​ស្វាយរៀងៈ នគរ​បាល​ សង្កាត់​ច្រក​ម្ទេស​បាន​ឃាត់​ខ្លួន​បុរស​ម្នា​ក់​នៅ​ថ្ងៃទី ​​៦​ មីនា​តាម​បណ្តឹង​របស់​សាច់​ញាតិ​របស់​ស្ត្រី​រង​គ្រោះ​ពាក់​ព័ន្ធ​រំលោភ​សេព​សន្ថវៈ​ប្រព្រឹត្ត​នៅ ​ភូមិ​មួយ​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់ ច្រក​ម្ទេស ​ក្រុង ​បា​វិត​ ខេត្ត ​ស្វាយ​រៀង​កាល​ពីដើម​ឆ្នាំ​ ២០២២​។​​

លោក​ កើត​ សារ៉េត​ នាយ​នគរ​បាល​ប៉ុស្តិ៍​សង្កាត់​ច្រក​ម្ទេស​ឱ្យ​ដឹ​ង​នៅ​ថ្ងៃទី​៦​មីនា​ ថា​ ជន​សង្ស័យ​ឈ្មោះ ​ឃួន​ ក្ដាម​ អាយុ ៣២​ ឆ្នាំ ​ជា​កម្មករ​សំណង់​ មាន​ទី​លំនៅ​ភូមិ​ធ្លក​ សង្កាត់​ច្រក​ម្ទេស​ ក្រុង​បាវិត​ ខេត្ត​ស្វាយ​រៀង​។​ ជន​សង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​របស់​លោក​ចាប់​ខ្លួន​នៅ​ថ្ងៃទី ​៦​ មីនា​នៅ​ក្នុង​ភូមិ​ដែល​គាត់​រស់​នៅ​ក្នុង​សង្កាត់​ច្រក​ម្ទេស​ក្រុង​បាវិត​។​​

លោក​ប្រាប់​ថា​​៖​ «​​ជន​សង្ស័យ​មិន​មែន​ប្រព្រឹត្ត​នៅថ្ងៃ​នេះ​ទេ ​(​ថ្ងៃទី​ ៦​ មីនា​)​ ប៉ុន្តែ​យើង​ចាប់​ខ្លួន​គេ​តាម​បណ្តឹង​ក្រុម​គ្រួសារ​របស់​ស្ត្រី​រង​គ្រោះ​។ ​សមត្ថ​កិច្ច​របស់​ខ្ញុំ​កំពុង​សាក​សួរ​ជន​សង្ស័យ​ពេល​សួរ​ចប់​យើង​បន្ត​នីតិ​វិធី​ទៅ​លើ​ទៀត​»​។​

លោក​បន្ត​តាម​សម្តី​សាច់​ញាតិ​ស្ត្រី​រង​គ្រោះ​ថា​ ស្ត្រី​រង​គ្រោះ​ឈ្មោះ ​យ​.​រ អាយុ​ ៣១ ​ឆ្នាំ​ ជា​កសិករ ​រស់​នៅក្នុ​ង​ភូមិ​សាស្ត្រ សង្កាត់ ​ច្រក​ម្ទេស ​ក្រុង ​បាវិត ​ខេត្ត ​ស្វាយ​រៀង​។​ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​សូវ​មាន​ស្មារ​តី​ល្អ​ដូច​មនុស្ស​ធម្មតា​ទេ​ហើយ​មុន​ថ្ងៃ​ចាប់ខ្លួន​ជន​សង្ស័យ​ប៉ុន្មាន​ថ្ងៃ​គឺ​សាច់​ញាតិ​បាន​ឃើញ​ស្ត្រី​រង​គ្រោះ​មាន​អាកា​រៈ​ក្នុង​ខ្លួន​ខុស​ពី​ធម្មតា​ក៏​ហៅ​សួរ​។​ ពេល​នោះ​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​ថា​ឈ្មោះ​ក្ដាម​បាន​ចាប់​នាង​រំលោភ​សេព​សន្ថវៈ​។​​

បើ​តាម​លោក ​សារ៉េត ​ក្រោយ​ពី​សួរ​នាំ​ដឹង​ឫស្ស​គ​ល់​រឿង​ហេតុ​អស់​ហើយ​នោះ ​សាច់​ញាតិ​របស់​ស្ត្រី​រង​គ្រោះ​បាន​មក​ប្តឹង​នៅ​ប៉ុស្តិ៍​នគរ​បាល​ច្រក​ម្ទេស​របស់​លោក​នៅ​ថ្ងៃទី​ ៦​ មីនា​ ហើយ​បន្ទាប់​មក​លោក​បាន​រាយ​ការណ៍​បន្ត​ទៅ​លោក​ អែម សុវ​ណ្ណា​រិទ្ធ​ ​អធិការ​នគរ​បាល​ក្រុង​បាវិត​ និង​ចុះ​ឃាត់​ខ្លួន​ជន​សង្ស័យ​នៅ​ថ្ងៃ​ដដែល​នេះ​។​​​

លោក​ប្រាប់​ថា ​អំពើ​របស់​ជន​សង្ស័យ​មិន​មែន​ប្រព្រឹត្ត​នៅ​ក្នុង​ខែមីនា​នេះ​ទេ​ ហើយ​អាច​ប្រព្រឹត្ត​នៅ​ប៉ុន្មាន​ខែ​មុន​មក​ម្ល៉េះ​ព្រោះ​ថា​ ពេល​សមត្ថ​កិច្ច​ជំនាញ​របស់​លោក​សួរ​ចម្លើយ​ជន​សង្ស័យ​គាត់​ឆ្លើយ​ប្រាប់​ថា​ គាត់​មិន​ចាំ​ថ្ងៃ​ប្រព្រឹត្ត​លើ​ស្ត្រី​រង​គ្រោះ​ទេ​តែ​គាត់​បាន​រំលោភ​សេព​សន្ថវៈ​បាន​ស្រេច​ជា​មួយ​ស្ត្រី​រង​គ្រោះ​បាន​ប្រហែល ​២ ​ខែ​មុន​មែន​។​ ដោយ​សារ​តែ​មាន​ចម្លើយ​សារ​ភាព​បែប​នេះ​ហើយ​ទើប​លោក​សម្រេច​ឃាត់​ខ្លួន​ជន​សង្ស័យ​តែ​ម្តង​។​​

លោក​ អែម​ សុវណ្ណា​រិទ្ធ​ អធិការ​នគរ​បាល​ក្រុង​បាវិត​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​៦​ មីនា​ យ៉ាង​ខ្លី​ថា ​ករណី​នេះ ​ខាង​មន្ត្រី​ជំនាញ​របស់​លោក​នឹង​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់​នៅ​ពេល​នគរ​បាល​ប៉ុស្តិ៍​ចាប់​បញ្ជូន​ជន​សង្ស័យ​ដល់​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​បាវិត​៕​