ភ្នំពេញៈ សន្និសីទ​អាស៊ាន​ណាប៉ូល​លើក​ទី​៤០ រយៈពេល ៥ ថ្ងៃ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ដោយ​បានបង្ហាញ​ពី​ស្មារតី​សហប្រតិបត្តិការ​រវាង​ប្រទេស​នៃ​អាស៊ាន​ណាប៉ូល ក៏​ដូចជា​ប្រទេស​ដៃគូ​សន្ទនា និង​អ្នក​អង្កេតការណ៍ ដើម្បី​ពង្រឹង​ការងារ​រក្សាស្ថិរភាព សន្តិភាព​សង្គម​តាម​រយៈការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ផ្តល់​អនុសាសន៍​ជា​យុទ្ធសាស្រ្ដ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ប្រតិ្តបត្តិការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆ្លងដែន​គ្រប់​ទម្រង់។

ប្រទេសកម្ពុជា កាលពីថ្ងៃទី៤ ខែ​មីនា ឆ្នាំ​២០២២​នេះ បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ពិធី​បិទ​សន្និសីទ​អាស៊ានណាប៉ូល​លើក ទី​៤០ ដែល​បានប្រារព្ធ​ឡើង​រយៈពេល ៥ ថ្ងៃ លើ​ប្រធានបទ «លើក​កម្ពស់​សុខដុមនីយកម្ម តំបន់​មាន​សន្តិភាព និង​ស្ថិរភាពជានិរន្តរ៍»។

ពិធី​បិទ​សន្និសីទនេះ ធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក នេត សាវឿន អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​កម្ពុជា និង​ជា​ប្រធាន​សន្និសីទ​អាស៊ានណាប៉ូល លើក​ទី​៤០ ឆ្នាំ​ ២០២២ និង​មាន​ការ​ចូលរួម​ពី ប្រធាន​គណៈប្រតិភូ​អាស៊ាន គណៈប្រតិភូ​នៃ​ប្រធាន​ស្ថាន​អាស៊ាន ដៃគូ​ពិភាក្សា និង​មន្ត្រី​សង្កេត​ការណ៍ លោក​លោកស្រី​ឯកអគ្គរាជទូត​នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន ព្រម​ទាំង​លោក​លោកស្រី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត​នៃ​ដៃគូ​ពិភាក្សា​ប្រចាំ​កម្ពុជា ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​កម្ពុជា និង​ភ្ញៀវ​កិត្តិយស​ជាតិ-អន្ដរជាតិ​ជាច្រើន​រូប​ទៀត។ សន្និសីទ​នេះបាន​ធ្វើ​នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ។

សន្និសីទនេះ ក៏បាន​រៀបចំ​ពិធី​ចុះហត្ថលេខា​រួមគ្នា​ព្រម​ទាំង​បាន​ប្រគល់​ជូន​និមិត្ត​សញ្ញា​អាស៊ាន​ណាប៉ូល លើក​ទី​៤១ ពី​លោក នេត សាវឿន ដែល​ជា​ប្រធាន​សន្និសីទ​អាស៊ាន ណាប៉ូល លើក​ទី​៤០ ជូន​ដល់​លោក Kham King Phauilamonyvong អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ឡាវ ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​សន្និសីទ​អាស៊ាន​ណាប៉ូល​លើក​ទី​៤១ ជា​អ្នក​បន្ត​វេន។

លោក នេត សាវឿន បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​គណៈកម្មការ​រៀបចំ​ដែល​បានរួម​ចំណែក​ធ្វើ​ឱ្យ​សន្និសីទនេះ​ដំណើរការ​បាន​យ៉ាង​ជោគជ័យ។

លោក​ថ្លែង​ថា​ ក្នុង​រយៈពេល ៥ ថ្ងៃ កន្លង​ទៅ​នេះ ដោយ​មាន​ការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍ ព្រម​ទាំង​ផ្តល់​អនុសាសន៍​យ៉ាង​ផុសផុល​មាន​លក្ខណៈជា​យុទ្ធសាស្ត្រ​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆ្លងដែន​គ្រប់​ទម្រង់​នឹង​គ្រប់​ប្រភេទ ជាពិសេស បទល្មើស​ថ្មីៗ អាច​ទទួល​បានលទ្ធផល​ប្រកប​ដោយ​ផ្លែផ្កា។

លោកថ្លែងថា៖«តាម​រយៈយុទ្ធសាស្ត្រ​និង​សេចក្តី​ថ្លែងការណ៍​រួម​ដែល​បាន​ចុះ​ហត្ថលេខា​រួម​គ្នា កាល​ពី​ពេល​កន្លង​ទៅ​នេះ យើង​បាន​ដាក់​ចេញផែនការ​សកម្មភាព​គួបផ្សំ​ជាមួយ​ផែនការ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ប្រកប​ដោយ​ទស្សនៈ​សុទិដ្ឋិនិយម​រវាង​សមាជិក​អាស៊ានណាប៉ូល និង បណ្តា​ប្រទេស​ជា​ដៃគូ»។

លោក​សង្ឃឹម​ថា កងកម្លាំង​អាស៊ាន នឹង​បង្កើត​ស្នាដៃ​ដ៏​ធំធេង បង្កើត​សមិទ្ធផល​ថ្មីៗ បន្ថែមទៀត​ ជាពិសេស ការ​បង្កើត​បរិយាកាស​សុខដុមនីយកម្ម​ធ្វើឱ្យ​អាស៊ាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​សន្តិភាព ស្ថិរភាព សុវត្ថិភាព និង​ឯកភាព បាន​យ៉ាង​ល្អ​ប្រសើរ​ថែម​ទៀត។

លោក Kham King Phauilamonyvong ដែល​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​សន្និសីទ​អាស៊ាន​ណាប៉ូល​លើក​ទី​៤១ បាន​មាន​ចំណាប់អារម្មណ៍​រីករាយ​ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​អាស៊ាន​ណាប៉ូល លើក​ទី ៤១ ជា​បន្ត​ទៀត​ពី​កម្ពុជា។ លោក​ក៏​បាន​វាយ​តម្លៃ​ខ្ពស់ចំពោះ​នគរបាលជាតិ​កម្ពុជា​ដែល​បាន​រៀបចំ​សន្និសីទ​អាស៊ាន​ណាប៉ូល បន្ត​លើក​ទី ៤០ នេះ​ឡើង​ប្រកប​ដោយ​ជោគជ័យ។

លោកថ្លែងថា សម្រាប់​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ​របស់​នគរបាលជាតិ​កម្ពុជា បាន​ធ្វើ​ឱ្យ​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ណាប៉ូល មាន​សេចក្តីរីករាយ ហើយ​ការ​រៀបចំ​សន្និសីទ​នេះ ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះ​ត្រចង់ ព្រម​ទាំង​បាន​សម្រេច​នូវ​ជោគជ័យ​មួយ​ចំនួន​ដើម្បី​ធ្វើ​ឱ្យ​កិច្ចសហប្រតិបត្តិការ​រវាង​នគរបាលជាតិ​អាស៊ាន​កាន់តែ​រឹង​មាំ​ថែមទៀត រួម​បញ្ចូល​ទាំង​ការ​ពិភាក្សា និង​អនុម័ត​លើ​ប្រធានបទ​សំខាន់ៗ ដែល​បានពិភាក្សា​គឺ​មាន​បំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ព្រម​ទាំង​ចែក​រំលែក​ចំណេះ​ដឹង បទពិសោធន៍​ក្នុង​ចំណោម​ដៃគូ និង​ប្រទេស​ជុំវិញ​ពិភពលោក​ដើម្បី​ប្រឆាំង​នឹង​បទល្មើស​ឆ្លងដែន។

លោក​បាន​បន្ត​ថា សន្និសីទ​អាស៊ាន​ណាប៉ូល លើក​ទី ៤០ នេះ បាន​បង្ហាញ​ពី​ស្មារតី​សហប្រតិបត្តិការ​រវាង​ប្រទេស​នៃ​អាស៊ាន​ណាប៉ូល ក៏​ដូចជា​ប្រទេស​ដៃគូ​សន្ទនា និង​អ្នក​អង្កេតការណ៍​ដើម្បី​ពង្រឹង​ការងារ​រក្សាស្ថិរភាព សន្តិភាព​សង្គម។ ក្នុង​ការ​រៀបចំ​សន្និសីទ​អាស៊ាន​ណាប៉ូល លើក​ទី​៤១ បន្ត​នៅ​ប្រទេស​ឡាវ នគរបាលជាតិ​ឡាវ ទន្ទឹង​រង់​ចាំ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ទទួល​សមាជិក​អាស៊ាន​ណាប៉ូល ដើម្បី​ចូលរួមប្រជុំ ពិភាក្សា​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​នានា ក្នុង​ពេលខាងមុខ៕