
សកម្មភាពចុះបញ្ជី និងបេក្ខជននៅកំពង់ឆ្នាំងពីថ្ងៃទី ៤ មីនា។ រូបថត គជប
ភ្នំពេញៈ គិតត្រឹមថ្ងៃទី ២ នៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំនេះ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប)បានទទួលពាក្យសុំចុះ-បញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសរុបចំនួន ១៧ គណបក្សនយោបាយ ដែលមានបេក្ខជនសរុបចំនួន ៧០ ០៤៦ រូប ក្នុងនោះ ស្រីសរុបចំនួន ២០ ៤៥២ រូប។
តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ៦ ខែមីនា ឱ្យដឹងថាគណបក្សនយោបាយចំនួន ១៧ ដែលបានចុះបញ្ជីមានគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរគណបក្សរស្មីខេមរា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
សេចក្តីប្រកាសព័ត៌មានបន្តថា ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ មានរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២២ ។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៦ ខែមីនាថា លទ្ធផលនៃការចុះបញ្ជីបេក្ខជនគណបក្សនយោបាយនេះ (ត្រឹមថ្ងៃទី ៥ ខែមីនា) មានគណបក្សនយោបាយចំនួន ១៧ បានមកចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។
លោកបន្តថា នៅថ្ងៃទី ២ គណបក្សប្រជាជនកម្ពុជាបានដាក់បេក្ខជនគ្រប់ឃុំសង្កាត់នៅទូទាំងប្រទេស ១៦៥២។ ដោយឡែក គណបក្សភ្លើងទៀនបានចុះបញ្ជីបេក្ខជននៅឃុំ សង្កាត់ចំនួន ១ ៤៥៨ ឃុំ សង្កាត់ និងគណបក្សហ៊្វុនស៊ិនប៉ិចបានដាក់បេក្ខជនចំនួន ៤០៦ ឃុំ សង្កាត់។
បើតាមលោក សោម សូរីដា ដំណើរការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតគឺប្រព្រឹត្តទៅប្រកបដោយបរិយាកាសសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ និងរលូន ពុំមានបញ្ហាអ្វីរាំងស្ទះដល់ដំណើរការទេ។ មួយវិញទៀតបញ្ហាការឆ្លងនូវជំងឺកូវីដ-១៩ ក៏ពុំទាន់មានរបាយការណ៍បញ្ជាក់ពីការខកខាននៃការចុះបញ្ជីបេក្ខជនគណបក្សនយោបាយនេះដែរ។
លោកថ្លែងថា៖ «សម្រាប់រយៈពេល ២ ថ្ងៃកន្លងមកនេះ គឺប្រព្រឹត្តទៅល្អប្រសើរ ខ្ញុំជឿថា ថ្ងៃចុងក្រោយថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២២ ដំណើរការចុះបញ្ជីបេក្ខជនក៏នឹងប្រព្រឹត្តទៅល្អប្រសើរដែរ»។
លោក សុខ ប៉េងឡុង ប្រធាននាយកដ្ឋានព័ត៌មាននៃគណបក្សកម្ពុជានិយមថ្លែងថា គណបក្សលោក ទើបតែទទួលបានចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី ២៣ វិច្ឆិកា ២០២១ មានរយ:ពេលប្រមាណ ៣ ខែ ដើម្បីរៀបចំកសាងកម្លាំងភូមិឃុំដោយបានកំណត់គោលដៅជា ៣ តំបន់ សម្រាប់ដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត មុននឹងពង្រីកទៅតំបន់ផ្សេងទៀត។
លោកបន្តថា ខេត្តក្នុងតំបន់នីមួយៗត្រូវរៀបចំឱ្យបានពី ១ ទៅ ៥ ឃុំ-សង្កាត់។ នៅក្នុងតំបន់ខាងកើតមាន ព្រៃវែង ស្វាយរៀង តំបន់កណ្ដាលមាន ភ្នំពេញ កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ និងតំបន់ខាងលិច មានព្រះសីហនុ សៀមរាប និងបន្ទាយមានជ័យ ដូច្នេះគោលដៅគឺចន្លោះពី ១០ ទៅ ៤៥ ឃុំ-សង្កាត់។
លោកបន្តថា ជាមួយនឹងការដាក់បេក្ខជននេះ ក៏មានអាជ្ញាធរឃុំបឹងតាព្រហ្ម និងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានការជ្រៀតជ្រែកជាលក្ខណ:ដាក់សម្ពាធ និងលក្ខខណ្ឌឱ្យដកបេក្ខភាពចេញពីគណបក្សកម្ពុជានិយមដោយបង្ខំដោយប្រយោលឱ្យបេក្ខជនប្ដឹងជំទាស់ដែលផ្ទុយពីការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាល និងប្រមុខក្រសួងមហាផ្ទៃ ពាក់ព័ន្ធជុំវិញការបោះឆ្នោតនាពេលខាងមុខនេះ។
លោកថ្លែងថា៖ «ចំពោះសម្ពាធ និងការគំរាមគំហែងដោយសកម្មភាព ឬទង្វើនេះ គណបក្សកម្ពុជានិយម ពិតជាសោកស្តាយ និងមិនអាចទទួលយកបានឡើយហើយគណបក្សយល់ឃើញថារបៀបនៃការអនុវត្តការងាររបស់មន្ត្រីមូលដ្ឋានឃុំខាងលើ គឺមិនបានអនុវត្តទៅតាមការប្រកាសលើកឡើងរបស់ប្រមុខរដ្ឋាភិបាល និងប្រមុខដឹកនាំក្រសួងមហាផ្ទៃនាពេលកន្លងមកឡើយ»។
ពាក់ព័ន្ធនឹងករណីនេះ លោក លិន សារិន មេឃុំរាម ស្រុកព្រៃនប់ បានបដិសេធថា មិនមានការជ្រៀតជ្រែក ឬដាក់សម្ពាធឱ្យដកបេក្ខភាពចេញពីគណបក្សកម្ពុជានិយមនោះទេ គ្រាន់តែបានហៅបុគ្គលនោះមកសួរពីផ្លាល់ប្តូរការគាំទ្រគណបក្សប៉ុណ្ណោះ ហើយករណីនេះ បានដោះស្រាយ និងសម្របសម្រួលគ្នាបញ្ចប់រឿងអស់ហើយ។ លោកថ្លែងថា៖ «យើងគ្រាន់តែសួរថា មេឯង ទៅចុះចូល និងឈរឈ្មោះឱ្យគណបក្សគេហ្នឹងមេឯងអន់ចិត្តរឿងអី។ ទង្វើរបស់ខ្ញុំ ធ្វើទៅលើមេឯងវាបានធ្វើឱ្យប៉ះពាល់មែន? គាត់ថា អត់មានអីផង ព្រោះចិត្តខ្ញុំចង់អ៊ីចឹង។
អ៊ីចឹងរឿងហ្នឹង បានសម្របសម្រួលដោះស្រាយបញ្ចប់អស់ហើយ និងឱ្យគាត់ទៅឈរឱ្យគេតាមហ្នឹងទៅ»។
យ៉ាងណាក្ដី បើតាមលោក សោម សូរីដា គ.ជ.ប មិនទាន់ទទួលបានរបាយការណ៍ពីការគំរាមកំហែងបេក្ខជនពីសំណាក់អាជ្ញាធរឃុំទាំងនេះទេ ប៉ុន្តែចំពោះករណីនេះគឺជាភាពមិនប្រក្រតីមួយក្នុងដំណើរការចុះបញ្ជីបេក្ខជន។ គណបក្សនយោបាយមានសិទ្ធិប្តឹងអំពីការគំរាមកំហែងនេះ ដោយយោងទៅលើជំពូក ១៤ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានបញ្ញត្តិពីទោសទណ្ឌ។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ៦ មីនា ២០២២ ថា ថ្នាក់ដឹកនាំគណបក្សបានខិតខំប្រឹងប្រែងក្នុងការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ ប៉ុន្តែបានជួបនូវការលំបាកមួយចំនួនពាក់ព័ន្ធនឹងធនធាន និងការបណ្តុះបណ្តាលដល់បេក្ខជនក្នុងការដាក់ពាក្យដែលធ្វើឱ្យមានភាពយឺតយ៉ាវ និងមិនបានគ្រប់ចំនួនឃុំសង្កាត់នៅទូទាំងប្រទេស។ ជាមួយគ្នានេះគណបក្សក៏បានគិតពីឃុំសង្កាត់ណាដែលមានលទ្ធភាពទទួលជោគជ័យទើបដាក់បេក្ខជនសម្រាប់ការបោះឆ្នោតនេះ។
លោកថ្លែងថា៖ «មែនទែនទៅគណបក្សហ៊្វុនស៊ិនប៉ិចមានរចនាសម្ព័ន្ធគ្រប់គ្រាន់ពីថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំ សង្កាត់ ប៉ុន្តែកត្តាសំខាន់ គឺមធ្យោបាយរបស់គណបក្សទាំងធនធាន និងការបណ្តុះបណ្តាលក្នុងនោះយើងសង្កេតឃើញថា ការបំពេញឯកសារមន្ត្រីរបស់យើងមានការកែសម្រួលដែលធ្វើឱ្យការដាក់ពាក្យមានពេលយឺតយ៉ាវដែលការកំណត់របស់ គ.ជ.ប មានពេលតែ ៣ ថ្ងៃ»៕
វីដេអូ៖