ភ្នំពេញៈ រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ លោក កើត រិទ្ធ កាលពីថ្ងៃទី៣ មីនានេះ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​របស់​អនុគណៈកម្មការ​ចំពោះកិច្ច អនុវត្តផែនការ​សកម្មភាព​ការងារ​របស់​ក្រុម​ការងារ​ត្រួត​ពិនិត្យ​រួម​នៃ​ក្រុម​ប្រទេស អាស៊ី​ប៉ាស៊ីហ្វិក អំពី​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ (ICRG-JG) ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ដែល​នៅ​ដក់​សល់​សំដៅ​ធានាឱ្យ​កម្ពុជា​ទទួល​បាន​ការ​វាយ​តម្លៃ​ល្អប្រ​សើរ​លើ​របាយការណ៍​វឌ្ឍនភាព​ជុំ​ទី​៩ ដែល​មហាសន្និបាត​របស់​ក្រុម​ការងារ​ហិរញ្ញវត្ថុ (FATF) នឹង​សម្រេច​នា​ពេល​ខាង​មុខ​ ពោល​គឺ​ធ្វើ​យ៉ាងណា​ដក​ប្រទេស​កម្ពុជា​ចេញ​ពី​បញ្ជី​ប្រផេះ។

នៅក្នុង​កិច្ចប្រជុំ​នេះ លោក កើត រិទ្ធ ក្នុងជា​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច (ICRG-JG) បាន​ដឹក​នាំ​កិច្ច​ប្រជុំ ដើម្បី​ពិនិត្យ និង​ពិភាក្សាទី១ លើ​វឌ្ឍនភាព​ការងារ​របស់​ក្រុម​ការងារ​ទី១ ទទួល​បន្ទុក ទាក់ទង​នឹង​ព័ត៌មាន​ស៊ើបការណ៍​ហិរញ្ញ​វត្ថុ, ក្រុម​ការងារ​ទី​២ ទទួល​បន្ទុក ទាក់ទង​នឹង​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​លើ​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហាប្រល័យ, ក្រុម​ការងារ​ទី៣ ទទួល​បន្ទុក ទាក់ទង​នឹង​ការស៊ើប​អង្កេត​ការ​ចោទ​ប្រកាន់ និង​ការ​ផ្តន្ទាទោស​បទល្មើស​សម្អាត​ប្រាក់ និង​ការ​រឹបអូស។

ទី២ បាន​ដឹក​នាំ​កិច្ច​ប្រជុំ ដើម្បីពិនិត្យ និង​ពិភាក្សា លើ​ការ​ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ព្រម​ទាំង​ការ​សម្រួច​ទិសដៅ​ការងារ​បន្តរបស់ ICRG-JG ដើម្បី​ត្រៀម​សម្រាប់​ការ​រៀបចំ​របាយការណ៍​វឌ្ឍនភាព​ជុំ​ទី​៩ សម្រាប់​ដាក់​ជូន​ក្រុម​ការងារ ត្រួត​ពិនិត្យ​រួម​នៃ​ក្រុម​ប្រទេសអាស៊ី​ប៉ាស៊ីហ្វិក​អំពី​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ (ICRG-JG)។

កិច្ច​ប្រជុំ​នេះ​មាន​ការ​ចូលរួម​ពី លោក​លោកស្រី ជាអនុប្រធាន និង​សមាជិក​នៃ ICRG-JG ដែល​សុទ្ធតែ​ជា​ឥស្សរជន​ជាន់​ខ្ពស់​មក​ពី​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ការងារ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្ប​ទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហាប្រល័យ។

នៅក្នុង​កិច្ចប្រជុំ​នេះ លោក ស៊ុ សន្និសិទ្ធ ប្រធាន​ក្រុម​ការងារ​ទី១, លោក ជីវ សុងហាក់ សហប្រធាន​ក្រុម​ការងារ​ទី២ និង​លោក ស្រ៊ិន សុវណ្ណ ប្រធាន​ក្រុម​ការងារ​បច្ចេកទេស ប្រឆាំងការ​សម្អាត​ប្រាក់​នៃ ICRG-JG បាន​រាយការណ៍​ជូន​អង្គ​ប្រជុំ​អំពី​វឌ្ឍន​ភាពការងារ និង​បញ្ហាប្រឈម​របស់​ក្រុម​ការងារ​នីមួយៗ។

បើតាម​ក្រសួង​យុត្ដិធម៌ បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍​របស់​ក្រុម​ការងារ លោក កើត រិទ្ធ បាន​ផ្តល់​អនុសាសន៍​ជា​ដំណោះ​ស្រាយ​ចំពោះបញ្ហា​ប្រឈម​របស់​ក្រុម​ការងារ​នីមួយៗ និង​សម្រួច​ទិសដៅ​ការងារ​បន្ត ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ដែល​នៅ​ដក់​សល់​នៅ​ក្នុង​សកម្មភាព​ការងាររបស់ ICRG-JG សំដៅ​ធានា​ឱ្យ​កម្ពុជា ទទួល​បាន​ការ​វាយ​តម្លៃ​ល្អ​ប្រសើរ​លើ​របាយការណ៍​វឌ្ឍនភាព​ជុំ​ទី​៩ របស់​ខ្លួន ដែល​មហាសន្និបាតរបស់​ក្រុម​ការងារ​ហិរញ្ញវត្ថុ (FATF) នឹង​សម្រេច​នៅ​ពេល​ខាង​មុខ​នេះ ពោល​គឺ ដើម្បី​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ដក​ប្រទេស​កម្ពុជា​ចេញ​ពីបញ្ជី​ប្រផេះ។

លោកក៏បាន​កោត​សរសើរ​អំពី​វឌ្ឍនភាព​ជា​វិជ្ជមាន នៃ​ការ​អនុវត្ត​ការងារ របស់​ក្រុមការងារ​នីមួយៗ និង​បាន​ស្នើ​ឱ្យ​ក្រុមការងារ និង​ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​បន្ត​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​បុព្វហេតុ​ជាតិ និង​មាតុភូមិ ក៏​ដូចជា​ពង្រឹង​កិច្ច​សហការប្រតិបត្តិការ​រវាង​គ្នា​និង​គ្នា​ឱ្យ​កាន់​តែ​ល្អ​បន្ថែម​ទៀត។

ក្រសួង​យុត្ដិធម៌​បញ្ជាក់​ថា អនុគណៈកម្មការ​ចំពោះ​កិច្ច​នេះ នឹង​បំពេញ​បេសកកម្ម​របស់ ខ្លួន​រហូត​ដល់​ប្រទេស​កម្ពុជា ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជីប្រផេះ៕