មណ្ឌលគិរីៈ អភិបាល​ខេត្ដ​មណ្ឌលគិរី លោក ថង សាវុន ប្រាប់ទៅ អភិបាលក្រុង ស្រុក មេឃុំ និង​ចៅ​សង្កាត់ ក្នុង​ខេត្ត​ឱ្យ​ចុះ​ទប់​ស្កាត់ និង​បញ្ឈប់​រាល់​សកម្មភា​ពពុះ​ដីឡូតិ៍​លក់​ដោយ​អនាធិបតេយ្យ និង​ការ​សាងសង់​ដែល​មិន​មាន​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ។

យោង​តាម​លិខិត​របស់​លោក ថង សាវុន កាល​ពី​ថ្ងៃទី​៣ ខែ​មីនា​នេះ​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​សូម​ជម្រាប​ជូន​លោក​អភិបាល​ក្រុង ស្រុក មេឃុំ និង​ចៅ​សង្កាត់​ទាំងអស់​ដែល​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​មណ្ឌលគីរី​ជ្រាប​ថា បច្ចុប្បន្ន​ខេត្ត​មណ្ឌលគិរី បាន​និង​កំពុង​មាន​ការ​អភិវឌ្ឍ​និង​រីក​ចម្រើនខ្លាំង​លើ​ផ្នែក​សេដ្ឋកិច្ច ជាពិសេស លើ​វិស័យ​ដីធ្លី និង​សំណង់។ ជាមួយគ្នា​នៃ​ដំណើរការ អភិវឌ្ឍ​យ៉ាង​ល្អ​ប្រសើរ​នេះ ក៏​មាន​បញ្ហា​ប្រឈមយ៉ាង​ធ្ងន់ធ្ងរ ជុំវិញ​ការ​ធ្វើ​អាជីវកម្ម​លើ​ដី​ធ្លី ដោយ​ពុះឡូតិ៍​លក់ ឬ​សាងសង់​សំណង់ ដែល​មិនមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ»។

លោក​អភិបាល​ខេត្ដ​បាន​ឱ្យ​ដឹង​ថា អាជីវកម្ម​លើ​ដីធ្លី ដោយ​ពុះ​ឡូតិ៍​លក់ ឬ​សាងសង់​សំណង់ ដែល​មិន​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ទាំង​នោះរួម​មាន ពុះ​ដីឡូតិ៍​លក់​ដោយ​មិន​បាន​ផ្ទេរសិទ្ធិ និង​មិន​បាន​ធ្វើ​ប្លង់​បំបែក​ក្បាល​ដី​ជូន​អ្នក​ទិញ​ឱ្យ​បាន​ស្រប​ច្បាប់។ ពុះដី​ឡូតិ៍​លក់​ដោយ​មិនមានប្លង់​កម្មសិទ្ធិ​ខ្លួន​ឯង​ត្រឹមត្រូវ និង​លក់ដី​ឡូត៍​ដែល​មិន​ស្របច្បាប់​ទៅ​ឱ្យ​អ្នក​ទិញ។ ពុះ​ដីឡូតិ៍​លក់​ឬ​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ និង​អង្គភាព​ពាក់​ព័ន្ធ​ត្រឹមត្រូវ ពុះ​ដី​ឡូតិ៍​លក់ ឬ​សាងសង់​ដោយ​អនាធិបតេយ្យ ដែល​មិន​គោរព​តាម​ប្លង់​គោល ផែន​ការ​ប្រើប្រាស់​ដី និង​បទប្បញ្ញត្តិ​នគរូបនីយកម្ម​ឱ្យ​បាន​ត្រឹមត្រូវ ជាដើម។

លោក ថង សាវុន បញ្ជាក់ថា ដើម្បី​ពង្រឹង​គុណភាព​នៃ​ការ​ប្រើប្រាស់​ដី ការ​គ្រប់គ្រង​ដីធ្លី និង​សំណង់ ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​សុវត្ថិភាព​ខ្ពស់ សូម​អាជ្ញាធរ​ពាក់​ព័ន្ធ​ខាងលើ ត្រូវ​ចាត់​វិធានការណ៍​ទប់​ស្កាត់ និង​រាយការណ៍​ឱ្យ​បាន​ទាន់​ពេល​វេលា​ចាប់​ពី​ពេល​នេះ​ត​ទៅ ព្រម​ទាំងត្រូវ​ធ្វើ​ការ​ផ្សព្វផ្សាយ ជូន​ដំណឹង និង​ណែនាំ​ឱ្យ​បាន​ច្បាស់លាស់ ដល់​អ្នក​ដែល​មាន បំណង​ពុះ​ដីឡូតិ៍​លក់ ឬ​សាងសង់​ដើម្បី​លក់ ជួល ឬ​សម្រាប់​រស់​នៅ​ដោយ​ខ្លួនឯង នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។

ក្នុង​នោះ​មាន​ដូចជា ត្រូវ​សុំ​ច្បាប់​អនុញ្ញាត មុន​នឹង​សាងសង់ ឬ​ធ្វើ​ការ​ពុះ​ដីឡូត៍​របស់​ខ្លួន​ដើម្បី​លក់ ឬ​ដោះដូរ។ ចំពោះ​និតិវិធី ឬ បែបបទ​នៃការ​ស្នើសុំ​ច្បាប់​អនុញ្ញាត​ម្ចាស់​សំណើ​ត្រូវ​មក​ទំនាក់ទំនង​ជាមួយ​ការិយាល័យ​ច្រកចេញចូល តែមួយ​រដ្ឋបាល​ខេត្ត ឬ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោ​ដី​ខេត្ត ឬ​ចំពោះ​អង្គភាព​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​ក្រសួង ខេត្ត ក្រុង ស្រុក ដោយ​យោង​ទៅ​តាម​សណ្ឋាន​នៃករណី​ដីធ្លី​ទាំង​នោះ​ជាក់​ស្ដែង ដើម្បី​រៀបចំ​ការ​ស្នើសុំ​អនុញ្ញាត​ច្បាប់។

ត្រូវ​ដាក់​តាំង​បង្ហាញ​ឱ្យ​បាន​ច្បាស់ អំពី​ឯកសារ​ស្របច្បាប់​ដែល​បានអនុញ្ញាត​ឱ្យ​ពុះដី​ឡូតិ៍​លក់ ឬ​សាងសង់ នៅ​ទីតាំង​ដីផ្ទះ​ជាក់ស្តែង និង​ការដ្ឋាន​សំណង់​នោះ​តែម្តង។

ត្រូវ​ប្រគល់​ជូន​អថិតិជន​នូវ​ឯកសារ​បញ្ជាក់​ចម្លង​ពី​ច្បាប់​ដើម នូវ​លិខិត​ស្របច្បាប់​នៃ​ការ​អនុញ្ញាត​ឱ្យ​ពុះដី​ឡូតិ៍​លក់ ឬ​ការ​សាងសង់​នៅ​លើដី រួមមានៈ អាជ្ញាប័ណ្ណ ឬ​លិខិត​ស្របច្បាប់​ដែល​បាន​អនុញ្ញាត​ពី​អាជ្ញាធរ និង​អង្គភាព​ពាក់ព័ន្ធ​លើ​ការ​សាងសង់ ឬ​ការ​ពុះ​ដីឡូតិ៍​លក់ ព្រមជាមួយ​នឹង​វិញ្ញាបនប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ, ប័ណ្ណ​កម្មសិទ្ធិ និង​ឯកសារ​ពាក់​ព័ន្ធ​សំខាន់ៗ​ផ្សេង​ទៀត។

លោក​បញ្ជាក់​ថា៖ «ចំពោះ​ករណី​អ្នក​អភិវឌ្ឍន៍​ដី និង​សំណង់​ប្រព្រឹត្ត​បទល្មើស​ដូច​ខាង​លើ​ឬ​ការ​ឱ្យ​ដៃ​របស់​អាជ្ញាធរ ឬ​អង្គភាព​ពាក់ព័ន្ធ​ណាមួយ ក្នុង​ការ​ឃុបឃិត​ត្រូវ​មាន​វិធានការ​ផាក​ពិន័យ ឬ និង​ទទួល​ទោស​តាម​ច្បាប់​ជា​ធរមាន»៕