ភ្នំពេញៈ ​ក្រសួង​យុត្តិធម៌​នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU) ស្ដីពី​គម្រោង​ពង្រឹង​យន្តការ​ និង​ការអនុវត្ត​សន្ធានកម្ម​នៅ​ថ្នាក់ក្រោម​ជាតិ​នា​ថ្ងៃទី​ ៧ ខែមីនា ជាមួយ​អង្គការ​អុកស្វាម ប្រចាំ​កម្ពុជា​ និង​អង្គការ​នារី ដើម្បី​សន្តិភាព ដើម្បី​កាត់បន្ថយ​នូវ​ការកកស្ទះ​សំណុំរឿង​នៅ​តុលាការ និង​បង្ខិត​សេវា​យុត្តិធម៌​ឱ្យនៅ​កៀក​ពលរដ្ឋ​នៅ​មូលដ្ឋាន​។

ក្រសួង​យុត្តិធម៌​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ៤ ខែមីនា​ថា ការចុះ MoU ជាមួយ​អង្គការ​អុកស្វាម​ប្រចាំ​កម្ពុជា គឺ​ដើម្បី​ទទួល​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​គម្រោង​ចំនួន​ ៣​។

គម្រោង​ទី​១ ​គឺ​គម្រោង​រៀបចំ និង​កសាង​ឯកសារ​គតិយុត្ត​ចំនួន​ ៣ រួមមាន​ស្តង់ដា​អប្បរមា​សម្រាប់​ការទទួល​ស្គាល់​វិជ្ជាជីវៈ សម្រាប់​សន្ធានការី​ជា​មន្ត្រីរាជការ​នៅ​ថ្នាក់ក្រោម​ជាតិ​, ក្រមសីលធម៌ សម្រាប់​សន្ធានការី​ជា​មន្ត្រីរាជការ​នៅ​ថ្នាក់ក្រោម​ជាតិ​, និង​សៀវភៅ​ប្រតិបត្តិការ​សម្រាប់​ការិយាល័យ​នីតិកម្ម​ និង​សម្រុះសម្រួល វិវាទ​មូលដ្ឋាន​។

គម្រោង​ទី​២​ គឺ​គម្រោង​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ស្តីពី​បទដ្ឋាន​គតិយុត្ត និង​ការប្រតិបត្តិ​កិច្ចការរដ្ឋបាល​សម្រាប់​ខេត្ត​គោលដៅ​ជា​អតីត​មណ្ឌល​សេវាកម្ម​យុត្តិធម៌ ទាំង ១០ ​រាជធានី​ខេត្ត រួមមាន រាជធានី​ភ្នំពេញ ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង កំពត បាត់ដំបង បន្ទាយមានជ័យ ព្រៃវែង​សៀមរាប មណ្ឌលគិរី និង​ខេត្តរតនគិរី​។

គម្រោង​ទី​៣​ គឺ​គម្រោង​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ក៏សម្រាប់​គម្រោង​បណ្តុះបណ្តាល​បច្ចេកទេស​សន្ធានកម្ម​ដល់​មន្ត្រី​ផ្តល់​សេវា​សន្ធានកម្ម​នៃ​ការិយាល័យ នីតិកម្ម និង​សម្រុះសម្រួល​វិវាទ​មូលដ្ឋាន​ក្នុង​ខេត្តកំពង់ធំ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្តថា សម្រាប់​ការចុះ MoU ជាមួយ​អង្គការ​នារី​ដើម្បី​សន្តិភាព​វិញ​គឺ​ដើម្បី​ទទួល​ជំនួយ​ផ្នែក​ផ្តល់​ការប្រឹក្សា​ទូទៅ និង​ការគាំទ្រ​បច្ចេកទេស ក្នុងការ​ពង្រឹង​យន្តការ និង​ការអនុវត្ត​សន្ធានកម្ម​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្នុង​គម្រោង​ចំនួន​ ៥​។ គម្រោង​ទាំង​ ៥ ​នោះ រួមមាន​គម្រោង​ស្តង់ដារ​អប្បរមា​សម្រាប់​ការទទួល​ស្គាល់​វិជ្ជាជីវៈ សម្រាប់​សន្ធានការី​ជា​មន្ត្រី​រាជការ​នៅ​ថ្នាក់ក្រោម​ជាតិ​, គម្រោង​ក្រមសីលធម៌ សម្រាប់​សន្ធាន​-​ការី​ជា​មន្ត្រីរាជការ​នៅ​ថ្នាក់ក្រោម​ជាតិ​, គម្រោង​រៀបចំ​គោលនយោបាយ​ជាតិ​ស្តីពី​សន្ធានកម្ម​, គម្រោង​ធ្វើ​បច្ចុប្បន្នភាព​សៀវភៅ​មេរៀន​ស្តីពី​ការណែនាំ​ការសម្រុះសម្រួល ការចងក្រង​សៀវភៅ ណែនាំ​ការបណ្តុះបណ្តាល និង​បង្វឹក​ក្រុម​គ្រូ​បង្គោល​សន្ធានកម្ម​ថ្នាក់ជាតិ​, និង​គម្រោង​កិច្ច​ខំប្រឹងប្រែង​ចាំបាច់​ផ្សេងទៀត ក្នុង​ការពង្រឹង​យន្តការ​សន្ធានកម្ម និង​ជំនាញ​សន្ធានការី​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។

លោក​ ជិនម៉ាលីន រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ៦ មីនា​ថា ការចុះ Mou នៃ​គម្រោង​នេះ គឺ​ជួយ​ដល់​ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​​ប្រព័ន្ធ តុលាការ​នៅ​ថ្នាក់​មូលដ្ឋាន ដែលជា​ទិសដៅ​អាទិភាព​ក្នុង​ការ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌​ក្នុងការ​ពង្រឹង ពង្រីក​សេវា​យុត្តិធម៌ ហើយ​បង្ខិត​សេវា​យុត្តិធម៌​ឱ្យទៅដល់​ថ្នាក់មូលដ្ឋាន​។

លោក​ថ្លែងថា​៖ «​ទី​ ២ ​ទៀត វា​បង្កើត​នូវ​ភាព​សុខុដុមរមនា និង​អាចជួយ​ដល់​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ផង​។ [​កាលណា​] ពលរដ្ឋ​មាន​ជម្លោះ​ទៅ គាត់​ធ្វើការ​ដោះស្រាយ​ដោយ​សន្តិវិធី​ទៅ ហើយ​បញ្ចប់ទៅ គាត់​ទទួលយក គាត់​អាច​រស់នៅ​ជាមួយគ្នា​ដោយ​សុខុដុមរមនា​នៅ​មូលដ្ឋាន​ហ្នឹង​»​។

អ្នកនាំពាក្យ​រូបនេះ​បន្តថា គោលដៅ​នៃ​គម្រោង​នេះ​ក៏​នឹងចូលរួម​ដល់​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​តុលាការ​ផងដែរ ដោយសារ​វិវាទ​មួយ​ចំនួន​ធំ ដែលជា​វិវាទ​តូចៗ​ផ្នែក​ស៊ីវិល​ត្រូវបាន​ដោះស្រាយ​បញ្ចប់​នៅ​មូលដ្ឋាន ដោយ​មិនចាំបាច់​បញ្ជូនមក​តុលាការ​នោះទេ​ ខណៈ​ធនធាន​នៅ​តុលាការ​សម្រាប់​គ្រប់​វិវាទ​ទាំងអស់​នៅមានកម្រិត​នៅឡើយ​។

លោក​បាន​ថ្លែងថា​៖ «​អ៊ីចឹង​វា​ជួយ​បង្កើន​ប្រសិទ្ធភាព​ការដោះស្រាយ​សំណុំរឿង​នៅ​តុលាការ ហើយ​វា​កាត់បន្ថយ​នូវ​ការកកស្ទះ​សំណុំរឿង​នៅ​តុលាការ​ផងដែរ​។ អ៊ីចឹង​វា​ជា​គោលដៅ​អាទិភាព​នៃ​ការកែទម្រង់​ប្រព័ន្ធយុត្តិធម៌​ក្នុងការ​បង្កើន​ប្រសិទ្ធភាព​សេវា​យុត្តិធម៌​ហើយ​និង​បង្ខិត​សេវា​យុត្តិធម៌​ហ្នឹង ខិត​ទៅ​ថ្នាក់មូលដ្ឋាន​ទៅជិត​ប្រជាពលរដ្ឋ​ហើយ​ចូលរួម​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដើម្បី​ថែរក្សា​នូវ​ភាពសុខដុមរមនា ស្ថិរភាព​ និង​សន្តិសុខ​នៅ​មូលដ្ឋាន​ផងដែរ​»៕