
ជនសង្ស័យ ៤ នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនជិត ៦៥ គីឡូ។ រូបថត ប៉ូលិស
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរជនសង្ស័យចំនួន ៤ នាក់ ដែលមានជនជាតិខ្មែរម្នាក់ និងជនជាតិ ថៃចំនួន ៣ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជិត ៦៥ គីឡូក្រាម និងប្រើប្រាស់អាវុធ ៣ ដើមដោយខុសច្បាប់។
លោក ផ្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៧ មីនាថា តំណាងអយ្យការនឹងបន្តនីតិវិធី ក្នុងការស្តាប់ចម្លើយជនសង្ស័យទាំងទាំង ៤នាក់ ដោយមានការបកប្រែភាសាផងដែរ។
លោកបន្តថា៖ «ដូច្នេះខ្ញុំនឹងជូនព័ត៌មាននៅពេលដែលតំណាងអយ្យការមានចំណាត់ការចុងក្រោយ»។
លោក អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិថ្លែងនៅថ្ងៃទី ៧ មីនាថា ក្រោយសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀនចាប់ខ្លួនជនសង្ស័យ ៤ នាក់ រឹបអូសគ្រឿងញៀនជិត ៦៥ គីឡូក្រាម និងអាវុធ ៣ ដើម រួចមកត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ៧ ខែកុម្ភៈ។ ជនសង្ស័យ ៤ នាក់ សុទ្ធតែភេទប្រុស រួមមាន ១ ទិន ទី អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ (មានដីកាចាប់ខ្លួន) មានគ្រឿងញៀនជាង ៦០ គីឡូ ដែលចាប់បាន។ ២ ដាវ ឌីឌឹន (DAV DE DAN) អាយុ ២២ ឆ្នាំ ជនជាតិថៃ។ ៣ វ៉ាន់ឆៃ លឿងផូត (VANCHAI LOEUNG PKUOUCH) អាយុ ៣៣ ឆ្នាំ ជនជាតិថៃ និងទី៤ មង្គល សុខហម (MONG SOKHORM) អាយុ ៤១ ឆ្នាំ ជនជាតិថៃ។
តាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា កាលពីថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២២ វេលាម៉ោង ១៣:១០ នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១១) ព្រមទាំង មានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ បង្ក្រាបបទល្មើសគ្រឿងញៀន ២ គោលដៅផ្សេងគ្នា។
របាយការណ៍នេះបន្តថា គោលដៅទី១ នៅចំណុចស្ថានីយប្រេងឥន្ទន:តេលា ផ្លូវបេតុង ស្ថិតក្នុង ភូមិជម្ពូវ័នសង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់បានជនសង្ស័យ ម្នាក់ឈ្មោះ ទិន ទី រឹបអូសរថយន្ត ១ គ្រឿង និងគ្រឿងញៀនប្រមាណជាង ៦០ គីឡូក្រាម។ គោលដៅទី២ នៅវេលាម៉ោង ១៤:៣០ នាទី ថ្ងែ ខែ ឆ្នាំដដែល សមត្ថកិច្ចបានទៅឃាត់រថយន្ត ០២ គ្រឿងជនសង្ស័យ ០៣ នាក់ និងអាវុធ ៣ ដើម (វែង ១ ដើម ខ្លី ២ ដើម) នៅចំណុច បូរីពិភពថ្មី ផ្លូវ ១៥ B សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ៕