ភ្នំពេញៈ សមត្ថកិច្ច​មូលដ្ឋាន​បាន​និយាយថា ស្ត្រី​ ៣​ នាក់​រងរបួស​ធ្ងន់​និង​ស្រាល បន្ទាប់ពី​មាន​ករណី​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​របស់​ពួកគេ កាលពី​ព្រឹក​ថ្ងៃទី​ ០៦ ខែមីនា ឆ្នាំ ​២០២២ ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

លោក សុខ ហេង អធិការ​ខណ្ឌទួលគោក បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មកទល់ពេលនេះ ក្រុម​សមត្ថកិច្ច​នគរបាល​ជំនាញ​ផ្នែក​ពន្លត់​អគ្គ​ភ័យ​រាជធានី​ភ្នំពេញ នៅ​មិនទាន់​កំណត់​រកឃើញ​មូលហេតុ ដែល​នាំ​ឲ្យ​កើតមាន​គ្រោះ​អគ្គីភ័យ​នោះ​នៅឡើយ​ទេ ខណៈ​ស្ត្រី​រងគ្រោះ​ ៣​ នាក់ នៅក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​ដ៏​អាក្រក់​នេះ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​របួស​។​

លោក​ថ្លែងថា​៖ «​នៅពេលនេះ ក្រុម​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​យើង​កំពុង​ចុះ​ស្រាវជ្រាវ អំពី​អត្តសញ្ញាណ​ជនរងគ្រោះ​។ ចំណែក​សមត្ថកិច្ច​ជំនាញ​ផ្នែក​អគ្គិភ័យ កំពុង​ស្រាវជ្រាវ​អំពី​មូលហេតុ​នៃ​ការឆេះ​»​។​

ជុំវិញ​ករណីនេះ លោក ព្រំ យ៉​ន ប្រធានការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ក្រោយពី​ធ្វើការ​ពន្លត់​អគ្គិភ័យ​នោះ​រួច ក្រុមការងារ​របស់លោក បានធ្វើការ​ស៊ើបសួរ​ជនរងគ្រោះ និង អ្នកភូមិ​មួយចំនួន​នៅក្បែរ​កន្លែងកើតហេតុ ហើយ​រកឃើញ​ពី​មូលហេតុ ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ​ឡើង​។​

លោក​ថ្លែងថា​៖ «​តាម​ចម្លើយ​របស់​ជនរងគ្រោះ ​និង​សាក្សី​នៅ​កន្លែងកើតហេតុ អគ្គិភ័យ​នេះ​បង្កឡើង​ពី​ជាង​ផ្សារ​ដំបូលផ្ទះ​ខ្វះ​ការប្រុងប្រយ័ត្ន ធ្វើ​ឲ្យ​ធ្លាក់​កម្ទេច​ភ្លើង​លើ​កម្ទេចពូក​នៅ​ខាងក្រោម បង្ក​ឲ្យ​ឆាបឆេះ​ជា​អគ្គិភ័យ​»​។​

លោក​បាន​បន្ថែមថា​៖«​គ្រោះ​អគ្គិភ័យ​នេះ មិន​គ្រាន់តែ​បំផ្លាញ​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​ទេ បាន​បង្ក​ឲ្យ​ស្ត្រី ៣​ នាក់​រងរបួស​ធ្ងន់​ និង​ស្រាល​ផងដែរ​»​។

បើតាម​លោក ព្រំ យ៉​ន ស្ត្រី​រងគ្រោះ​នៅក្នុង​ហេតុ​ករ​ណ៍​ភ្លើង​ឆេះ​ផ្ទះ​ដ៏​អាក្រក់​នេះ​រួមមាន​ឈ្មោះ ស៊ី ប៊ុន​ស្រី អាយុ​ ៤៧ ​ឆ្នាំ និង ឈ្មោះ ស្រ៊ី​ន ធិ​តា អាយុ ​៦២​ ឆ្នាំ ដែល​អ្នក​ទាំង ​២ ​រងរបួស​ធ្ងន់ ។ ចំណែក​ស្ត្រី​ឈ្មោះ ហេង ម៉ី ម៉ី អាយុ​២៦​ឆ្នាំ​រងរបួស​ស្រាល​។ ជនរងគ្រោះ​ទាំង​ ៣ ត្រូវបាន​ក្រុមគ្រួសារ​សាច់ញាតិ​ដឹកនាំ​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ ដើម្បី​ព្យាបាល​របួស​។​

លោក បាន​ប្រាប់​ឲ្យ​ដឹងថា ដើម្បី​ជួយសង្គ្រោះ​ និង​ពន្លត់​អគ្គិភ័យ​ដ៏​អាក្រក់​នេះ កម្លាំង​សមត្ថកិច្ច​ជំ​និង​មានការ​ចូលរួម​ពី​កម្លាំង​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នៃ​វិស័យ​ឯកជន​មួយចំនួន​រួមមាន​អង្គភាព​ពន្លត់​អគ្គិភ័យ​របស់​ទីក្រុង​ជ្រោយចង្វា​OCIC ​អង្គភាព​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ​៣៦ ​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ប្រមាណ​ ២០០​ ម៉ែត្រគូប​។

ដោយឡែក​នៅឯ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ក៏មាន​ករណី​គ្រោះ​អគ្គ​ភ័យ​កើតឡើង​ផងដែរ កាលពី​វេលា​ម៉ោង​ ១ ​រសៀល​ថ្ងៃទី​ ០៦ ខែមីនា ឆ្នាំ ​២០២២​ នេះ ប៉ុន្តែ​មិនមានអ្នករងរបួស​នោះទេ​។ នេះ​បើតាម​សម្ដី​លោក ភន សេង​លីម អធិការរង​ស្រុក​ស្ទឹងត្រង់​ទទួលបន្ទុក​ផ្នែក​អគ្គ​ភ័យ​។

លោក​ថ្លែងថា​៖ «​ករណីនេះ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ក្នុង​ជំហាន​បឋម​ថា អាចមាន​ក្មេង​មក​ដុត​សម្រាម​លេង​នៅក្បែរ​គំនរ​កម្ទេច​ឈើ ដែល​ក្រុម​ជាង​បាន​ឈូស​ក្ដារ​ធ្វើជា​ពុម្ព​សម្រាប់​ការសាងសង់​សាលា​ធម្មសភា​ក្នុង​វត្ត​អន្លង់​សាឡី បណ្ដាល​ឲ្យ​ប្រះ​ស្រាំ​ជណ្ដើរ​នៃ​សំណង់​នេះ​។ ប៉ុន្តែ​គ្មាន​អ្នករងរបួស​នោះទេ​»៕

វីដេអូ៖