ភ្នំពេញៈ ក្រសួងបរិស្ថាន​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ​បាន​បើក​យុទ្ធនាការ «​អន្ទាក់​សូន្យ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា​» តាម​បណ្ដា​ខេត្ត​ចំនួន​ ៦ ខាងកើត​ទន្លេមេគង្គ​ចាប់ពី​ខែមីនា​ដល់​ខែតុលា ឆ្នាំ​ ២០២២​ នេះ ដើម្បី​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ពី​ផលប៉ះពាល់​នៃ​អន្ទាក់ និង​ផ្លាស់ប្ដូរ​ឥរិយាបថ​ប្រជាពលរដ្ឋ​ចំពោះ​សត្វព្រៃ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​លើ​ដំណើរការ​ឆ្ពោះទៅ​បើក​យុទ្ធនាការ «​អន្ទាក់​សូន្យ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា​» កាលពី​ថ្ងៃទី ​២ ខែមីនា​នេះ​នៅ​ទីស្ដីការ​ក្រសួងបរិស្ថាន​ថា ការបើក​យុទ្ធនាការ​អន្ទាក់​សូន្យ​នៅ​ថ្ងៃទី​ ៣ ខែមីនា​ស្របពេល​ដែល​ពិភពលោក​ប្រារព្ធ​ទិវា​សត្វព្រៃ​ពិភពលោក​ផងដែរ និង​មាន​គោលបំណង​សំខាន់​ដើម្បី​ផ្សព្វផ្សាយ​អប់រំ​អំពី​ផលប៉ះពាល់​ដោយសារ​អន្ទាក់​ទៅលើ​ជីវិត​សត្វ និង​ជីវិត​មនុស្ស ពង្រឹង​ការអនុវត្ត​ច្បាប់ ការផ្លាស់ប្តូរ​ឥរិយាបថ​ពលរដ្ឋ​ឱ្យ​បង្កើន​ការប្រតិបត្តិ​មេត្រី​បរិស្ថាន ស្រឡាញ់​សត្វព្រៃ​ជីវចម្រុះ និង​ការលុបបំបាត់​ការបរបាញ់​សត្វ ការដាក់​អន្ទាក់​ខុសច្បាប់ និង​ការលុបបំបាត់​ការជួញដូរ​សាច់សត្វ​ព្រៃ ក៏ដូចជា​បង្កើន​សុវត្ថិភាព​ដល់​សត្វព្រៃ​គ្រប់​ប្រភេទ​។ ស្ថានភាព​នៃ​ការការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​ដែលជា​ទីជម្រក​របស់​សត្វព្រៃ​នៅ​កម្ពុជា​មាន​ភាពល្អប្រសើរ ដែល​បានផ្តល់​ជា​ជម្រក សម្រាប់​សត្វព្រៃ និង​ជា​ប្រភពទឹក និង​ចំណី​របស់​សត្វព្រៃ តែ​អ្វីដែល​ទាំងអស់គ្នា​ត្រូវ​គិតគូរ​បន្ថែមទៀត គឺ​ធ្វើឱ្យ​តំបន់​ការពារ​ធម្មជាតិ កាន់តែ​មាន​សុវត្ថិភាព​សម្រាប់​សត្វព្រៃ និង​ជីវចម្រុះ​ផ្សេងទៀត​។ លោក​បាន​បន្តថា អន្ទាក់​គឺ​កត្តា​ដែល​គំរាមកំហែង​ខ្លាំង​ចំពោះ​សត្វព្រៃ​។ ខណៈ​បរិមាណ​អន្ទាក់​ដែល​បាន​ដោះ​នៅ​ឆ្នាំ​ ២០២១ មាន​ចំនួន ៦១ ៦១១ ​អន្ទាក់ កើនឡើង​ប្រមាណ​ជាង ២០% បើ​ប្រៀបធៀប​នឹង​បរិមាណ​អន្ទាក់​ដោះ​បាន​នៅ​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ៤៣ ២៧០​ អន្ទាក់​។

លោក​ថ្លែងថា​៖ «​អន្ទាក់​ដែល​ត្រូវបាន​ដោះចេញ អន្ទាក់​ជា​ឃាតករ​លាក់​មុខ​ដែល​បន្ត​សម្លាប់​សត្វព្រៃ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​នៅ​កម្ពុជា ព្រោះ​មាន​ប្រភេទ​អន្ទាក់​ឆក់​ខ្សែភ្លើង អន្ទាក់​វាយបំបាក់​ស្មងជើង និង​ប្រភេទ​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​។ ហើយ​យុទ្ធនាការ អន្ទាក់​សូន្យ​នឹង​ជា​ផ្នែក​មួយ​នៃ​ការជួយ​បញ្ជ្រាប​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ និង​ចូលរួម​កាត់បន្ថយ​ចំនួន​អន្ទាក់​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​»​។

លោក គឹម ណុង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​តំបន់​ការពារធម្មជាតិ​នៃ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ក្នុង​សន្និសីទ​នេះដែរ​ថា ក្នុង​យុទ្ធនាការ​នេះ​សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ដែល​មាន​ទម្លាប់​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ​ឱ្យ​ងាក​មក​គោរព​ច្បាប់ និង​ឱ្យ​ពួកគាត់​យល់​ពី​តម្លៃ​សត្វព្រៃ ហើយ​រួមគ្នា​មក​ចូលរួម​អភិរក្ស​សត្វព្រៃ​ដែលជា​សត្វ​មាន​តម្លៃ​មហាសាល​មិនអាច​កាត់ថ្លៃ​បានជា​សកល​។

លោក​ថ្លែងថា កម្ពុជា​មានច្បាប់​សម្រាប់​ដាក់ទោស​វិន័យ​ហើយ និង​សម្រាប់​បទល្មើស​ដាក់​អន្ទាក់​គឺជា​ច្បាប់​ល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​លេខ​ ៣ ​ដែល​ក្នុងនេះ​មាន​ទាំង​ការផាកពិន័យ​ និង​ទោសទណ្ឌ ដោយ​ក្នុងនេះ​អាច​ប្រឈម​នឹង​ជាប់ពន្ធនាគារ​ពី​ ១-៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១៥ ​លាន​ដល់​ ១៥០ ​លាន​រៀល​។

លោក​បញ្ជាក់ថា​៖ «​ក្នុង​យុទ្ធនាការ​នេះ គឺ​យើង​នឹង​រួមគ្នា​ធ្វើឡើង​រយៈពេល ៦ ​ខែ ហើយ​ក្នុងអំឡុង​ពេលនេះ​យើង​នឹង​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​រួមគ្នា​ទប់ស្កាត់​ក៏ដូចជា​អប់រំ​ផ្សព្វផ្សាយ​ឱ្យ​ពួកគាត់​យល់ច្បាស់​ពី​ច្បាប់​ពី​ទោសទណ្ឌ និង​រួមទាំង​តម្លៃ​របស់​សត្វព្រៃ​»​។

លោក​ សេង ទៀក ប្រធាន​អង្គការ WWF បានឱ្យដឹងថា បច្ចុប្បន្ន​អន្ទាក់​ដែល​ត្រូវបាន​គេ​ដោះ​នៅតាម​តំបន់​ការពារ​ធម្មជាតិ​បានត្រឹមតែ ២០ ​ភាគរយ​ប៉ុណ្ណោះ​ហើយ​ចំនួន ៨០ ​ភាគរយ​ទៀត​មិនទាន់​បាន​ដោះ ដែល​ជនល្មើស​បានដាក់​នៅតាម​តំបន់​ធនធាន​ធម្មជាតិ​នានា​នៅ​ប្រទេស​កម្ពុជា​។ ផ្អែក​តាម​របាយការណ៍​ឆ្នាំ​ ២០២០ នៅ​​តំបន់​អាស៊ីអាគ្នេយ៍​មាន​អន្ទាក់​ប្រមាណ ១២ ​លាន​អន្ទាក់ ដូចជា​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ឡាវ ថៃ និង​កម្ពុជា​ដែល​កំពុង​គំរាមកំហែង​សត្វព្រៃ​។

លោក​ថា​៖ «​អន្ទាក់​ទាំងនេះ​គឺជា​ដើមចម​ធ្វើឱ្យ​បាត់បង់​នូវ​សត្វ​កម្រៗ​ក្នុង​លោក​ដូចជា ខ្លា ខ្លារខិន ខ្លា​ពពក​ស ឆ្កែព្រៃ ខ្លា​ឃ្មុំ​ជាដើម​។ ដូច្នេះ​អង្គការ WWF ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​ច្បាប់​ចំពោះ​ជនល្មើស​សម្លាប់​សត្វព្រៃ​កម្រ ក៏ដូចជា​ភោជនីយដ្ឋាន​ឬ​តំបន់​នានា​ដែល​បាន​ជួញដូរ​សត្វព្រៃ ដែល​ទាំងនេះ​សំដៅ​ធ្វើ​យ៉ាងណា​ការពារ​សត្វព្រៃ​កម្ពុជា​មិនឱ្យ​បាត់បង់​ពូជ​នៅ​ថ្ងៃ​ខាងមុខ​»​។

លោក ឈិត សំអាត តំណាង​គម្រោង USAID ព្រៃឡង់​បៃតង​បានលើកឡើង​ក្នុង​សន្និសីទ នេះដែរ​ថា បើ​ពុំមាន​វិធានការ​ណាមួយ​ឱ្យ​ជាក់លាក់​ទៅលើ​បញ្ហា​អន្ទាក់​ដែល​ត្រូវបាន​ជនល្មើស​កំពុង​ប្រព្រឹត្ត​រៀងរាល់ថ្ងៃ​ទេ​គឺ ពិតជា​ទទួលរង​ផល​លំបាក​និង​សត្វព្រៃ​នឹង​បាត់បង់​បន្តបន្ទាប់​ទៀត​ជាក់​ជាពុំខាន​។

លោក​ថា​៖ «​ត្រូវអនុវត្ត​ច្បាប់​ និង​ការផ្សព្វផ្សាយ​ក៏​ជាការ​មួយ​ចាំបាច់​ដែល​ត្រូវធ្វើ​ឡើងដល់​សហគមន៍​មូលដ្ឋាន​ផងដែរ​»​។

លោក ប៊ូវ រក្សសក្ស ប្រធាន​អង្គការ Birdlife in Cambodia លើកឡើងថា អន្ទាក់​ក្រៅពី​បានសម្លាប់​សត្វ​ជើង​ចម្ពាម សត្វព្រៃ​ដទៃទៀត​វា​ក៏បាន​សម្លាប់សត្វ​ស្លាប​ជា​បន្តបន្ទាប់​ផងដែរ​។ ពួកគេ​ក្រៅពី​ដាក់​អន្ទាក់ នៅ​រាយ​មង និង​ដាក់​ឧបករណ៍​ដទៃទៀត​សម្រាប់​សម្លាប់សត្វ​ដ៏កម្រ​ថែមទៀត​។ លោក​ថា ជាក់ស្តែង​ក្នុង​ឆ្នាំ ២០២១ ​កន្លងមក​សត្វ​ត្រយង​យក្ស ៣ ​ក្បាល​ត្រូវបាន​ជាប់អន្ទាក់ ប៉ុន្តែ​ត្រូវបាន​ក្រុម​សង្ក្រោះ​ជួយ​ដោះលែង​វា​វិញ​បាន​ទាន់​ពេលវេលា​។ ការបើក​យុទ្ធនាការ​អន្ទាក់​សូន្យ​នៅ​ថ្ងៃទី​ ៣ ខែមីនា ឆ្នាំ​ ២០២២ នឹង​ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​អនឡាញ​ដោយមាន​ការចូលរួម​ពី​អន្តរក្រសួង រដ្ឋបាលខេត្ត​ពាក់ព័ន្ធ​នឹង​អង្គការ​ដៃគូ​នានា​ដែល​សហការ​ជាមួយ​ក្រសួងបរិស្ថាន​ក្នុង​យុទ្ធនាការ​អន្ទាក់​សូន្យ​នេះ​៕