ភ្នំពេញៈ ក្រសួង​អប់រំ​គ្រោង​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​បណ្តុះ​ការ​គិត​ស៊ី​ជម្រៅ ដែល​មាន​ឈ្មោះ​ថា «Think!Think!» ជា​កម្មវិធី​សិក្សា​លេខ​១ របស់​ប្រទេស​ជប៉ុន នៅ​សាលាបឋម​សិក្សា​ព្រះ​នរោត្តម​ក្នុង​រាជធានី​ភ្នំពេញ នៅ​ខែមីនា នេះ។ នេះ​បើ​យោង​តាម​ក្រសួង​អប់រំ។

សាលាបឋម​សិក្សា​ព្រះនរោត្តម គឺ​ជា​សាលាមួយ​ស្ថិត​នៅ​ក្នុង​ចំណោម​សាលា​គោលដៅ​ចំនួន ៨ ក្នុង​ខេត្ត​ចំនួន ៦ ក្នុង​គម្រោង​ភាព​ជា​ដៃគូឯកជន និង​សាធារណៈ​រវាង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ក្រសួង​អប់រំ និង​ក្រុមហ៊ុន​វ័នឌើលេប។

កម្មវិធី Think!Think! គឺជា​កម្មវិធី​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) បែប​បច្ចេក​វិទ្យា​ថ្មី​មួយ​ដែល​ជួយអភិវឌ្ឍ​ជំនាញ​គិត​ពិចារណា គិត​ស៊ី​ជម្រៅ ទំនាក់​ទំនង​សង្គម ភាព​ច្នៃ​ប្រឌិត ការ​លើក​ទឹក​ចិត្ត និង​ជំនាញ​ទន់​សិស្សានុសិស្ស ដែល​ជា​បំណិន​ក្នុង​សតវត្សន៍​ទី​២១។

ក្នុង​ជំនួប​ជាមួយ​លោក ស៊ីនជី យ៉ាណាហ្គាវ៉ា តំណាង​ទីភ្នាក់ងារ JICA ប្រចាំ​កម្ពុជា នា​ថ្ងៃ​ទី៤ ខែ​មីនា លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​ថ្លែង​ថា កម្មវិធី Think!Think! គឺជា​កម្មវិធី​ដ៏​ល្អ​មួយ​ក្នុង​ការ​បណ្តុះ​ការ​គិត​ស៊ី​ជម្រៅ និង​បំណិន​ទន់ ជួយ​សិស្ស​ក្នុង​ការ​រៀនបំណិន​ថ្មីៗ​ដែល​ចាំ​បាច់​ក្នុង​សតវត្សរ៍​ទី​២១។

លោក​បាន​បង្ហាញ​ការ​ស្ទង់មតិ​ទៅ​លើ​កម្មវិធី​នេះ​ថា ការ​ប្រើប្រាស់​កម្មវិធី​នេះ មាន​ប្រសិទ្ធភាព​ជា​វិជ្ជមាន​លើ​ពិន្ទុ​គណិតវិទ្យា ភាព​ឆ្លាត​វៃ ការលើក​ទឹក​ចិត្ត និង​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង។

សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​អប់រំ​បញ្ជាក់​នា​ថ្ងៃទី​៤ ខែ​មីនា ថា៖ «ឯកឧត្តម​បាន​ណែនាំ​ឱ្យ​ប្រើប្រាស់​កម្មវិធី​នេះ និង​បាន​ថ្លែង​អំណរគុណចំពោះ​ការ​គាំទ្រ​របស់ JICA ដែល​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ​អាច​សិក្សា​កម្មវិធី​ដ៏​មាន​គុណភាព​របស់ជប៉ុន»។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បាន​ដក​ស្រង់​សំដី លោក ស៊ីនជី យ៉ាណាហ្គាវ៉ា ថ្លែង​ក្នុង​ជំនួប​នេះ​ថា កម្មវិធី Think!Think! គឺជា​កម្មវិធី​សិក្សាលេខ​១ របស់​ប្រទេស​ជប៉ុន ហើយ​បាន​ទទួល​ពាន​រង្វាន់​កម្មវិធី​ល្អ​បំផុត​របស់ Google សម្រាប់​កុមារ។

ភ្នាក់ងារ JICA បាន​និង​កំពុង​បើក​ដំណើរការ​ថ្នាក់​សិក្សា​បំប៉ន​បន្ថែម​នៅ​តំបន់​ទួលគោក ដែល​មាន ឈ្មោះថា Think!Think! Learning Lab ដើម្បី​ផ្តល់​ឱកាស​ឱ្យ​សាធារណជន អាច​ចូល​រៀន​កម្មវិធី​នេះ​បាន។

ថ្នាក់បំប៉ន Think!Think! នឹង​ជួយ​បណ្តុះ​ការ​គិត​វិភាគ​ស៊ី​ជម្រៅ បំណិន​សង្គម ភាព​ច្នៃ​ប្រឌិត ការ​លើក​ទឹក​ចិត្ត ទំនុកចិត្ត​លើ​ខ្លួនឯង និងការ​ស្រលាញ់​ឱ្យ​តម្លៃ​ដល់​ខ្លួនឯង៕