បាត់ដំបងៈ នគរបាល​សហការ​ជាមួយ​កម្លាំងយោធា​នៅ​ច្រកព្រំដែន​ក្នុងស្រុក​កំរៀង និង​ស្រុក​សំពៅ​លូន​កាលពី​ថ្ងៃទី​ ២​ មីនា​បានទទួល​ពលករ​ចាស់​ក្មេង​ចំនួន​ ៤០១ ​នាក់ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​ ខណៈ​ពលករ ​១៨ ​នាក់​ក្នុងចំណោម​ពួកគេ​ត្រូវបាន​បញ្ជូន​ទៅធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​ចត្តាឡីស័ក​ក្នុងស្រុក​សំពៅលូន​។

លោក ម៉ង់ ស៊ី មេបញ្ជាការ​វរសេនាតូច នគរបាល​ការពារ​ព្រំដែន​គោក​លេខ​ ៨១៩ ​តាម​ច្រក​តំបន់​អូរអន្លក់ ក្នុងភូមិ​អូរអន្លក់ ឃុំ​តាសែន ស្រុក​កំរៀង បាន​និយាយប្រាប់​នៅ​ថ្ងៃទី​ ៣ ​មីនា​ថា សមត្ថកិច្ច​របស់លោក​សហការ​ជាមួយ​កម្លាំង​កងយោធពល​ខេមរភូមិន្ទ និង​ក្រុមគ្រូពេទ្យ ប្រចាំការ​នៅ​ច្រក​អូរអន្លក់ កាលពី​ថ្ងៃទី​ ២ ​មីនា បានទទួល​ពលករ​ចំនួន​ ២៨៣ ​នាក់​ (​ស្រី​ ១០៧​ នាក់​)​ ក្នុងនោះ​មាន​ក្មេង​ ៤៤ ​នាក់​ (​ស្រី​ ២៤ ​នាក់​) ក្នុងចំណោម​មនុស្សពេញវ័យ​ចំនួន ​២៣៩​ នាក់ មាន​ពលករ​ ១២ ​នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ​រកឃើញ​មាន​វិជ្ជមាន​កូវីដ ​១៩ ​ហើយ​ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​ចត្តាឡីស័ក​នៅ​ស្រុក​សំពៅលូន​។ ពលករ​ក្រៅពីនោះ គឺ​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​ពី​ប្រទេស​ថៃ​រួចហើយ ទើប​ត្រូវបាន​ក្រុមគ្រូពេទ្យ​អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅ​ស្រុកកំណើត​រៀងៗ​ខ្លួន​។ ចំពោះ​ការវិល​មក​ស្រុកកំណើត​វិញ​របស់​ពលករ​ទាំងនេះ មិនមែន​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ទេ តែ​ពួកគាត់​ភាគច្រើន​អស់​ការងារ​ធ្វើ​នៅ​ទីនោះ និង​អ្នក​ខ្លះទៀត​មកលេង​ស្រុកកំណើត​។

លោក​ថ្លែងថា​៖ «​ពេល​គាត់​ទៅ គាត់​នាំ​ទាំង​កូនចៅ​ទៅ ​១ ​គ្រួសារ ពេល​មកវិញ ក៏​ទាំង​គ្រួសារ​ដែរ​។ គ្រូពេទ្យ និង​សមត្ថកិច្ច​ខ្ញុំ តែងតែ​អប់រំ​ដល់​ពលករ​ដែល​មកវិញ​ឱ្យ​យល់ដឹង​ពី​ជំងឺ​កូវីដ មុននឹង​អនុញ្ញាតឱ្យ​គាត់​ត្រឡប់​ទៅ​លំនៅឋាន​វិញ​»​។

ចំណែក នៅឯ​ស្រុក​សំពៅលូន​លោក ប្រាក់ សាយ មេបញ្ជាការ​វរសេនាតូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​ ៨១៧ ប្រចាំការ​នៅ​ភូមិសាស្ត្រ​ភូមិ​ពោធិ៍ជ្រៃ ឃុំ​សិរីមានជ័យ​ឱ្យដឹងថា កាលពី​ថ្ងៃទី​ ២ មីនា កម្លាំងចម្រុះ​របស់លោក​សហការ​ជាមួយ​កម្លាំងយោធា រួម​ជាមួយ​នឹង​គ្រូពេទ្យ​បាន​ទទួល​ពលករ​ចំនួន ១១៨ ​នាក់ (​ស្រី ៣១ ​នាក់​) ក្មេង ១៤​ នាក់ (​ក្មេងស្រី ៥ ​នាក់​)​។ ក្នុងនោះ​មាន​ពលករ ៦​ នាក់ (​ស្រី ៣ ​នាក់​) ត្រូវបាន​ក្រុមគ្រូពេទ្យ​ពិនិត្យឃើញ​វិជ្ជមាន​កូវីដ​ ១៩ ​ហើយ​បាន​បញ្ជូនទៅ​មណ្ឌល​ចត្តាឡីស័ក នៅ​ភូមិ​អូរកណ្តោល ឃុំ​សន្តិភាព ស្រុក​សំពៅលូន​។

លោក​ថា​៖ «​ពលករ​ត្រឡប់​ពី​ថៃ ឆ្លងដែន​មក​កម្ពុជា​វិញ​ច្រើនតែ​មក​ពេល​រសៀល​ ឬ​ពេលយប់​។ ព្រោះ​ពួកគេ​ធ្វើដំណើរ​មកពី​គ្រប់​តំបន់ ក្នុងប្រទេស​ថៃ ហើយ​ទាហាន​ថៃ ប្រមូល​ពួកគាត់​ពី​កន្លែង​នេះ​បន្តិច ពី​នោះ​បន្តិច​រួច​ដឹក​ឡាន​មក​ដាក់​នៅ​គោលដៅ​ដែល​យើង និង​ទាហាន​ថៃ​បាន​ឯកភាពគ្នា​»៕