ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្ដី ហ៊ុន សែន បាន​ឯកភាព​ឱ្យ​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ និង​ប្រធាន​មន្ទីរពេទ្យ​ជាតិ និង​ប្រធានមណ្ឌល​ព្យាបាល​ជំងឺ​កូវីដ១៩ ថ្នាក់​រាជធានី-ខេត្ត ផ្តល់​ឱសថ Molnupiravir 200mg ជូន​ដល់​មន្ត្រី​សុខាភិបាល និង​មន្ត្រី​ប្រយុទ្ធ​នឹង​ជំងឺកូវីដ១៩ ជួរ​មុខ​ដែល​បាន​ឆ្លង​វីរុស​កូវីដ១៩ និង​បាន​បញ្ជាក់​ដោយ​តេស្ត PCR ហើយ​ធ្វើ​ការ​ព្យាបាល​នៅ​ផ្ទះ។

នេះ​បើ​យោង​តាម​លិខិត​របស់​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការអន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺកូវីដ១៩ ជម្រាប​ជូន​ទៅ​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ ប្រធាន​មន្ទីរពេទ្យ​ជាតិ និង​ប្រធាន​មណ្ឌល​ព្យាបាល ជំងឺ​កូវីដ១៩ រាជធានី ខេត្ត​ទាំងអស់ កាល​ពី​ថ្ងៃទី៤ ខែ​មីនា​នេះ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​សូម​ជម្រាប​ជូន ឯកឧត្តម លោកជំទាវ ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ ថ្នាក់​រាជធានី-ខេត្ត ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ប្រធាន​មន្ទីរពេទ្យជាតិ និង​ប្រធាន​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ១៩ រាជធានី-ខេត្ត​ទាំងអស់​មេត្តា​ជ្រាប​ថា ក្នុងពេល​បច្ចុប្បន្ន មាន​មន្ត្រី​សុខាភិបាល​ជួរ​មុខ និង​មន្ត្រី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ មួយ​ចំនួន​បាន​ឆ្លង​វីរុស​កូវីដ​១៩ ហើយ​ធ្វើ​ការ​ព្យាបាល​នៅ​ផ្ទះ។ ដើម្បី​ជួយ​សម្រាល​បន្ទុក​ចំណាយ​របស់​មន្ត្រី​ទាំង​នោះ​ក្នុង​ការ​ទិញ​ឱសថ​ព្យាបាល​គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ បានទទួល ការ​យល់​ព្រម​ជា​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជាក្នុង​ការ​ផ្តល់​ឱសថ Molnupiravir 200mg ដោយ​មិន​គិត​ថ្លៃ​ជូន​ដល់​មន្ត្រី​សុខាភិបាល​ជួរ​មុខ និង​មន្ត្រី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ ដែល​បានឆ្លង​វីរុស​កូវីដ១៩ និង​បាន​បញ្ជាក់​ដោយ​តេស្ដ PCR ហើយ​ធ្វើ​ការ​ព្យាបាល​នៅផ្ទះ។ ឱសថ Molnupiravir 200mg នឹង​ត្រូវ​ធ្វើ​ការ​ផ្តល់ជូន​ដោយ​អង្គភាព​សាមី»។

លោក ម៉ម ប៊ុនហេង បញ្ជាក់​ថា ដើម្បី​គ្រប់គ្រង និង​អនុវត្តការ​ផ្ដល់​ជូន​ឱសថ Molnupiravir 200mg ចំនួន ៤០ គ្រាប់ (១ប្រអប់) ក្នុង ១ នាក់ ជូន​បាន​ទាន់​ពេល​វេលា ក្រសួង​សុខាភិបាល បាន​ណែនាំ​ថា បន្ទាប់ពី​បាន​ធ្វើ​តេស្ត​រហ័ស​រក​អង់ទីហ្សែន​កូវីដ​១៩ បាន​លទ្ធផលវិជ្ជមាន អង្គភាព​សាមី​ត្រូវ​សម្រប​សម្រួល​ឱ្យ​អ្នក​បច្ចេកទេស​យក​សំណាក​បញ្ចូន​មក​មន្ទីរ​ពិសោធន៍​ដែល​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាលដើម្បី​ធ្វើ​តេស្ត PCR។ ២ មន្ទីរ​ពិសោធន៍​ដែល​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ធ្វើ​តេស្ត PCR ត្រូវ​សម្រប​សម្រួល​ធ្វើ​តេស្ត​ជូន​ដោយមិន​គិត​ថ្លៃ និង​បញ្ជាក់​តាម​ទម្រង់​របាយការណ៍​មន្ទីរពិសោធន៍ជូន។

ក្រសួងសុខាភិបាល​បាន​បន្ថែម​ថា សាមីខ្លួន​ដែល​ត្រូវ​បាន​បញ្ជាក់​លទ្ធផល​វិជ្ជមាន​កូវីដ១៩ ដោយ​តេស្ត PCR ហើយ​គ្មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ត្រូវអនុវត្ត​តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ នៅ​តាម​ផ្ទះ និង​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន និង​ត្រូវ​ប្រើ​ឱសថ Molnupiravir 200mg ឱ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ។

អង្គភាព​សាមី​ត្រូវ​ស្នើ​សុំ​ឱសថ Molnupiravir 200mg មក​អនុគណៈកម្មការ​ផ្គត់ផ្គង់​និង​ហិរញ្ញ​វត្ថុ និង​ត្រូវ​ធ្វើ​របាយការណ៍​ត្រឡប់​មក​អនុគណៈកម្មការ​បច្ចេកទេស​និង​ព្យាបាល និង​អនុគណៈកម្មការ​ផ្គត់ផ្គង់ និង​ហិរញ្ញ​វត្ថុ នៃ​ គ.អ.ក៕