ស្វាយរៀងៈ ​មនុស្ស​ ៤​ នាក់​ ក្នុងនោះ​មានកូន​កំលោះ​ម្នាក់​ផង​នោះ ​ត្រូវបាន​តុលាការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ កាលពី​ថ្ងៃទី ​៦ ​មីនា ​បន្ទាប់ពី​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​ពាក់ព័ន្ធ​បង្ក​ហិង្សា​វាយ​ភ្ញៀវ​ក្នុង​រោងការ​ប្រព្រឹត្ត​ កាលពី​យប់​ថ្ងៃទី​ ៣ មីនា នៅក្នុង ភូមិពោធិ៍​ថ្មី ឃុំស្វាយ​តា​យាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង​។

លោក ពេជ្រ ផល្លា អ្នកនាំពាក្យ​តុលាការខេត្ត ស្វាយរៀង​ឱ្យដឹង​នៅ​ថ្ងៃទី​ ៧ មីនាថា ជន​ដែល​ត្រូវ​តុលាការ​ឃុំខ្លួន​មានឈ្មោះ​ ស៊ុន រឿន អាយុ​ ២២ ​ឆ្នាំ ទី​២-​ឈ្មោះ រ៉ា ដេ​ត ភេទ​ប្រុស អាយុ​ ៤៤ ​ឆ្នាំ ទី​៣-​ឈ្មោះ​ហេង ហៃ អាយុ​ ១៨ ​ឆ្នាំ និង​ឈ្មោះ​ស៊ិន ហួត អាយុ​ ២៤ ​ឆ្នាំ​។ ជន​ទាំង​ ៤ ​នាក់​នេះ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​ឃុំ​នៅ​ថ្ងៃទី​ ៦ មីនា ឆ្នាំ ២០២២​។

លោក​ថ្លែងថា​៖«​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកា​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្តស្វាយរៀង​បន្ទាប់ពី​ត្រូវ​តំណាង​អយ្យការ​ចោទ​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ​»​។​

ពាក់ព័ន្ធ​បទ​ចោទ​នេះ បើតាម​មាត្រា​ ២១៨ នៃ​ក្រមព្រហ្មទណ្ឌ​គឺ​ជន​ទាំង​ ៤ ​នាក់​នឹងត្រូវ​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ពី​ ២ ​ឆ្នាំ​ដល់ ​៤ ​ឆ្នាំ និង​ត្រូវ​ទទួលរង​នូវ​ពិន័យ​ពី ​៤​ លាន​ ទៅ ​១០​ លាន​រៀល​ផង​។

លោក ហែម សាមុត អធិការ​គ​របាល​ស្រុក​កំពង់រោទិ៍​បានឱ្យដឹង​នៅ​ថ្ងៃទី ​៧ ខែ មីនាថា មុន​កើតហេតុ​មាន​ពិធី​រៀប​ពា​ហ៍​ពា​ហ៍​មួយ​នៅក្នុង​ភូមិ​ពោធិ៍​ថ្មី ឃុំស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។ ខណៈ​ភ្ញៀវ​កំពុង​សប្បាយ​ក្នុង​ពិធី​ស្រាប់តែ​នៅវេលា​ម៉ោងជាង​ ៨ យប់​ កើតមាន​ទំនាស់​វាយតប់​គ្នា​នៅក្នុង​រោងការ​នោះ​ធ្វើឱ្យ​ភ្ញៀវ​ដែល​ចូលរួម​ក្នុង​ពី​ធី​ត្រូវ​រត់ចេញ​ព្រោះ​ក្នុង​ជម្លោះ​នោះ​មាន​គប់​កែវ​គប់​ចាន​ដាក់គ្នា​។​

លោក​បន្តថា បន្ទាប់ពី​កើតហេតុ និង​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​ឃុំ​ស្វាយ​តា​យាន​បាន​ចុះទៅ​ធ្វើ​អន្តរាគមន៍​បន្ទាន់​ហើយ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនបង្ក​ ២​ នាក់​។ លុះ​ព្រឹក​ឡើង​ថ្ងៃទី ​៤​ មីនា សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនបង្ក​២​នាក់​ទៀង​ក្នុងនោះ​ឈ្មោះ ​ស៊ុន រឿន ជា​កូនកំលោះ​ដែលជា​ម្ចាស់​ដើមការ​តែម្តង​។ ទន្ទឹមនឹងនោះ​មាន​បុរស​ឈ្មោះ យុទ្ធ ដែលជា​ភ្ញៀវ​បាន​រងរបួស​ក្បាល​តែ​របួសស្រាល​ទេ​។​

លោក​ថា​៖ «​បើតាម​សមត្ថកិច្ច​សាកសួរ​ក្រុម​ជនបង្ក​ថា មុនដំបូង​ឈ្មោះ​ហេង ហៃ​ដែលជា​មិត្ត​ភ័​ក្ត​របស់​កូនកំលោះ​បាន​បង្កជម្លោះ​ជាមួយ​ភ្ញៀវ​។ ពេល​ឃើញ​អ៊ីចឹង​ឈ្មោះ​ស៊ុន រឿន​ជា​កូនកំលោះ ទៅ​ជួយ​វាយ​នឹង​គេ​ដែរ​។ ឥឡូវ​តុលា​ការឃុំ​ទាំង ​៤​ នាក់​នោះ​ហើយ​»៕