ភ្នំពេញៈ មន្រ្តី​ជំនាញ​សាខា អគ្គ.ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាបការ​ក្លែង​បន្លំ (ក.ប.ប.) ខេត្តកំពង់ធំ ខេត្តកំពត ខេត្តកំពង់ឆ្នាំង​ ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ បាន​ចុះ​ប្រតិបត្តិការ​ត្រួត​ពិនិត្យ​នៅ​តាម​ស្ថានីយ/ដេប៉ូ​ប្រេង​ឥន្ធនៈចំនួន ៣៧ ទីតាំងបន្ថែម​ទៀត​កាល​ពី​ថ្ងៃ​ទី៣ និង​ទី៤ ខែ​មីនា​នេះ តាម​លទ្ធផល​នៃ​ការ​ត្រួត​ពិនិត្យ​ដេប៉ូ​ប្រេង​ឥន្ធនៈចំនួន ១១​ទីតាំង​មិន​មាន​អនុលោមភាព​ត្រូវបាន​ចាត់​វិធានការ​ច្បាប់​លើ​ម្ចាស់​ដេប៉ូ​ប្រេង​ឥន្ធនៈតាម​នីតិវិធី​ច្បាប់។

បើ​តាម​អគ្គនាយកដ្ឋាន ក.ប.ប.៖«គោល​បំណង​របស់​មន្រ្តី​ជំនាញ​សាខា​រាជធានី ខេត្ដ ចុះ​ប្រតិបត្តិការ​ត្រួត​ពិនិត្យ​នៅ​តាម​ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ​នេះ គឺ​ដើម្បី​ស្វែក​រក​នូវ​ភាព​មិន​អនុលោម​តាម​រយៈការ​កេង​ប្រវ័ញ្ច​របស់​ម្ចាស់​ស្ថានីយ/ដេប៉ូប្រេង​ឥន្ធនៈ​ទៅ​លើ​អ្នក​ប្រើប្រាស់ ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​អ្នក​ប្រើប្រាស់ និង​ទប់​ស្កាត់​អំពើ​មិន​សុចរិត​ក្នុង​វិស័យ​ជំនួញ និង​ធុរកិច្ច​ប្រេងឥន្ធនៈ​ផងដែរ»។

អគ្គនាយកដ្ឋាន ក.ប.ប. បាន​ឱ្យ​ដឹង​ថា ក្រោយ​មន្រ្តី​ជំនាញ​សាខា ក.ប.ប. ខេត្ត​កំពង់ធំ ខេត្ត​កំពត ខេត្ត​កំពង់ឆ្នាំង ខេត្ត​សៀមរាប និង​រាជធានី​ភ្នំពេញ​បាន​ចុះ​ប្រតិបត្តិការ​ត្រួត​ពិនិត្យ​នៅ​តាម​ស្ថានីយ/ដេប៉ូ​ប្រេង​ឥន្ធនៈ​ចំនួន ៣៧ ទីតាំង កាល​ពី​ថ្ងៃទី៣ និងទី៤ ខែ​មីនានេះ តាមលទ្ធផល​នៃ​ការ​ត្រួត​ពិនិត្យ​មន្រ្តី​ជំនាញ​រក​ឃើញ​ដេប៉ូ​ប្រេង​ឥន្ធនៈចំនួន ១១ ទីតាំង​មិន​មាន​អនុលោមភាព និង​ពិន័យ​ទៅ​តាម​នីតិវិធី​ចំពោះម្ចាស់​អាជីវកម្ម​ប្រេង​ឥន្ធនៈ​ទាំង​នេះ។

អគ្គនាយកដ្ឋាន ក.ប.ប. កាល​ពី​ថ្ងៃ​ទី១ និងទី២ ខែ​មីនា ឆ្នាំ ២០២២ នេះ ក៏​បាន​រក​ឃើញ​ដេប៉ូ​ប្រេង​ឥន្ធនៈចំនួន ១១ ទីតាំងដែរ ដោយម្ចាស់​រក​ស៊ី​មិនមាន​ភាព​អនុលោម។ អគ្គនាយកដ្ឋាន ក.ប.ប.បាន​ឱ្យ​ដឹង​ថា ក្រោយ​មន្រ្តី ក.ប.ប. បាន​ចុះ​ត្រួត​ពិនិត្យ​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ៣៤ ទីតាំង​ស្ថិត​ក្នុង​ខេត្ត​សៀមរាប ខេត្ត​កំពង់ឆ្នាំង ខេត្ត​កំពត ខេត្ត​កំពង់ធំ និង​ខេត្ត​កណ្ដាល។ ក្នុង​ចំណោម ៣៤​ទីតាំង​ដែលបាន​ត្រួត​ពិនិត្យ​ខាង​លើ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ដេប៉ូ​ចំនួន ១១ ទីតាំង​មិន​មាន​ភាព​អនុលោម។

ក្រោយ​ពី​បាន​រក​ឃើញ​ដូចនេះ មន្ត្រី ក.ប.ប. បាន​ធ្វើ​ការ​ពិន័យ​អន្តរការណ៍ និង​ណែនាំ​ឱ្យ​ម្ចាស់​ដេប៉ូ​ធ្វើ​ការ​កែ​តម្រូវ និង​ឈប់​ប្រព្រឹត្ត​ល្មើសនឹង​ច្បាប់​ស្ដី​ពី​កិច្ចការពារ​អ្នក​ប្រើប្រាស់៕

វីដេអូ៖