បាត់ដំបងៈ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​ ១ អាជ្ញាធរ​មីន​កំពុង​ធ្វើ​ចលនា​បន្ត​កិច្ចសហប្រតិបត្តិការ និង​កៀរគរ​ជំនួយ​ពី​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ ដើម្បី​គាំទ្រ​ដល់​ផែនការ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ដែល​បានដាក់​ចេញ​គោលដៅ ​«​កម្ពុជា​ ១ ​គ្មាន​មីន​ឆ្នាំ​ ២០២៥»​។

លោក លី ធុជ បានបញ្ជាក់​បែបនេះ​ក្នុងពេល​ដឹកនាំ​ម្ចាស់ជំនួយ​ចុះ​ពិនិត្យ​កិច្ចប្រតិបត្តិការ​បោសសម្អាត​មីន​របស់ CMAC ក្រោម​ការគាំទ្រ​គម្រោង​បោសសម្អាត​មីន​ ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​ ៤ ស្ថិតក្នុង​ភូមិ​កុយវែង ឃុំ​ព្រះផុស ស្រុក​គាស់ក្រឡ ក្នុង​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​ ២ ខែមីនា​។

ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​នេះ​មានការ​ចូលរួម​ពី​លោកស្រី Allissar Chaker តំណាង UNDP ប្រចាំ​នៅ​កម្ពុជា លោក Ryan Tierney លេខា​ទូត​ទី​ ១ នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា និង​លោកស្រី Yeakyung Ji នាយិការង​ប្រចាំ​ប្រទេស​នៃ​ភ្នាក់ងារ KOICA ព្រមទាំង​មានការ​ទទួល​ស្វាគមន៍​ពី​លោក អ៊ុ ភូមិរ៉ូ អគ្គនាយករង​ CMAC​។

លោក លី ធុជ បាន​ថ្លែងថា​៖ «​អាជ្ញាធរ​មីន​ក្នុងនាម​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​បាននិង​កំពុង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង និង​បំពេញបេសកកម្ម​រួមគ្នា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ប្រទេស​ជា​មិត្ត ប្រតិបត្តិករ​បោសសម្អាត​មីន និង​ភាគី​ពាក់ព័ន្ធ ក្នុងការ​គាំទ្រ​ដើម្បីឱ្យ​កម្ពុជា​រួចផុត​ពី​គ្រាប់មីន​។ ខ្ញុំ​សូម​អំពាវនាវ​ដល់ដៃ​គូ​អភិវឌ្ឍន៍ និង​ប្រទេស​ជា​មិត្ត​ដែល​បាន​កំពុង​ជួយ និង​មិនទាន់បាន​ជួយ​កម្ពុជា​បន្ត​គាំទ្រ និង​ចូលរួម​ដើម្បី​បញ្ឈប់​វត្តមាន​គ្រាប់មីន និង​ដើម្បី​ភាពជោគជ័យ​របស់​កម្ពុជា​»​។

លោក​ថ្លែ​ថា​៖ «​ដើម្បី​គាំទ្រ​ដល់​ផែនការ​អាទិភាព​របស់​រាជរដ្ឋាភិបាល និង​ឈានទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ កម្ពុជា ១ ​គ្មាន​មីន​ឆ្នាំ​ ២០២៥ រាជរដ្ឋាភិបាល​កម្ពុជា មិនបាន​បង្អន់​ដៃ​ឡើយ​ការងារ​បោសសម្អាត​មីន ការចលនា​កៀរគរ​ធនធាន និង​ការចូលរួមចំណែក​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវតែ​ដំណើរការ​ដោយ​រលូន និង​ដើរ​ទន្ទឹមគ្នា​»​។

លោក​បញ្ជាក់ថា​៖ «​ការងារ​បោសសម្អាត​មីន​របស់​រាជរដ្ឋាភិបាល​នៅតែ​បន្ត​ទៅមុខ​​ជានិច្ច ហើយ​ការស្រាវជ្រាវ​ទិន្នន័យ​ចម្ការមីន​មិន​បច្ចេកទេស និង​ការពិនិត្យឡើងវិញ​នូវ​ការប្រើប្រាស់​ដី ត្រូវតែដើរ​ទន្ទឹមគ្នា​ដើម្បី​កាត់បន្ថយ​ផ្ទៃដី​កាត់បន្ថយ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ​ធនធាន​បោសសម្អាត​។ បន្ទាប់ពី​ស្តាប់​បទបង្ហាញ​សង្ខេប​អំពី​កិច្ចប្រតិបត្តិការ​របស់​មជ្ឈមណ្ឌល​ស៊ីម៉ាក់ ក៏ដូចជា​កិច្ចប្រតិបត្តិការ​ផ្ទាល់​របស់​កងឯកភាព​ទី​ ២ លោក លី ធុជ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កងកម្លាំង​បោសសម្អាត​មីន​របស់​ស៊ីម៉ាក់​រយៈពេល ៣០ ឆ្នាំ​កន្លងមកនេះ ព្រមទាំង​បាន​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​ប្រកបដោយ​សប្បុរសធម៌​របស់​ដៃគូ​អភិវឌ្ឍន៍ និង​ប្រទេស​ជា​មិត្ត ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការកសាង និង​បង្កើត​នូវ​សមិទ្ធផល​សម្រាប់​វិស័យ​មីន​នាពេល​កន្លងមក​។

បើតាម​របាយការណ៍​របស់ CMAC សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ស្ថិតនៅ​រាយប៉ាយ​រាប់លាន​គ្រាប់​នៅ​ពាសពេញ​ផ្ទៃប្រទេស​កម្ពុជា និង​ជា​បន្ទុក​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​ប្រជាជន និង​រាជរដ្ឋាភិបាល​ត្រូវ​ប្រឈមមុខ​ដោះស្រាយ​។ តាម​ការប៉ាន់ប្រមាណ​មាន​គ្រាប់មីន​ប្រមាណ ៤-៦​ លាន​គ្រាប់ និង​មាន​គ្រាប់បែក​ចង្កោម​ប្រមាណ ៣០ លាន​កូន​គ្រាប់បែក​ចង្កោម​ត្រូវបាន​ប្រើប្រាស់ និង​ទម្លាក់​នៅ​កម្ពុជា ជាពិសេស​ការទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា ដោយ​សហរដ្ឋអាមេរិក​មាន​ប្រមាណ ២,៧ ​លាន​តោន​។ សំណល់ យុទ្ធភណ្ឌ​សង្គ្រាម​ចែកចេញជា គ្រាប់មីន​ប្រឆាំង​រថក្រោះ គ្រាប់មីន​ប្រឆាំង​មនុស្ស គ្រាប់បែក​ចង្កោម គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នានា និង​គ្រាប់បែក​គីមី ដែល​ប៉ះពាល់​ផ្ទៃដី រាប់ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​។

ទោះបីជា​ទំហំ​នៃ​បញ្ហា​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ធំធេង​យ៉ាងនេះ​ក៏ដោយ តែ​ដោយសារ​ការខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ឆន្ទៈ​ខ្ពស់​របស់​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ព្រមទាំង​ប្រតិបត្តិករ​បោសសម្អាត​មីន ក្រោម​ការសម្របសម្រួល​ពី​អាជ្ញាធរ​មីន​កម្ពុជា​បានធ្វើឱ្យ​អត្រា​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​មាន​ការធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​។

ឆ្នាំ​ ២០២២ ​នេះ CMAC មាន​អាយុកាល ៣០ ​ឆ្នាំ​ហើយៗ​បាន​ធ្វើការ​បោសសម្អាត​ផ្ទៃដី ចម្ការមីន និង​ចម្ការ​គ្រាប់​សរុប​ជាង​ ១ ៥៦៩ ​គីឡូម៉ែត្រ​ក្រឡា រុករកឃើញ និង​កម្ទេចចោល​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ជិត​ ៣ ​លាន​គ្រាប់ ក្នុងនោះ​មីន​ប្រឆាំង​មនុស្ស​ចំនួន​ ៥៥៤ ២៦១ គ្រាប់ គ្រាប់មីន ប្រឆាំង​រថក្រោះ​ចំនួន ១១ ២២៣ ​គ្រាប់ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ១ ៩០៩ ៧៩៥ ​គ្រាប់ គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​រួម​នឹង​គ្រាប់បែក​ចង្កោម​ចំនួន ៤២៨ ៦៨០ ​គ្រាប់ និង​រកឃើញ​ទីតាំង​គ្រាប់​បែក​គីមី​ចំនួន ៨៧ ​ទីតាំង ព្រមទាំង​ឆ្លើយតប​សំណើសុំ​អន្តរាគមន៍ បន្ទាន់ៗ​បាន​ចំនួន ១១៩ ៧២៨ ​ករណី​។ លទ្ធផល​នេះ​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ពង្រឹង​សុខសុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ស្តារ​សេដ្ឋកិច្ចសង្គម​ឱ្យមាន​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​៕