ភ្នំពេញៈ គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្រកាស​ថា ថ្ងៃទី១ នៃ​ការ​ចុះ​បញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​ឈរ​ឈ្មោះបោះឆ្នោត សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ គ.ជ.ប បាន​ទទួល​ពាក្យ​សុំ​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​មក​ពី ១៦ គណបក្ស ក្នុង​នោះ​មាន​បេក្ខជន​សរុប​ចំនួន ៥១ ៩៥០ រូប។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មា​នរបស់ គ.ជ.ប ចេញ​ផ្សាយ​ថ្ងៃ​ទី​៥ មីនា​នេះ បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃទី​១ នៃ​ការ​ចុះ​បញ្ជី​បេក្ខជន​នៃ​គណបក្សនយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី៥ ត្រូវ​នឹង​ថ្ងៃ​ទី៤ ខែ​មីនា ឆ្នាំ ២០២២ គិតត្រឹម​វេលា​ម៉ោង ៥:៣០ នាទី គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការ​បោះឆ្នោត (គឃ.សប) បាន​ទទួល​ពាក្យ​សុំ​ចុះ​បញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត សរុប​ចំនួន ១៦ គណបក្ស​នយោបាយ ដែល​មាន​បេក្ខជន​សរុប​ចំនួន ៥១ ៩៥០ រូប ក្នុង​នោះ​ស្រីសរុប​ចំនួន ១៤ ២២៩ រូប។

ក្នុងនោះ គណៈបក្ស​នយោបាយ និង​បេក្ខជន​ឈរ​ឈ្មោះ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន ២៥/២៥ រាជធានី ខេត្ត មាន​ចំនួន ឃុំ សង្កាត់ ១ ៦២៧/១៦៥២ មាន​បេក្ខជន​ឈរ​ឈ្មោះ​សរុប ២៦ ៩៦៧ រូប ស្រី ៦ ៩៤៩ រូប។

គណបក្ស​ភ្លើង​ទៀន មាន​ចំនួន ២៥ រាជធានី ខេត្ត មាន​ចំនួន ឃុំ សង្កាត់ ៩៨៩/១ ៦៥២ មាន​បេក្ខជន​ឈរ​ឈ្មោះ​សរុប ១៤ ២៧២ រូប ស្រី ៣ ០៩០ រូប។

គណបក្ស​ខ្មែររួបរួមជាតិ មានចំនួន ២១/២៥ រាជធានី ខេត្ដ មានចំនួន ឃុំ សង្កាត់ ២០៤/១ ៦៥២ មាន​បេក្ខជន​ឈរឈ្មោះ​សរុប ២ ៩៧១ រូប ស្រី ១ ២១៨ រូប។

គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​ចំនួន ២០/២៥ រាជធានី ខេត្ត មានចំនួន ឃុំ សង្កាត់ ២១២/១ ៦៥២ មាន​បេក្ខជន​ឈរឈ្មោះ​សរុប ២ ៩៤២ រូប ស្រី ១០០០ រូប។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​ចំនួន ១១/២៥ ជធានី ខេត្ត មាន​ចំនួន ឃុំ សង្កាត់ ១៧/១៦៥២ មានបេក្ខជន​ឈរ​ឈ្មោះ​សរុប ២៧៩ រូប ស្រី ៨៩ រូប។

បើតាម គ.ជ.ប បញ្ជាក់ថា ការ​ចុះ​បញ្ជីបេក្ខជន​នៃ​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ មាន​រយៈពេល ៣ ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី៤ ដល់​ថ្ងៃទី៦ ខែ​មីនា ឆ្នាំ ២០២២៕