មណ្ឌលគិរីៈ លោក ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី​បាន​ណែនាំ​ទៅដល់​មន្ត្រី​ក្រោមឱវាទ​ក្នុង​ខេត្ត ធ្វើការ​ទប់ស្កាត់ និង​បញ្ឈប់​រាល់​សកម្មភាព​ពុះដីឡូត៍​លក់ និង​សកម្មភាព​សាងសង់​គ្មាន​ច្បាប់​អនុញ្ញាត​​ត្រឹមត្រូវ​។ នេះ​បើ​យោងតាម​លិខិត​របស់លោក​កាលពី​ថ្ងៃទី​ ៣ ខែមីនា នេះ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​ជម្រាបជូន​លោក​អភិបាលក្រុង ស្រុក មេឃុំ និង​ចៅសង្កាត់​ទាំងអស់​ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តមណ្ឌលគិរី​ជ្រាបថា បច្ចុប្បន្ន​ខេត្តមណ្ឌលគិរី​បាននិង​កំពុង​មានការ​អភិវឌ្ឍ និង​រីកចម្រើន​ខ្លាំង​លើ​ផ្នែក​សេដ្ឋកិច្ច ជាពិសេស​លើ​វិស័យ​ដីធ្លី និង​សំណង់​។ ជាមួយគ្នា​នៃ​ដំណើរការអភិវឌ្ឍ​យ៉ាង​ល្អប្រសើរ​នេះ ក៏មាន​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ ជុំវិញ​ការធ្វើ​អាជីវកម្ម​លើដី​ធ្លី​ដោយ​ពុះឡូត៍​លក់ ឬ​សាងសង់​សំណង់ ដែល​មិនមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​»​។

លោក​បានឱ្យដឹងថា អាជីវកម្ម លើដី​ធ្លី ដោយ​ពុះឡូត៍​លក់ ឬ​សាងសង់​សំណង់ ដែល​មិនមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ទាំងនោះ​រួមមាន ការពុះ​ដីឡូត៍​លក់​ដោយ​មិនបាន​ផ្ទេរសិទ្ធិ និង​មិន​បានធ្វើ​ប្លង់​បំបែក​ក្បាលដី​ជូន​អ្នកទិញ​ឱ្យបាន​ស្របច្បាប់​។ ការ​ពុះ​ដីឡូត៍​លក់​ដោយ​មិនមាន​ប្លង់​កម្មសិទ្ធិ​ខ្លួនឯង​ត្រឹមត្រូវ និង​លក់​ដីឡូត៍​ដែល​មិន​ស្របច្បាប់​ទៅឱ្យ​អ្នកទិញ​។ ការពុះ​ដីឡូត៍​លក់​ ឬ​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ និង​អង្គភាព​ពាក់ព័ន្ធ​ត្រឹមត្រូវ និង​ពុះ​ដីឡូត៍​លក់ ឬ​សាងសង់​ដោយ​អនាធិបតេយ្យ ដែល​មិន​គោរព​តាម​ប្លង់គោល ផែនការ​ប្រើប្រាស់​ដី និង​បទប្បញ្ញត្តិ​នគរូបនីយកម្ម​ឱ្យបាន​ត្រឹមត្រូវ​ជាដើម​។

លោក ថង សាវុន បញ្ជាក់ថា​៖ «​ដើម្បី​ពង្រឹងគុណភាព​នៃ​ការប្រើប្រាស់​ដី ការគ្រប់គ្រង​ដីធ្លី និង​សំណង់ ប្រកបដោយ​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​ខ្ពស់ សូម​អាជ្ញាធរ​ពាក់ព័ន្ធ​ខាងលើ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់ និង​រាយការណ៍​ឱ្យបាន​ទាន់​ពេលវេលា​ចាប់ពីពេលនេះ​តទៅ ព្រមទាំង​ត្រូវធ្វើ​ការផ្សព្វផ្សាយ ជូនដំណឹង និង​ណែនាំ​ឱ្យបាន​ច្បាស់លាស់ ដល់​អ្នក​ដែលមាន​បំណង​ពុះ​ដីឡូត៍​លក់​ ឬ​សាងសង់​ដើម្បី​លក់ ជួល ឬ​សម្រាប់​រស់នៅ​ដោយ​ខ្លួនឯង នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​»​។

លោក​ថ្លែងថា ត្រូវសុំ​ច្បាប់​អនុញ្ញាត មុន​នឹង​សាងសង់ ឬ​ធ្វើការ​ពុះ​ដីឡូត៍​របស់ខ្លួន​ដើម្បី​លក់ ឬ​ដោះដូរ​។ ចំពោះ​នីតិវិធី ឬ បែបបទ​នៃ​ការស្នើសុំ​ច្បាប់​អនុញ្ញាត​ម្ចាស់​សំណើ​ត្រូវ​មក​ទំនាក់ទំនង​ជាមួយ​ការិយាល័យ​ច្រកចេញចូល​តែមួយ​រដ្ឋបាលខេត្ត ឬ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ឬ​ចំណុះ​អង្គភាព​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​ក្រសួង ខេត្ត ក្រុង ស្រុក ដោយយោង​ទៅតាម​សណ្ឋាន​នៃ​ករណី​ដីធ្លី​ទាំងនោះ​ជាក់ស្ដែង​ ដើម្បី​រៀបចំ​ការស្នើសុំ​អនុញ្ញាត​ច្បាប់​។

ត្រូវ​ដាក់តាំង​បង្ហាញ​ឱ្យបាន​ច្បាស់ អំពី​ឯកសារ​ស្របច្បាប់​ដែល​បានអនុញ្ញាត​ឱ្យ​ពុះ​ដីឡូត៍​លក់ ឬ​សាងសង់​នៅ​ទីតាំង​ដី​ផ្ទះ​ជាក់ស្តែង និង​ការដ្ឋាន​សំណង់​នោះ​តែម្តង​។ ត្រូវ​ប្រគល់ជូន​អតិថិជន​នូវ​ឯកសារ​បញ្ជាក់​ចម្លង​ពី​ច្បាប់ដើម​នូវ​លិខិត​ស្របច្បាប់​នៃ​ការអនុញ្ញាត ឱ្យ​ពុះ​ដីឡូត៍​លក់​ ឬ​ការសាងសង់​នៅលើ​ដី រួមមាន អាជ្ញាប័ណ្ណ ឬ​លិខិត​ស្របច្បាប់​ដែល​បានអនុញ្ញាត​ពី​អាជ្ញាធរ និង​អង្គភាព​ពាក់ព័ន្ធ​លើ​ការសាងសង់ ឬ​ការពុះ​ដីឡូត៍​លក់ ព្រម​ជាមួយ​នឹង​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ បណ្ណកម្មសិទ្ធិ និង​ឯកសារ​ពាក់ព័ន្ធ​សំខាន់ៗ​ផ្សេងទៀត​។

លោក​បញ្ជាក់ថា​៖ «​ចំពោះ​ករណី​អ្នក​អភិវឌ្ឍន៍​ដី និង​សំណង់​ប្រព្រឹត្ត​បទល្មើស​ដូចខាងលើ​ ឬ​ការឱ្យដៃ​របស់​អាជ្ញាធរ ឬ​អង្គភាព​ពាក់ព័ន្ធ​ណាមួយ​ក្នុង​ការឃុបឃិត​ត្រូវមាន​វិធានការ​ផាកពិន័យ ឬ និង​ទទួលទោស​តាមច្បាប់​ជា​ធរមាន​»​។

តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​ខេត្តមណ្ឌលគិរី លោក គ្រើង តុលា បាន​គាំទ្រ​ចំពោះ​ការដាក់ចេញ​បទបញ្ជា​នេះ ដើម្បី​ជាការ​ថែរក្សា ការពារ​ចំណូល និង​ទ្រព្យសម្បត្ដិ​របស់​រដ្ឋ​។

លោក​បានឱ្យដឹងថា នៅក្នុង​ភូមិសាស្ដ្រ​ខេត្ដ​មណ្ឌលគិរី​បច្ចុប្បន្ន គឺ​ពិតជា​មាន​កំណើន សកម្មភាព​ពុះ​ដីឡូត៍​លក់​ច្រើន ប៉ុន្ដែ​លោក​បញ្ជាក់ថា​លោក​មិនអាច​ដឹងថា អ្នកលក់​ដីឡូត៍​ទាំងនោះ​ស្របច្បាប់​ឬ​អត់​នោះទេ ដោយសារ​ស្ថិតិ​នៅក្រោម​សមត្ថកិច្ច​គ្រប់គ្រង​របស់​អាជ្ញាធរ​។

លោក​បញ្ជាក់ថា​៖ «​ចំពោះ​សកម្មភាព​ពុះ​ដីឡូត៍​លក់​ដោយ​អនាធិបតេយ្យ និង​ការសាងសង់​ដែល​មិនមាន​ច្បាប់ វា​ពាក់ព័ន្ធ​គ្នា​ជា​ប្រព័ន្ធ​មួយ ដូច​ពាក្យចាស់​ថា កន្ទេល​ធំ​បន្លំ​ដេក​។ មានន័យថា អ្នក​ដែល​ហ៊ាន​ធ្វើ​សកម្មភាព​ល្មើសច្បាប់​នេះ បើសិនជា​មិនមាន​អ្នកមាន​លុយ មាន​អំណាច​ជួយ​គាំទ្រ មិនមាន​អាជ្ញាធរ​ភូមិ ឃុំ ចុះ​ហត្ថលេខា ទទួល​ដឹងឮ គឺ​មិនមាន​អ្នកណា​ហ៊ាន​ទៅ​ទិញ​ដីឡូត៍​អនាធិបតេយ្យ​នោះទេ​»៕

វីដេអូ៖