​ភ្នំពេញៈ ក្នុង​រយៈពេល ​២ ​ខែ​ដើម​ឆ្នាំនេះ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ច​​ការប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ​(​ក​.​ប​.​ប​) រកឃើញ​ដេប៉ូ​/​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​ ២៦៧ ​កន្លែងនៅ​ទូទាំងប្រទេស ដែល​មិនមាន​អនុលោមភាព ក្នុង​ការលក់​ប្រេងឥន្ធនៈ​ឱ្យ​អតិថិជន​។

​របាយការណ៍​អគ្គនាយកដ្ឋាន ក​.​ប​.​ប បានឱ្យ​ ភ្នំពេញ​ ប៉ុស្តិ៍ ​ដឹង​នៅ​ថ្ងៃទី ៧ មីនា​ថា ក្នុង​រយៈពេល​ ២​ ខែ​នេះ មន្ត្រី​បាន​ចុះ​ត្រួតពិនិត្យ​ភាព​អនុលោម​ទៅនឹង​បទ​ប្បញ្ញត្តិ ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​ប្រេងឥន្ធនៈ​នៅតាម​បណ្តា​ស្ថានីយ និង​ដេប៉ូ​នានា នៅ​ទូទាំងប្រទេស បាន​ចំនួន​ ៧៦៨​។ ក្នុង​​ចំណោម​ស្ថានីយ និង​ដេប៉ូ​ទាំងនោះ គឺ​បាន​រកឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​ ២៦៧ ស្មើ ៣៤,៧៦% ​ប្រកប​អាជីវកម្ម​មិន​សុចរិត​។

​អគ្គនាយកដ្ឋាន ក​.​ប​.​ប បញ្ជាក់ថា​៖ «​ដេប៉ូ​/​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​ចំនួន​ ២៦៧​ កន្លែង​ទាំងនេះ គឺ​សុទ្ធសឹង​បាន​លក់​ប្រេង​​ឥន្ធនៈ និង​សាំង​ជូន​អតិថិជន​មិន​គ្រប់​ចំនួន​នៃ​លីត្រ និង​គ្មាន​គុណភាព​។ បើ​ប្រៀបធៀប​ជាមួយ​រយៈពេល​ដូចគ្នា​នៃ​ចុងឆ្នាំ​ ២០២១ បទល្មើស​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​ប្រេងឥន្ធនៈ​មានការ​ថយចុះ​ចំនួន​ ៣,៥៥ ភាគរយ​»​។​

​សូមជម្រាបថា ក្នុង​រយៈពេល​ ០២​ ខែ​ចុងឆ្នាំ ​២០២១ គឺ​ខែវិច្ឆិកា និង​ខែធ្នូ មន្ត្រី ក​.​ប​.​ប បាន​ចុះ​ត្រួតពិនិត្យ​ភាព​អនុលោម​ទៅនឹង​បទ​ប្បញ្ញត្តិ ពាក់ព័ន្ធ​នឹង​ការធ្វើ​អា​​ជីវ​កម្ម​ប្រេងឥន្ធនៈ​នៅតាម​បណ្តា​ស្ថានីយ និង​ដេប៉ូ​នានា​នៅ​ទូទាំងប្រទេស​បាន​ចំនួន​ ៦៦៣ ដោយ​រកឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ ចំនួន​ ២៥៤ ស្មើ ​៣៨,៣១% ប្រកប​អាជីវកម្ម​មិន​សុចរិត​។​

​លោក​ ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក ក​.​ប​.​ប បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ​៧ មីនា​ថា ​ដេប៉ូ​/​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​ទាំងនេះ គឺ​ត្រូវបាន​អគ្គនាយដ្ឋាន ធ្វើការ​ពិន័យ​ជា​អន្តរ​​ការណ៍​ទៅតាម​ការ​កំណត់ដោយ​ច្បាប់​។​

​យ៉ាងណាក្តី លោក ផាន អូន បញ្ជក់​ថា ក្នុងករណី​ដេប៉ូ​/​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​ប្រព្រឹត្តល្មើស​លើក​ទី​១ ​គឺ​ពួកគេ​ទទួលពិន័យ​ជា​អន្តរការណ៍ ហើយ​បើ​រកឃើញ​ប្រព្រឹត្ត​កំហុស​ដដែល​ទៀត​ជា​លើក​២ នឹងត្រូវ​បាន​ពិន័យ​ទ្វេគុណ​។ បន្ថែម​ពីនេះ កប​ប ក៏​នឹង​ពិនិត្យ​លទ្ធភាព​ទៅតាម​នីតិវិធី​ច្បាប់​បន្ថែមទៀត ប្រសិនបើ​ដេប៉ូ​/​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​ទាំងនោះ​នៅតែ​បន្ត​ប្រព្រឹត្ត​កំហុស​មិន​រាងចាល​ជាច្រើន​ដង ដូចជា​ដាក់ចេញ​វិធានការ​នានា​ទៅតាម​ច្បាប់ រួម​​ទាំង​តាមផ្លូវ​តុលាការ​ផងដែរ​។​

​លោក​បញ្ជាក់ថា​៖ «​ទិន្នន័យ​ដែល​យើង​បូកសរុប​ទូទាំងប្រទេស យើង​ប្រមូល​មិនទាន់​អស់​នៅឡើយ​ទេ​។ ដូច្នេះ​កំហុស​លើក​ទី​១ អាច​នឹង​ពិន័យ​ជា​អន្តរការណ៍​។ នៅពេល​យើង​បន្ត​នីតិវិធី​បន្តទៀត យើង​អាច​នឹង​មើល​កំហុស​លើក​ទី​៣ អ៊ីចឹង​ដើម្បី​ស្នើ​ទៅ​គណៈកម្មការ​កិច្ចការពារ​អ្នក​ប្រើ​​ប្រាស់ គួរ​មាន​វិធានការ​យ៉ាងណា​ទៀត យើង​មិនទាន់​សរុប​ទិន្នន័យ​បន្តទៀត​»​។​

​យោងតាម​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នក​ប្រើ​ប្រាស់បានឱ្យដឹងថា អំពើ​មិន​សុចរិត​ទាក់ទង​នឹង​ទំនិញ សេវា ឬ​ការអះអាង​ដោយ​បំភាន់​ត្រូវ​ទទួល​ការព្រមាន​ជា​លាយលក្ខណ៍អក្សរ ចំពោះ​បុគ្គល​ណា​ដែល​ប្រព្រឹត្ត​កំហុស​ទាំងនេះ​ជា​លើកដំបូង​។

ច្បាប់​នេះក៏បាន​ចែង​ដែរ​ថា ក្នុងករណី​ទទួលរង​នូវ​ការព្រមាន​ជា​លាយលក្ខណ៍អក្សរ​ម្តង​រួចហើយ​នៅតែ​បន្ត​ប្រព្រឹត្តល្មើស មន្ត្រី​អ្នកអនុវត្ត​ច្បាប់ មាន​សិទ្ធិ ព្យូ​រ ដកហូត ឬ​លុបចោល​វិញ្ញាបនបត្រ​ចុះបញ្ជី​ពាណិជ្ជកម្ម​ឬ​អាជ្ញាប័ណ្ណ ខណៈ​កំហុស​ទាំងនេះ​ក៏បានផ្តល់​សិទ្ធិ​ឱ្យ​មន្ត្រី​អ្នកអនុវត្ត​ច្បាប់​អាច​ផាកពិន័យ​អន្តរការណ៍​ជា​ប្រាក់​មិន​លើសពី​២០​ លាន​រៀល ហើយ​ក្នុងករណី​មិន​រាងចាល ក៏​អាច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ​៦ ​ខែ ​ទៅ ​២ ​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​បន្ថែម​ផងដែរ​៕