បាត់ដំបងៈ តុលាការ​ការខេត្ត​បាត់ដំបង​បាន​សម្រេច​បញ្ជូន​បុរស​ជនសង្ស័យ​អាយុ ​៤៨ ​ឆ្នាំ​ម្នាក់​ដាក់ពន្ធនាគារ​ខេត្ត​បាត់ដំបង​កាលពី​ថ្ងៃទី​ ៥ ខែមីនា ជា​បណ្ដោះអាសន្ន​ក្នុង​អំពើ​កាប់សម្លាប់​បុគ្គលិក​អង្គការ​ម្នាក់​ស្លាប់​កាលពី​ថ្ងៃទី​ ៣ មីនា នៅ​ភូមិ​អូរស្រឡៅ ឃុំ​វត្តតាមិម ស្រុក​សង្កែ ដោយសារ​ជនបង្ក​មាន​កំហឹង​ជាមួយ​ជនរងគ្រោះ​។

លោក កោ ស៊ុនកាំង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ឱ្យដឹង​នៅ​ថ្ងៃទី​ ៦ មីនា​ថា ជនសង្ស័យ ឈ្មោះ មាស ហុក ភេទ ប្រុស អាយុ​ ៤៨ ​ឆ្នាំ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកា​ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្ត​ពីថ្ងៃ​ទី​ ៥ មីនា បន្ទាប់ពី​តំណាង​អយ្យការ​ចោទប្រកាន់​ពាក់ព័ន្ធ​កាប់សម្លាប់​ជនរងគ្រោះ​។

លោក ស៊ុន សុវណ្ណ អធិការនគរបាល​ស្រុក​សង្កែ​ឱ្យដឹង​នៅ​ថ្ងៃទី ៦ ខែមីនា ថា ជនសង្ស័យ​ឈ្មោះ មាស ហុក ម្នាក់នេះ​មាន​ប្រពន្ធ និង​មាន​កូនស្រី​ម្នាក់​អាយុ​ ៧ ​ឆ្នាំ​។ ជនសង្ស័យ​មាន​ជំងឺ​សរសៃប្រសាទ​ដែល​ចេះតែមាន​បញ្ហា​ក្នុង​គ្រួសារ​ពួកគេ​ក៏​សម្រេច​លែងលះគ្នា​ហើយ​ស្ត្រី​ជា​ប្រពន្ធ​បាន​ទុក​កូនស្រី​ម្នាក់​អាយុ​ ៧ ​ឆ្នាំ​ឱ្យនៅ​ជាមួយ​ជនសង្ស័យ​។

លោក​បន្តថា អាជ្ញាធរ​មូលដ្ឋាន​តែង​ប្រជុំគ្នា​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​កូនស្រី​របស់​ជនសង្ស័យ​បាន​ចូលរៀន​ដូច​គេ​ដូច​ឯង​។ ហេតុ​ដូច្នេះហើយ​បុគ្គលិក​ខាង​អង្គការ​សុខភាព​ផ្លូវចិត្ត​ (PTO) ប្រចាំ​នៅ​ខេត្តបាត់ដំបង​នាំគ្នា​ចុះទៅ​ដល់​លំនៅឋាន​របស់​ជនសង្ស័យ​ម្តង​ហើយ​ដើម្បី​ស្នើ​សុំឱ្យ​កូនស្រី​របស់​ជនសង្ស័យ​បាន​ចូលរៀន​ ប៉ុន្តែ​ត្រូវបាន​ជនសង្ស័យ​បដិសេធ​។ លុះ​នៅ​ថ្ងៃទី ​៣ មីនា ឆ្នាំ ២០២២ បុរសរងគ្រោះ​ឈ្មោះ​ ឡៅ លុន អាយុ ៤៥ ឆ្នាំ​រស់នៅ​ភូមិ​បែកចាន​ថ្មី សង្កាត់ ព្រែកព្រះស្ដេច ក្រុង​បាត់ដំបង​បាន​ទៅផ្ទះ​របស់​ជនសង្ស័យ​តែម្នាក់ឯង​ហើយក៏​ត្រូវ​ជនសង្ស័យ​យក​ពូថៅ​កាប់​ចំ​មុខ និង​ក្បាល​ស្លាប់​នៅក្នុង​បរិវេណ​ផ្ទះ​របស់​ជនសង្ស័យ​។ នគរបាល​ប៉ុស្តិ៍ វត្ត​តាមិម​ចុះ​ចាប់​ជនសង្ស័យ​បាន​នៅថ្ងៃនោះ​តែម្តង​៕