​ភ្នំពេញៈ នៅក្នុង​ឆ្នាំ ​២០២១ អង្គភាព​ការពារ​កុមារ (CPU) បាន​ចូលរួម​ស៊ើបអង្កេត និង​ចាប់ខ្លួនជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើសលើ​កុមារបាន​ជាង ​៣០០ ករណី ដែលមាន​ជនសង្ស័យ​ជិត ៣០០ ​នាក់​។ នេះ​បើតាម​របាយ​​ការណ៍​សង្ខេប​ប្រចាំឆ្នាំ ២០២១ របស់ អង្គភាព CPU​។​

​របាយការណ៍បានឱ្យដឹងថា ក្នុង​ឆ្នាំ ​២០២១ CPU បាន​ចូលរួម​ក្នុង​ប្រតិ​​ប​ត្តិ​ការស៊ើបអង្កេត​បទល្មើស​ឧក្រិដ្ឋ​ប្រឆាំងនឹង​កុមារ​​ចំនួន ​៣១៣​ ករណី ដោយបាន​ឈានទៅ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​ ២៦៨​ នាក់ ឬ​ស្មើ ​៨៥ ​ភាគរយ​។ ក្នុង​ប្រតិបត្តិការ​របស់ CPU ពេញ​ ១​ ឆ្នាំ ក្នុងការ​ចូលរួម​បង្ក្រាប និង​ស៊ើបអង្កេត​បទល្មើស​ប្រឆាំងនឹង​កុមារ​នេះ គឺ CPU បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ ១ ១២១ ៣៥៣ ដុល្លារ​។

របាយការណ៍​បញ្ជាក់ថា​៖ «​ទីតាំង​នៃ​ការប្រព្រឹត្ត​បទ​​ល្មើស មាននៅ​ភ្នំពេញ និង​ខេត្ត​កំពង់​​ឆ្នាំង​មាន ​៥​ ​ទីតាំង​។ ខេត្តកំពង់ស្ពឺ ​និង​ខេត្តកំពង់ចាម ​មាន ​២ ​ទីតាំង និង​ក្រៅពី​ហ្នឹង ​១ ​ទីតាំង​ដូចជា​ខេត្តកណ្តាល សៀមរាប កំពង់ធំ ព្រៃវែង ស្វាយរៀង​ និង​ខេត្តតាកែវ ហើយ​ទំនាក់ទំនង​ដែល​កើតឡើង ទៅលើ​ជនរងគ្រោះ គឺ​ភាគ​​ច្រើន​ជនសង្ស័យ​ជា​អ្នកជិតខាង​»​។​

​លោក James McCabe នាយក​ប្រតិបត្តិអង្គភាព​ការពារ​កុមារបាន​និយាយថា ឆ្នាំ​ ២០២១ គឺជា​ឆ្នាំ​មួយ​ដែល​ពោរពេញ​ដោយ​ភាពលំបាក និង​ឧបសគ្គ​។ ប៉ុន្តែ​លោក​នៅតែ​លើកយក​ឱកាស​នេះ ដើម្បី​ថ្លែងអំណរគុណ ទៅដល់​អ្នកពាក់ព័ន្ធ​ដែល​បានផ្តល់​ការគាំទ្រ ជាពិសេស​ក្រុមការងារ​របស់​អង្គភាព​ការពារ​កុមារ (CPU) នគរបាលជាតិ​កម្ពុជា ក្រសួងមហាផ្ទៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ស្ថាប័ន​នគរបាល​អន្តរជាតិ ដែលជា​ដៃគូ ដែល​បាន​ផ្តល់យោបល់​ជំនាញ និង​ការណែនាំ​មួយចំនួន ចំពោះ​កិច្ចការ​ស៊ើបអង្កេត​ដ៏​ហត់នឿយ​ខ្លះៗ ដែលមាន​ភាពលំបាក​ និង​ទាមទារ​រយៈ​​ពេល​យូរ​។

លោក James McCabe បញ្ជាក់ថា​៖ «CPU និង​នគរបាលជាតិ​កម្ពុជា បាន​បំពេញ​កិច្ច​ការល្អៗ​ជាច្រើន​នៅក្នុង​ឆ្នាំ ​២០២១ ដើម្បី​ប្រឆាំង និង​ផ្តន្ទាទោស​ទៅលើ​រាល់​ជនល្មើស ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ទៅលើ​កុមារ​»​។​

​របាយការណ៍​ប្រចាំឆ្នាំ​របស់ CPU នឹងត្រូវ​ប្រគល់ជូន​រាជរដ្ឋាភិបាលក្រសួងមហាផ្ទៃអគ្គស្នងការ​នគរបាល​ជាតិ​​កម្ពុជា​ក្រសួង​ជា​ដៃគូ​នានា និង​ស្នងការ​​ដ្ឋា​ន​នគរបាល តាម​បណ្តា​ខេត្ត-ក្រុង ដោយ​របាយការណ៍​នេះ រៀបរាប់​អំពី​រាល់​កិច្ចការ​ស៊ើបអង្កេត ការផ្តន្ទាទោស សេវាកម្ម​ដែល​បាន​ផ្តល់ជូន​ជនរងគ្រោះ​ភាពជោគជ័យ សមិទ្ធផល និង​ភាព​បរា​​ជ័យ​ដែលមាន​នៅក្នុង​ឆ្នាំ ​២០២១​។​

​លោកស្រី ​ជូ ប៊ុន​អេង រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​អចិ​ន្រៃ្ត​យ៍​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស បាន​ប្រាប់​ ភ្នំពេញ​ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ៧​ មីនា​ថា CPU គឺជា​អង្គ​ភាព​មួយ ដែល​ធ្វើ​ការសហការ​ជាមួយ​ក្រសួងមហាផ្ទៃ​ដែល​អាច​ជឿ​ទុកចិត្តបាន និង​ជួយ​គ្នា​ទៅវិញទៅមក ក្នុង​ការងារ​ស៊ើបអង្កេត រាល់​បទល្មើស​ដែល​កើតឡើង​ទៅលើ​កុមារ​កម្ពុជា​។​

​លោកស្រី​បន្តថា ការសហការ​នេះ គឺមាន​ភាពជោគជ័យ​ខ្លាំង ដែល​បាន​ឈានទៅរក​ការចាប់ខ្លួន និង​វែកមុខ​ជនសង្ស័យ​យកមក​ផ្តន្ទាទោស បើទោះ​បទល្មើស​ទាំងនោះ​បានកើត​ឡើង​យ៉ាងណាក្តី ប៉ុន្តែ​រាល់​សកម្មភាព​ដែល​ប្រឆាំង​ទៅលើ​កុមារ ដែលមាន​ការចូលរួម​ពី​អង្គការ​នេះ​ត្រូវបាន​ធានាថា ជនសង្ស័យមិនអាច​គេចផុត​ពី​សំ​​ណា​ញ់​ច្បាប់​បាន​នោះទេ​។​

​លោកស្រី​បាន​រៀបរាប់ថា​៖ «​រហូតមកដល់​ពេលនេះ ករណី​រំលោភបំពាន​លើ​កុមារ គឺមាន​ចំនួន​ច្រើនជាង​មុន​ និង​កាន់តែ​សាហាវ​។ ប៉ុន្តែ​ទោះបី​ច្រើន​ប៉ុណ្ណឹង ក៏​យើង​មើលឃើញថា យើង​នៅតែ​អាច​តាម​បង្ក្រាបបាន​ជាង ​៩០ ​ភាគរយ​មានន័យថា បទល្មើស​ស្ទើរតែ​ទាំងស្រុង ត្រូវបាន​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​»​។​

​លោកស្រី​ ជូ ប៊ុន​អេង បានបញ្ជាក់​ពី​ការតាំង​ចិត្ត​ខ្ពស់ ជាមួយ​ដៃគូ​ពាក់ព័ន្ធ ជាពិសេស​អង្គភាព CPU នេះ ដោយ​មិន​ត្រឹម​តែមាន​មហិច្ឆតា​ក្នុងការ​កាត់បន្ថយ​អំពើ​ល្មើស​ទៅលើ​កុមារ​ប៉ុណ្ណោះ​ទេ គឺ​ក្រសួងមហាផ្ទៃ មាន​មហិច្ឆតា​ក្នុងការ​លុបបំបាត់​អំពើ​នានា​ប្រឆាំង​ទៅលើ​កុមារ​កម្ពុជា ដែល​លោកស្រី​ចាត់​ទុក​ថា ការ​ឈានទៅ​វែកមុខ​ជន​ប្រព្រឹត្ត​បទល្មើស​ទាំងនោះ​ ដើម្បី​យកមក​ទទួលទោស​តាមច្បាប់​ គឺជា​ជំហាន​មួយ​ដែល​ត្រូវ​រួមគ្នា​បន្តទៀត ដើម្បី​ធ្វើយ៉ាងណា ធានា​នូវ​យុ​តិ្ត​ធម៌​ដល់​កុមារ​រងគ្រោះ​៕

វីដេអូ៖