ភ្នំពេញៈ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ​បាននាំគ្នា​ផ្ទុះ​ការតវ៉ា​ទាំងយប់ ក្រោយពី​អាជ្ញាធរ​ខណ្ឌទួលគោក បាន​ចុះបង្ក្រាប​ចាប់យក​ផ្លែឈើ​របស់​ពួកគេ កាលពី​យប់​ថ្ងៃទី​ ០៦ ខែ មីនា ឆ្នាំ​ ២០២២​។ នៅក្នុង​ការតវ៉ា​នោះ ក្រុម​ប្រជាពលរដ្ឋ បានធ្វើ​ការបិទ​កំណាត់​ផ្លូវ​ម៉ៅ​សេទុង​មួយ​ចំហៀង​ទាំងយប់ ត្រង់ចំណុច​កែង​ផ្លូវ​ ២៤៥ ចូលទៅក្នុង​ផ្សារ​នាគ​មាស ដើម្បី​ទាមទារ​ដំណោះស្រាយ​។​

អ្នកស្រី លី ទីណា អាយុ​ ៤២ ​ឆ្នាំ ដែល​បាន​ចូលរួម​នៅក្នុង​ការតវ៉ា​នោះ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា កន្លងមក​អាជ្ញាធរ​ខណ្ឌទួលគោក បាន​ចុះ​ធ្វើ​សណ្ដាប់ធ្នាប់​សាធារណៈ ដោយ​ហាមប្រាម​ប្រជាពលរដ្ឋ​លក់ដូរ​បន្លែ ផ្លែឈើ​នៅតាម​ចិញ្ចើមផ្លូវ ដែល​ប៉ះពាល់​ដល់​ផ្លូវ​ថ្មើរជើង​សាធារណៈ និង​បង្ក​ការកកស្ទះ​ចរាចរណ៍​។

អ្នកស្រី ទីណា បាន​បញ្ជាក់ថា​៖«​ក្រៅពី​ការចុះ​ធ្វើ​សណ្ដាប់ធ្នាប់ ក្រុម​អាជ្ញាធរ​ក៏បាន​បាញ់​គំនូស​ថ្នាំព័ណ៌​ក្រហម ដើម្បី​កំណត់​ទីតាំង​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​លក់ដូរ ដែល​មិន​បង្ក​ផលប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ហើយ​ខ្ញុំ​ទាំងអស់គ្នា​ជា​ប្រជាពលរដ្ឋ​ក៏បាន​គាំទ្រ​និង​អនុវត្តតាម​ការណែនាំរ​បស់​អាជ្ញាធរ​ផងដែរ​»​។​

អ្នកស្រី​បាន​បន្តថា ​ប៉ុន្តែ​នៅ​ថ្ងៃទី​ ០៤ ខែ មីនា ឆ្នាំ​ ២០២២ ស្រាប់តែ​លោក​អភិបាលខណ្ឌ​ទួលគោក ជា ពិសី បានចេញ​លិខិត​ជូនដំណឹង​មួយ ដោយបាន​ហាមឃាត់​ពួកគាត់​ជា​ប្រជាពលរដ្ឋ ដែលមាន​ផ្ទះ​នៅ​សងខាង​ផ្លូវ​ម៉ៅ​សេទុង ចាប់ពី​ស្ត​ប់​ផ្លូវ​ ២៣០ ដល់​ផ្លូវ​ ៣៣៦ លក់ដូរ​បន្លែ និង​ផ្លែឈើ និង​បាន​ព្រមាន​ចាត់វិធានការ​រដ្ឋបាល​មកលើ​ពួកគាត់​ផងដែរ ប្រសិនបើ​ពួកគាត់​មិន​អនុវត្តតាម​សេចក្ដីជូនដំណឹង​នោះ​។

អ្នកស្រី ទីណា បាន​និយាយទៀតថា​៖«​សេចក្ដីជូនដំណឹង​នោះ បាន​បង្កប់​នូវ​ភាព​រើសអើង និង​រឹតត្បិត​ការប្រកបមុខរបរ​ស្របច្បាប់​សម្រាប់​ចិញ្ចឹមជីវិត​របស់​យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​នៅក្នុង​តំបន់​នេះ​»​។

អ្នកស្រី​បាន​ចោទ​ជា​សំណួរ​ថា បើ​មិន​ឲ្យ​ពួកគាត់​លក់​បន្លែ ផ្លែឈើ តើ​ឲ្យ​ពួកគាត់​ទៅ​ប្រកបមុខរបរ​អ្វី ខណៈដែល​មុន​របរ​នេះ ពួកគាត់​ខ្ចីបុល​ធនាគារ​មក​ធ្វើជា​ដើម​ទន់ មិនទាន់​ទាំង​សង​ធនា​គេ​រួច​ផង​នោះ​? តើ​មុខរបរ​លក់​បន្លែ ផ្លែឈើ​នេះ វា​ជា​មុខរបរ​ខុសច្បាប់​ដែរ​ឬ​យ៉ាងណា​?

អ្នកស្រី​បាន​បន្តថា​៖«​អាជ្ញាធរ​មិនទាន់​ទាំង​បានផ្ដល់​ការពន្យល់​អំពី​ករណីនេះ​ឲ្យ​បានច្បាស់លាស់​ដល់​យើងខ្ញុំ​ផង ស្រាប់តែ​កាលពី​យប់ [​ថ្ងៃទី​ ០៦ ខែ មីនា ​ឆ្នាំ ​២០២២] ​បានដាក់​កម្លាំង​ចុះមក​ចាប់​រឹបអូស​នូវ​ផ្លែឈើ​របស់ខ្ញុំ​ជាច្រើន​មុខ គិត​ជា​ប្រាក់​សរុប​ជិត ​២​ លាន​រៀល​។ មិនតែប៉ុណ្ណោះ​បាន​ចូលចាប់​រឹបអូស​យក បន្លែ ផ្លែឈើ និង​សម្ភារៈប្រើប្រាស់​នៅក្នុង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ជា​អាជីវករ​ក្នុង​តំបន់​នេះ មួយចំនួនទៀត​»​។

ស្រដៀង​គ្នា​នេះ អ្នកចូលរួម​ការតវ៉ា​ម្នាក់ទៀត គឺ លោក ឡេវ ប៊ុ​ន្នី អាយុ ​៦០ ​ឆ្នាំ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្រុម​អាជ្ញាធរ បាន​ចូលមក​អូស​យក​បន្លែ ផ្លែឈើ រួមមាន ម្នាស់ ម៉ាក់​ប្រេង​ម៉ាក់​ប្រាំង ពុទ្រា និង ប៉ិះ​គក់ ដល់​ខាង​ក្នុងផ្ទះ​របស់គាត់​សរុប​ជិត​១០០​គីឡូក្រាម។​

លោក​ថ្លែងថា​៖«​ខ្ញុំ​យល់ថា សកម្មភាព​របស់​អាជ្ញា​ធរ​កាលពី​យប់មិញ គឺសាហាវ​ដូច​សម័យ​ប៉ុលពត​ចឹ​ង​»​។

បើតាម​លោក​ប៊ុ​ន្នី ក្រុម​សមត្ថកិច្ច បាន​យក​លេស​រឿង​ប្រជាពលរដ្ឋ ដែល​បាន​ដឹក​បន្លែ​ផ្លែឈើ​ពី​តាម​បណ្ដា​ខេត្ត​នានា តាម​រឺ​ម៉ក​មក​លក់​លើ​ចិញ្ចើមផ្លូវ កាលពី​គ្រា​មុន​បង្ក​ការកកស្ទះ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​ម៉ៅ​សេទុង ចាប់ពី​ចំណុច​ភ្លើង​ស្ត​ប់​កែង​ផ្លូវ ​២៣០ ដល់​ចំណុច​ភ្លើង​ស្ដ​ប់​កែវ​ផ្លូវ​៣៣៦ មក​ដាក់​សម្ពាធ​មកលើ​ពួកគាត់ ដែលជា​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្កាត់​ផ្សារ​ដើម​គរ។​

លោ ​ប៊ុ​ន្នី បាន​និយាយទៀតថា​៖«​អ្នកលក់​លើ​ចិញ្ចើមផ្លូវ​មិនមែន​យើងខ្ញុំ​ជា​ម្ចាស់ផ្ទះ​ទេ គឺជា​ពលរដ្ឋ​ដែល​មកពី​ស្រែចម្ការ​នៃ​បណ្ដារ​ខេត្ត​ផ្សេង​។​បម្រាម​របស់​អាជ្ញាធរ​ដែល​ហាម​មិន​ឲ្យ​យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ​លក់ដូរ​បន្លែ ផ្លែឈើ​នៅក្នុង​ផ្ទះ​របស់ខ្លួន គឺជា​ការរំលោភបំពាន សិទ្ធិសេរីភាព​ក្នុងការ​ជ្រើសរើស​មុខរ​បរ​ចិញ្ចឹមជីវិត​ស្របច្បាប់ »​។

​ទន្ទឹម​ជាមួយគ្នា ក្រុមអ្នកតវ៉ា ប្រមាណ​៤០​នាក់ បានលើកឡើង​ពី​គោលជំហរ​របស់ខ្លួន​ក្នុង​ការតវ៉ា​បិទផ្លូវ​នេះ​យ៉ាង​ដូច្នេះ​ថា​៖«​យើងខ្ញុំ​តវ៉ា​បិទ​កំណាត់​ផ្លូវ​ម៉ៅ​សេទុង​នៅ​យប់​[​ថ្ងៃទី​០៦-០៣-២០២២]​នេះ គឺ​ដើម្បី​ទាមទារ​ដំណោះស្រាយ ក្នុងការ​ប្រកប​មុ​រ​របរ​ចិញ្ចឹមជីវិត​ស្របច្បាប់​ឡើងវិញ​ប៉ុណ្ណោះ​»​។​

ជុំវិញ​ករណីនេះ លោក ជា ពិសី អភិបាលខណ្ឌ​ទួលគោក បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មុនពេល​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល អាជ្ញាធរ​បាន​ចុះ​ផ្សព្វផ្សាយ និង​អប់រំ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​មួយ​ក្ដាប់​តូច​ក្នុង​តំបន់​នោះ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ ប៉ុន្តែ​ក្រុម​ជន​មួយ​ក្ដាប់​តូច​ទាំងនោះ​នៅតែ​គឃ្លើន បំពាន​ទៅនឹង​សេចក្ដីណែនាំ​ជូនដំណឹង​របស់​អាជ្ញាធ​រ ដោយបាន​ញុះញង់ ជេរប្រមាថ​ដល់​សមត្ថ​កិច្ច​អនុវត្ត​ច្បាប់​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ជាក់ស្ដែង​នៅ​យប់​ថ្ងៃទី ​០៦ ខែមីនា​នេះ ក្រុម​ជន​មួយ​ក្ដាប់​តូច​ទាំងនោះ បាន​លក់ដូរ​បន្លែ ផ្លែឈើ​លើ​ចិញ្ចើមផ្លូវ បង្ក​ភាព​កកស្ទះ​ផ្លូវ​សាធារណៈ ហើយ​បាន​ប្រើ​អំពើហិង្សា ដោយ​យក​ផ្លែស្វាយ និង ផ្លែ​ចេក គប់​មកលើ​កម្លាំង​សមត្ថកិច្ច ដែល​ចុះ​អនុវត្ត​ច្បាប់ ព្រមទាំង​បាន​យក​សម្ភារៈ​មួយចំនួន​មក​រាំងខ្ទប់​កំណាត់​ផ្លូវ​ម៉ៅ​សេទុង ត្រង់ចំណុច​កែង​ផ្លូវ​២៤៥ ធ្វើការ​តវ៉ា ដោយ​ជេរប្រមាថ​មកលើ​កម្លាំង​សមត្ថកិច្ច​យើង ក្រោយពី​សមត្ថកិច្ច​យើង​បានសម្រេច​អនុវត្ត​វិធានការ​រដ្ឋបាល​ចាប់យក​ផ្លែឈើ​របស់​ពួកគេ ដែល​លក់​លើ​ចិញ្ចើមផ្លូវ មិនមែន​ក្នុងផ្ទះ​នោះទេ​»​។​

បើតាម​ការអះអាង​រប​ស់លោក ជា ពិសី ក្នុងអំឡុងពេល នៃ​ការតវ៉ា​បិទផ្លូវ​នោះ មាន​ប្រជាពលរដ្ឋ ជា​អ្នកដំណើរ​តាម​ម៉ូតូ ២-៣​នាក់ បាន​គ្រោះថ្នាក់​ច​រារ​ច​ណ៍ ដោយសារ​កិន​លើ​ផ្លែស្វាយ និង ផ្លែ​ចេក​ដែល​ក្រុមអ្នកតវ៉ា​ទាំងនោះ បាន​គប់​មកលើ​អាជ្ញាធរ ហើយ​បង្ក​ការ​រាយប៉ាយ​នៅលើ​ដងផ្លូវ​ម៉ៅ​សេទុង​ត្រង់ចំណុច​ខាងលើនេះ​។​

ជាមួយគ្នានេះ លោក​បាន​អំពាវនាវ ដល់​ក្រុមអ្នកតវ៉ា​ទាំងនេះ បញ្ឈប់​សកម្មភាព​រារាំង​ដល់​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ជាបន្ទាន់ ជាពិសេស​អ្នក​ធ្លាប់បាន​ប្រព្រឹត្ត​អំពើហិង្សា​មកលើ​សមត្ថកិច្ច​នាពេល​កន្លងមក​និង​ពេល​ថ្មីៗ​នេះ ដោយ​លោក​ព្រមាន​ថា​៖«​បើ​ពុំនោះ សមត្ថកិច្ច​យើង​នឹង​ចាត់វិធានការ​ច្បាប់ ដោយ​ធ្វើការ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​»៕