ភ្នំពេញៈ កម្ពុជា និង​ចិន​បញ្ជាក់​ជា​ថ្មី​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​លើក​កម្ពស់​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ២ ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ និង​ក្រៅ​តំបន់ ខណៈ​ចិន​អះអាង​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​នៅ​លើ​គ្រប់វិស័យ។

ការប្តេជ្ញាចិត្តនេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង លោកស្រី យ៉ាង យ៉ាន់យី (Yang Yanyi) តំណាង​ពិសេស​របស់​លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រីការ​បរទេស​ចិន នា​ថ្ងៃទី​៤ ខែមីនា។

សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​នា​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ថា៖ «លោកជំទាវ យ៉ាង យ៉ាន់យី បាន​អះអាងជា​ថ្មី​ម្តង​ទៀត​នូវការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ចិន​ក្នុង​ការ​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​នៅ​លើ​គ្រប់​វិស័យ»។

ប្រភព​ដដែល​បន្ត​ថា៖ «ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ យ៉ាង យ៉ាន់មី​បាន​អះអាង​សាជាថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការលើកកម្ពស់បន្ថែមទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ប្រជាជាតិ​ទាំង​២ ក៏​ដូចជា​រវាង​អាស៊ាន-ចិន ដើម្បី​ជា​គុណ​ប្រយោជន៍​ដល់​សន្តិភាព ស្ថិរភាព និង​វិបុលភាព នៅ​ក្នុង​និង​ក្រៅ​តំបន់»។

ភាគីទាំង ២ បាន​កោត​សរសើរ​នូវ​ទំនាក់ទំនង​ដែល​កំពុង​កើន​ឡើង​រវាង​ប្រទេស​ទាំង​ ២ នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ និង​ការ​កសាង​សហគមន៍​វាសនា​រួម។

លោក ប្រាក់ សុខុន បាន​អរគុណ​ចំពោះ​ប្រទេស​ចិន​ដែល​បាន​បន្ត​ផ្តល់​ជំនួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​នៅ​កម្ពុជា និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូវីដ១៩។

លោក​បាន​ប្រាប់​យ៉ាង យ៉ាន់យី អំពី​ហេតុផល​ដែល​នាំ​ឱ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ចិត្ត​បោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​របស់​មហាសន្និបាតអង្គការ​សហប្រជាជាតិ​ដែល​ទាមទារ​ឱ្យ​រុស្ស៊ី​បញ្ចប់​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​ជា​បន្ទាន់​នៅ​ប្រទេស​អ៊ុយក្រែន។

លោក ប្រាក់ សុខុន ក៏​បាន​ប្រាប់​លោកស្រី​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុង​នាម​ជា​ប្រេសិត​ពិសេសេ​របស់​ប្រធាន​អាស៊ាន​ទៅ​កាន់​មីយ៉ាន់ម៉ា​នៅ​ចុងខែ​មីនា គឺ​ដើម្បី​បន្ត​ជំរុញ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ (កុងសង់ស៊ីស) ៥ ចំណុច​របស់​អាស៊ាន។

លោកថ្លែងថា ដំណើរ​ទស្សនកិច្ច​នេះ​មាន​គោល​បំណង​ជាពិសេស​ដើម្បី​បញ្ចប់​អំពើ​ហិង្សា បង្កើត​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​ការ​ផ្តល់ជំនួយ​មនុស្ស​ធម៌​តាម​រយៈការ​រៀបចំ​ឱ្យ​មាន​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌ និង​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់កិច្ច​សន្ទនា​នយោបាយ​ក្នុង​ចំណោម​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ឈាន​ទៅ​រក​ការ​បង្រួប​បង្រួម​ជាតិ​មីយ៉ាន់ម៉ា។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល លោកស្រី យ៉ាង យ៉ាន់យី បាន​កោត​សរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​តួនាទី​ជា​ប្រធាន​អាស៊ាន ក្នុង​ការ​ធ្វើ​ឱ្យ​មាន​វឌ្ឍនភាព​លើ​ការ​អនុវត្ត​កុងសង់ស៊ីស ៥​ចំណុច​នេះ​តាម​រយៈ​ដំណើរ​ទស្សនកិច្ចរបស់​លោក​ទៅ​កាន់​ប្រទេស​ មីយ៉ាន់ម៉ា កាល​ពី​ដើម​ខែ​មករា។

លោកស្រី យ៉ាង យ៉ាន់យី បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​របស់​ប្រទេស​ចិន ចំពោះ​តួនាទី​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា និង​គាំទ្រ​ដល់បេសកកម្ម​របស់​លោក ប្រាក់ សុខុន ក្នុង​នាម​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មីយ៉ាន់ម៉ា​ផងដែរ។

បើ​តាម​ប្រភព​ដដែល លោក​​ស្រី​អះអាងថា ប្រទេស​ចិន​នឹង​ដើរ​តួនាទី​ស្ថាបនា​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ប្រកប​ដោយ​សន្តិវិធី​ចំពោះ​វិបត្តិនៅ​ប្រទេស​មីយ៉ាន់ម៉ា៕