ភ្នំពេញៈ លោក ស ខេង ឧបនាយក​រដ្ឋ​មន្រ្ដី រដ្ឋមន្រ្ដី​ក្រសួង​មហាផ្ទៃ ប្រាប់​ទៅ​មន្រ្ដី​រាជការ​ក្រោម​ឱវាទ​ចាត់​វិធានការ​ចំពោះ​មន្ត្រី​រាជការ​ដែលមាន​វិសមិតភាព​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ និង​ការ​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​ឱ្យ​ប្រញាប់​រួសរាន់​សម្រេច​ជ្រើសរើស​យក​វិជ្ជាជីវៈ​តែ​មួយដោយ​ទុក​រយៈពេល ៣ ខែ គិត​ពី​ថ្ងៃ​ចេញ​សេចក្តី​ណែនាំ​នេះ​រួច​រាយការណ៍​មក​ក្រសួង ដើម្បី​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​ក្រសួង​បើ​មិន​អនុវត្ដ​តាម។

យោង​តាម​សេចក្ដី​ណែនាំ​របស់​លោក ស ខេង ចុះ​ហត្ថលេខា កាល​ពី​ថ្ងៃទី​២៨ ខែ​កុម្ភៈ បាន​បញ្ជាក់​ថា កន្លងមក ក្រសួង​មហាផ្ទៃ​បាន​ចេញសេចក្ដី​ណែនាំ​លេខ ០២៧ សណន ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២០ ស្ដីពី​វិសមិតភាព​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ និង​ការ​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​របស់​មន្រ្ដី​រាជការ​ក្រសួង មហាផ្ទៃ ដល់​មន្ត្រី​រាជការ​ចំណុះ​ក្រសួង មហាផ្ទៃ ឱ្យ​ជ្រើសរើស​យក​ការ​បំពេញ​មុខងារ​ជា​អ្នក​រាជការសាធារណៈ ឬ​ប្រកប​វិជ្ជា​ជីវៈ​ជា​មេធាវី និង​តម្រូវ​ឱ្យ​សាមីខ្លួន​ធ្វើ​ការ​ជ្រើសរើស​យក​វិជ្ជាជីវៈ​តែ​មួយ​ដោយ​ត្រូវ​រៀបចំ​នីតិវិធី ដើម្បី​ស្ថិត​ក្នុង​ស្ថានភាព​សុំ​មិន​ប្រកប​វិជ្ជាជីវៈ​ណា​មួយ​ឬ សុំ​នៅ​ក្រៅ​បញ្ជី​នៃ​គណៈមេធាវី។

ក្នុង​ន័យនេះ ដើម្បី​ឱ្យ​ការ​អនុវត្ត​សេចក្ដី​ណែនាំ​ខាង​លើ​មាន​ប្រសិទ្ធភាព​ខ្ពស់​សំដៅ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ពង្រឹង​ការ​អនុវត្ត​តួនាទី ភារកិច្ច​របស់មន្ត្រី​ក្រោម​ឱវាទ​ក្រសួង​មហាផ្ទៃ និង​ចៀសវាង​មន្ដ្រី​រាជការ​មាន​វិសមិតភាព​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ និង​ការ​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវីក្រសួង​មហាផ្ទៃ សូម​ធ្វើ​ការ​ណែនាំ​បន្ថែម​និង​មាន​វិធានការ​ចំពោះ​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ក្រសួង​មហាផ្ទៃឱ្យ​បញ្ជូន​បញ្ជី​ឈ្មោះ​មេធាវី ដែលស្ថិត​ក្នុង​ស្ថានភាព​សុំ​មិន​ប្រកប​វិជ្ជាជីវៈ ឬ​សុំ​នៅ​ក្រៅ​បញ្ជី​នៃ​គណៈមេធាវី​ជូន​គ្រប់​អង្គភាព​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ចំណុះ​ក្រសួងមហាផ្ទៃ​ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឈ្មោះ​មន្ត្រី​រាជការ​ដែល​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី ខណៈ​ពេល​កំពុង​បំពេញ​មុខងារ​សាធារណៈ។

សេចក្ដីណែនាំ​បញ្ជាក់​ថា៖ «ក្នុង​ករណី​ដែល​មន្ត្រី​រាជការ​ចំណុះ​អង្គភាព​របស់​ខ្លួន​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី និង​ពុំ​មាន​ឈ្មោះ ក្នុង​បញ្ជី​ឈ្មោះមេធាវី​ដែល​ស្ថិត​ក្នុង​ស្ថានភាព​សុំ​មិន​ប្រកប​វិជ្ជាជីវៈ ឬ​សុំ​នៅ​ក្រៅ​បញ្ជី​នៃ​គណៈមេធាវី ប្រធាន​អង្គភាព​ត្រូវ​ណែនាំ​សាមីខ្លួន​ឱ្យ​ប្រញាប់​រួសរាន់សម្រេច​ជ្រើសរើស​យក​វិជ្ជាជីវៈ​តែ​មួយ​ដោយ​ទុក​រយៈពេល ៣ ខែ គិត​ពី​ថ្ងៃ​ចេញ​សេចក្តី​ណែនាំ​នេះ។ បើ​សាមី​ខ្លួន​នៅ​តែ​ពុំ​ជ្រើសរើស​យកវិជ្ជាជីវៈ​តែ​មួយ​នោះ​ទេ​ ប្រធាន​អង្គភាព ត្រូវ​រាយការណ៍​ជា​លាយលក្ខណ៍​អក្សរ​មក​ក្រសួង​មហាផ្ទៃ ដើម្បី​ក្រសួង​ចាត់​វិធានការ​ដោយ​លុបឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ ក្រសួង​មហាផ្ទៃ»។

លោក ស ខេង បាន​ណែនាំ​ដល់ អគ្គលេខាធិការ​នៃអ​គ្គលេខាធិការដ្ឋាន​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល អគ្គស្នងការ ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ អគ្គាធិការ នៃ​អគ្គាធិការដ្ឋាន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភារ និង​ហិរញ្ញវត្ថុ ប្រធាន​បណ្ឌិត្យសភា​នគរបាល​កម្ពុជា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម ប្រធាន​ក្រុមប្រឹក្សា​រាជធានី ខេត្ត អភិបាល នៃ​គណៈអភិបាល រាជធានី ខេត្ត ប្រធាន​ក្រុម​ប្រឹក្សាក្រុង ស្រុក ខណ្ឌ អភិបាល នៃ​គណៈអភិបាល​ក្រុង ស្រុក ខណ្ឌ និងអង្គភាព ពាក់ព័ន្ធ​ចំណុះ​ក្រសួងមហាផ្ទៃ ត្រូវ​អនុវត្ត​តាម​សេចក្តី​ណែនាំ​ខាងលើ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ចាប់​ពី​ថ្ងៃ​ចុះហត្ថលេខា តទៅ៕