ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឯកភាព​ឱ្យ​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​ ប្រធាន​មន្ទីរពេទ្យ​ជាតិ​ និង​ប្រធាន​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ​ថ្នាក់​រាជធានី​-​ខេត្ត ផ្តល់​ឱសថ​ព្យាបាល​ជំងឺ​កូវីដ​ ១៩ Molnupiravir200mg ជូន​ដល់​មន្ត្រី​សុខាភិបាល និង​មន្ត្រី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​ ជួរមុខ​ដែល​បាន​ឆ្លង​វីរុស​កូវីដ​ដោយ​មិន​គិតថ្លៃ ក្រោយពី​មន្ត្រី​មួយចំនួន​បាន​ឆ្លង​វីរុស​កូវីដ​ ១៩ ហើយ​ធ្វើការ​ព្យាបាល​នៅផ្ទះ​។

នេះ​បើ​យោងតាម​លិខិត​របស់លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ជម្រាប​ជូនទៅ​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ប្រធាន​មន្ទីរពេទ្យ​ជាតិ និង​ប្រធាន​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ ១៩ រាជធានី ខេត្ត​ទាំងអស់​កាលពី​ថ្ងៃទី​ ៤ ខែមីនា​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​ជម្រាបជូន ឯកឧត្តម លោកជំទាវ ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​​កូវីដ​ ១៩ ថ្នាក់​រាជធានី​-​ខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី​ប្រធាន​មន្ទីរពេទ្យ​ជាតិ​ និង​ប្រធាន​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ ១៩ រាជធានី​-​ខេត្ត​ទាំងអស់ មេត្តា​ជ្រាបថា ក្នុង​ពេល​បច្ចុប្បន្ន​មាន​មន្ត្រី​សុខាភិបាល​ជួរមុខ​ និង​មន្ត្រី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ មួយចំនួន​បាន​ឆ្លង​វីរុស​កូវីដ ​១៩​ ហើយ​ធ្វើការ​ព្យាបាល​នៅផ្ទះ​»​។

លោក​បន្តថា​ដើម្បី​ជួយ​សម្រាល​បន្ទុក​ចំណាយ​របស់​មន្ត្រី​ទាំងនោះ​ក្នុង​ការទិញ​ឱសថ​ព្យាបាល​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​១៩ បានទទួល​ការយល់ព្រម​ជា​គោលការណ៍​ «​ដ៏ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គមហារសនាបតី​តេជោ ហ៊ុន សែន ក្នុងការ​ផ្តល់​ឱសថ Molnupiravir200mg ដោយ​មិន​គិតថ្លៃ​ជូន​ដល់​មន្ត្រី​សុខាភិបាល​ជួរមុខ និង​មន្ត្រី​ប្រយុទ្ធ​នឹង​ជំងឺ​​កូវីដ​ ១៩ ដែល​បាន​ឆ្លង​វីរុស​​កូវីដ​ ១៩ និង​បានបញ្ជាក់​ដោយ​តេស្ដ PCR ហើយ​ធ្វើការ​ព្យាបាល​នៅផ្ទះ​។ ឱសថ Molnupiravir200mg នឹងត្រូវ​ធ្វើការ​ផ្តល់ជូន​ដោយ​អង្គភាព​សាមី​»​។

បើតាម​លោក ប៊ុនហេង ដើម្បី​គ្រប់គ្រង និង​អនុវត្ត​ការផ្ដល់​ជូន​ឱសថ Molnupiravir200-mg ចំនួន​ ៤០ ​គ្រាប់ (១ ​ប្រអប់​) ក្នុង​ម្នាក់​ជូន​បាន​ទាន់​ពេលវេលា ក្រសួង​សុខាភិបាល​បាន​ណែនាំ​ថា បន្ទាប់ពី​បានធ្វើ​តេស្ត​រហ័ស​រក​អង់ទីហ្ស៊ែន​កូវីដ​ ១៩ បាន​លទ្ធផល​វិជ្ជមាន អង្គភាព​សាមី​ត្រូវ​សម្របសម្រួល​ឱ្យ​អ្នក​បច្ចេកទេស​យក​សំណាក​បញ្ជូនមក​មន្ទីរ​ពិសោធន៍​ដែលមាន​ការអនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ ដើម្បី​ធ្វើតេស្ត​ PCR​។ មន្ទីរ​ពិសោធន៍​ដែលមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ធ្វើតេស្ត PCR ត្រូវ​សម្របសម្រួល​ធ្វើតេស្ត​ជូន​ដោយ​មិន​គិតថ្លៃ និង​បញ្ជាក់​តាម​ទម្រង់​របាយការណ៍​មន្ទីរពិសោធន៍​ជូន​។

ចំណែក​សាមីខ្លួន ដែល​ត្រូវបាន​បញ្ជាក់​លទ្ធផល​វិជ្ជមាន​កូវីដ​ ១៩ ដោយ​តេស្ត PCR ហើយ​គ្មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ត្រូវ​អនុវត្ត​តាម​នីតិ​វិធី​ប្រតិបត្តិ​ស្តង់ដា​សម្រាប់​គ្រប់គ្រង​ថែទាំ​ និង​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ នៅតាម​ផ្ទះ​ និង​ត្រូវរាយការណ៍ជូន​អាជ្ញាធរ​មូលដ្ឋាន​ និង​ត្រូវ​ប្រើ​ឱសថ​ Molnupiravir200mg ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​។

លិខិត​ដដែល​បញ្ជាក់ថា អង្គភាព​សាមី​ត្រូវ​ស្នើសុំ​ឱសថ Molnupiravir200mg មក​អនុគណៈកម្មការ​ផ្គត់ផ្គង់​ និង​ហិរញ្ញវត្ថុ​ និង​ត្រូវធ្វើ​របាយការណ៍​ត្រឡប់មក​អនុគណៈកម្មការ​បច្ចេកទេស និង​ព្យាបាល​ និង​អនុគណៈកម្មការ​ផ្គត់ផ្គង់​ និង​ហិរញ្ញវត្ថុ​នៃ​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ ​១៩​។

ចំណែក​សាមីខ្លួន​ដែល​ត្រូវបាន​បញ្ជាក់​លទ្ធផល​វិជ្ជមាន​កូវីដ​ដោយ​តេស្ត PCR ហើយ​គ្មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ត្រូវអនុវត្ត​តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ​នៅតាម​ផ្ទះ​ និង​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ និង​ត្រូវ​ប្រើ​ឱសថ​ Molnupiravir-200mg ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​។ លោក ប៊ុនហេង បញ្ជាក់ថា អង្គភាព​សាមី​ត្រូវ​ស្នើសុំ​ឱសថ Molnupiravir200mg មក​អនុគណៈកម្មការ​ផ្គត់ផ្គង់​ និង​ហិរញ្ញវត្ថុ និង​ត្រូវធ្វើ​របាយការណ៍​ត្រឡប់មក​អនុគណៈកម្មការ​បច្ចេកទេស​ និង​ព្យាបាល និង​អនុគណៈកម្មការ​ផ្គត់ផ្គង់ និង​ហិរញ្ញវត្ថុ នៃ គ.អ.ក។

លោក សេង ណុង ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ដ​ព្រះសីហនុ​ថ្លែង​នៅ​ថ្ងៃទី​ ៦ មីនា ថា មន្ទីរពេទ្យ​បង្អែក​ខេត្ដ​នឹង​គោរព​តាម​អនុសាសន៍​របស់លោក​នាយករដ្ឋមន្ត្រី និង​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ក្នុង​ការមើលថែ​ចំពោះ​គ្រូពេទ្យ​ជួរមុខ ក្នុងករណី​មាន​ឆ្លង​កូវីដ តាមរយៈ​ការផ្ដល់​ឱសថ Molnupiravir 200mg នេះ និង​ផ្ដល់​ថ្នាំ​សម្រាប់​ព្យាបាល​តាម​អាការ​ជំងឺ​ផ្សេងទៀត​ដោយ​មិន​គិតថ្លៃ​។

លោក​ថ្លែងថា​៖ «​ក្រុមគ្រូពេទ្យ​ជួរមុខ​របស់​យើង​ក៏​ធ្លាប់មាន​អ្នកឆ្លង​ជំងឺ​កូវីដ ១៩ ​ដែរ ប៉ុន្តែ​យើង​បាន​យក​ចិត្ដ​ទុកដាក់​ព្យាបាល​ពួកគាត់​បានជា​សះស្បើយ​អស់ហើយ​»៕