​ត្រឡប់​ទៅ​សហគមន៍​វិញ​ចំនួន ៣១៧ ​នាក់​។

នាយិកា​នៃ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍ ដើម្បី​កម្ពុជា លោកស្រី រស់ សុភាព ​ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការអនុវត្ត​នាពេល​កន្លងមក តាមរយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​ និង​កុមារ​អាយុ​ក្រោម​ ២ ឆ្នាំ​គឺ​បានរួម​ចំណែក​លើកកម្ពស់​អាហារូបត្ថម្ភ​របស់​កុមារ​ក្នុង​គ្រួសារ​ក្រីក្រ​សំដៅ​ជំរុញ​ការលូតលាស់​ទាំង​កាយសម្បទា​ និង​ឆ្លាត​វៃ​ទាំង​សុខភាព​មាតា និង​ទារក​ដែលជា​ធនធាន​របស់​សង្គម​។ យ៉ាងណា​លោកស្រី​ជំរុញ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​មាន​យុទ្ធសាស្ត្រ​វែងឆ្ងាយ​ក្នុង​ការដោះស្រាយ​បញ្ហា​ទៅលើ​ស្ត្រី​មុនពេល​ពពោះ​ក៏ដូចជា​ដំណោះស្រាយ​ខ្វះ​មន្ទីរពេទ្យ នៅ​តំបន់​ដាច់ស្រយាល​ជាដើម​។

លោកស្រី​ក៏​សង្កេតឃើញថា ប្រព័ន្ធ​សុខាភិបាល​នាពេល​បច្ចុប្បន្ន​មាន​លក្ខណៈ​ល្អប្រសើរ​ហើយ ប៉ុន្តែ​លោកស្រី​នៅ​មើលឃើញថា កន្លែង​ខ្លះ​នៅមាន​ការខ្វះខាត ជាពិសេស​នៅ​តំបន់​ដាច់ស្រយាល​។

បើតាម​របាយការណ៍​ដដែល​ក្នុង​ឆ្នាំ​ ២០២១ រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សង្គមកិច្ច​បាន​ជួយ​អន្តរាគមន៍​ដល់​ជនរងគ្រោះ​ចំនួន ៣៦​ គោលដៅ រួមមាន ជួយ​ជនអនាថា គ្រួសារ​រងគ្រោះ​ដោយ​ដាច់​ស្បៀង ទីទ័លក្រ គ្រោះមហន្តរាយ និង​ជន​រង​ផលប៉ះពាល់​ដោយសារ​ផ្ទុកមេរោគ​អេដស៍ ជន​វិបល្លាស​ស្មារតី ស្រី្ត​មាន​ផ្ទៃពោះ កុមារ ជនរងគ្រោះ​ដោយសារ​អំពើ​ជួញដូរ​មនុស្ស អនីតិជន​ប្រព្រឹត្ត​ល្មើសច្បាប់​ដែល​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ជនពិការ និង​មនុស្ស​ចាស់​ជាដើម​។​ល​។

នៅ​ឆ្នាំ​បន្ទាប់ ក្រសួង​សង្គមកិច្ច​បានដាក់​ទិសដៅ​បន្ត ដោយ​បង្កើន​ប្រសិទ្ធភាព​សេវា​សុខុមាលភាព​សង្គម​ក្នុង​នោះ ការអភិវឌ្ឍ​សុខុមាលភាព​សម្រាប់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ និង​កិច្ចការ​គ្រួសារ​។ ការអភិវឌ្ឍ​សុខុមាលភាព​កុមារ និង​យុវនីតិសម្បទា​ការអភិវឌ្ឍ​សុខុមាលភាព​ជនពិការ ការអភិវឌ្ឍ​សុខុមាលភាព​មនុស្ស​ចាស់​ និង​ការអភិវឌ្ឍ​សុខុមាលភាព​អតីតយុទ្ធជន​។

របាយការណ៍​បន្តថា​៖ «​ត្រូវធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ​នូវ​ចំនួន​កុមារកំព្រា កុមារ​ពិការ កុមារ​ងាយ​រងគ្រោះ នៅតាម​រាជធានី ខេត្ត និង​ត្រូវ​រៀបចំ​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​ជំនួយ​សង្គម​ជា​កញ្ចប់​គ្រួសារ តាមរយៈ​ការធ្វើ​សមាហរណកម្ម​កម្មវិធី​ជំនួយ​សង្គម​បញ្ចូល​គ្នា​រួមមាន​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​ និង​កុមារ​ក្រោម​អាយុ ២ ​ឆ្នាំ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ជនពិការ មនុស្ស​ចាស់ និង​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​សិស្ស​ក្រីក្រ​»៕