ភ្នំពេញៈ ​សន្និសីទ​អាស៊ាន​ណាប៉ូល​លើក​ទី​ ៤០​ រយៈពេល​ ៥​ ថ្ងៃ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ បាន​បញ្ចប់​ទៅដោយ​ជោគជ័យ ដោយ​បាន​បង្ហាញ​ពី​ស្មារតី​សហប្រតិបត្តិការ​រវាង​ប្រទេស​នៃ​អាស៊ាន​ណាប៉ូល ក៏ដូចជា​ប្រទេស​ដៃគូ​សន្ទនា និង​អ្នកសង្កេតការណ៍​ដើម្បី​ពង្រឹង​ការងារ​រក្សា​ស្ថិរភាព​សន្តិភាព​សង្គម​តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ​ផ្តល់​អនុសាសន៍​ជា​យុទ្ធសាស្ដ្រ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ប្រតិ្តបត្តិការ​ប្រយុទ្ធប្រឆាំង​បទល្មើស​ឆ្លងដែន​គ្រប់​ទម្រង់​។

ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី ​៤ ខែមីនា ឆ្នាំ​ ២០២២ បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធី​បិទ​សន្និសីទ​អាស៊ាន​ណាប៉ូល​លើក​ទី ​៤០ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​រយៈពេល ៥ ថ្ងៃ​លើ​ប្រធានបទ «​លើកកម្ពស់​សុខដុមនីយកម្ម តំបន់​មាន​សន្តិភាព និង​ស្ថិរភាព​ជា​និរន្តរ៍​»​។

ពិធី​បិទ​សន្និសីទ​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក នេត សាវឿន អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា និង​ជា​ប្រធាន​សន្និសីទ​អាស៊ាន​ណា​ប៉ូល​លើក​ទី​ ៤០ ​ឆ្នាំ​ ២០២២ និង​មានការ​ចូលរួម​ពី​ប្រធាន​គណៈប្រតិភូ អាស៊ាន ដៃគូ​ពិភាក្សា និង​មន្ត្រី​សង្កេតការណ៍ ឯកអគ្គរាជទូត នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន ព្រមទាំង ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត​នៃ​ដៃគូ​ពិភាក្សា​ប្រចាំ​កម្ពុជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​កម្ពុជា​ និង​ភ្ញៀវកិត្តិយស​ជាតិ​-​អន្ដរជាតិ​ជាច្រើនរូប​ទៀត​។ សន្និសីទ​នេះ​បានធ្វើ​នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ​។

សន្និសីទ​នេះ​ក៏បាន​រៀបចំ​ពិធី​ចុះហត្ថលេខា​រួមគ្នា​ព្រមទាំង​បានប្រគល់​ជូន​និមិត្តសញ្ញា​អាស៊ាន​ណាប៉ូល​លើក​ទី ​៤១ ពី​លោក នេត សាវឿន ដែលជា​ប្រធាន​សន្និសីទ​អាស៊ាន​ណាប៉ូល​លើក​ទី​ ៤០ ជូន​ដល់​លោក Kham King Phauilamonyvong អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ឡាវ ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​អាស៊ាន​ណាប៉ូល​លើក​ទី ​៤១ ជា​អ្នក​បន្តវេន​។

លោក នេត សាវឿន ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​គណៈកម្មការ​រៀបចំ​ដែល​បានរួម​ចំណែក​ធ្វើឱ្យ​សន្និសីទ​នេះ​ដំណើរការបាន​យ៉ាង​ជោគជ័យ​។ លោក​ថ្លែងថា ក្នុង​រយៈពេល​ ៥ ​ថ្ងៃ​កន្លងទៅនេះ ដោយមាន​ការផ្លាស់ប្តូរ​បទពិសោធ ព្រមទាំង​ផ្តល់​អនុសាសន៍​យ៉ាង​ផុសផុល មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ​ក្នុង​ប្រតិ្តបត្តិការ​ប្រយុទ្ធប្រឆាំង​បទល្មើស​ឆ្លងដែន​គ្រប់​ទម្រង់​នឹង​គ្រប់​ប្រភេទ​ជាពិសេស​បទល្មើស​ថ្មីៗ​អាច​ទទួលបាន​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​។

លោក​បន្តថា​៖ «​តាមរយៈ​យុទ្ធសាស្ត្រ​ និង​សេចក្តី​ថ្លែងការណ៍​រួម​ដែល​បាន​ចុះហត្ថលេខា​រួមគ្នា​កាលពីពេល​កន្លងទៅ យើង​បាន​ដាក់ចេញ​ផែនការ​សកម្មភាព​គួបផ្សំ​ជាមួយ​ផែនការ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ប្រកបដោយ​ទស្សនៈ​សុទិដ្ឋិនិយម​រវាង​សមាជិក​អាស៊ាន​ណាប៉ូល និង​បណ្តា​ប្រទេស​ជា​ដៃគូ​»​។

លោក​សង្ឃឹមថា កងកម្លាំង​អាស៊ាន​នឹង​បង្កើត​ស្នាដៃ​ដ៏ធំធេង បង្កើត​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត ជាពិសេស​ការបង្កើត​បរិយាកាស​សុខដុម​នីយកម្ម​ធ្វើឱ្យ​អាស៊ាន​ធ្វើដំណើរ​ឆ្ពោះទៅរក​សន្តិភាព ស្ថិរភាព សុវត្ថិភាព និង​ឯកភាព​បាន​យ៉ាង​ល្អប្រសើរ​ថែមទៀត​។

លោក Kham King Phauilamonyvong ដែល​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​អាស៊ាន​ណាប៉ូល​លើក​ទី​ ៤១ បាន​មាន​ចំណាប់អារម្មណ៍​រីករាយ​ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​អាស៊ាន​ណាប៉ូល​លើក​ទី​ ៤១ ​បន្ត​ពី​កម្ពុជា​។

លោក​ក៏បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​នគរបាល​ជាតិ​កម្ពុជា ដែល​បានរៀបចំ​សន្និសីទ​អាស៊ាន​ណា​ប៉ូល​លើក​ទី​ ៤០ ​នេះ​ប្រកបដោយ​ជោគជ័យ​។

លោក​បាន​ថ្លែងថា សម្រាប់​ការបដិសណ្ឋារកិច្ច​ដ៏កក់ក្តៅ​របស់​នគរបាលជាតិ​កម្ពុជា បាន​ធ្វើឱ្យ​ប្រទេស​ដែលជា​សមាជិក​អាស៊ាន​ណាប៉ូល មាន​សេចក្តី​រីករាយ ហើយ​ការរៀបចំ​សន្និសីទ​នេះ​ទទួល​បាន​ជោគជ័យ​ដ៏ត្រចះត្រចង់​ព្រមទាំង​បានសម្រេច​នូវ​ជោគជ័យ​មួយចំនួន ដើម្បី​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​រវាង​នគរបាលជាតិ​អាស៊ាន កាន់តែ​រឹងមាំ​ថែមទៀត រួមបញ្ចូល​ទាំង​ការពិភាក្សា​ និង​ការអនុម័ត​លើ​ប្រធានបទ​សំខាន់ៗ​ដែល​បាន​ពិភាក្សា​គឺមាន​បំណង​ពង្រឹង​កិច្ច​- សហប្រតិបត្តិ​ការព្រម​ទាំង​ចែករំលែក​ចំណេះដឹង​បទពិសោធ​ក្នុងចំណោម​ដៃគូ និង​ប្រទេស​ជុំវិញ​ពិភពលោក​ដើម្បី​ប្រឆាំងនឹង​បទល្មើស​ឆ្លងដែន​។

លោក Kham King Phauilamonyvong បាន​ថ្លែងបន្តថា សន្និសីទ​អាស៊ាន​ណាប៉ូល​លើក​ទី​ ៤០ ​នេះ​បាន​បង្ហាញ​ពី​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​នៃ​អាស៊ាន​ណាប៉ូល ក៏ដូចជា​ប្រទេស​ដៃគូ​សន្ទនា​ និង​អ្នកសង្កេតការណ៍​ដើម្បី​ពង្រឹង​ការងារ​រក្សា​ស្ថិរភាព​សន្តិភាព​សង្គម​។

លោក​បន្ថែមថា ក្នុងការ​រៀបចំ​សន្និសីទ​អាស៊ាន​ណាប៉ូល​លើក​ទី​ ៤១ នៅក្នុង​ប្រទេស​ឡាវ នគរបាលជាតិ​ឡាវ​ទន្ទឹងរង់ចាំ​ស្វាគមន៍​យ៉ាង​កក់ក្តៅ ទទួល​សមាជិក​អាស៊ាន​ណាប៉ូល ដើម្បី​ចូលរួម​ប្រជុំ​ និង​ធ្វើការ​ពិភាក្សា​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​នានា នៅក្នុង​ពេលខាងមុខ​៕