​ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ស្នើឱ្យ​ថ្នាក់ដឹកនាំ​ក្រសួងសាមី សិក្សា​លទ្ធភាព​ក្នុងការ​តែងតាំង​ស្ត្រី​ជា​​អនុប្រធាន​មន្ទីរ​សាធារណការ​ទូទាំង​​ប្រទេស ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ​បន្ថែមទៀត​ក្នុង​ការកសាង​ប្រទេសជាតិ​។​

​ការជំរុញ​នេះ​ធ្វើឡើង​ក្នុងឱកាស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានរៀបចំ​ពិធី​រំឭក​ខួប​លើក​ទី​១១១ ទិវា​អន្តរជាតិ​នារី ៨ មីនា ក្រោមប្រធានបទ «​សមភាព​យេនឌ័រ​ថ្ងៃនេះ ដើម្បី​ចីរភាព​នាពេល​អនាគត​» កាលពី​ថ្ងៃទី ​៧ ខែ មីនា ឆ្នាំ ​២០២២​។​

​លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា ស្ត្រី​ដើរតួនាទី​ដ៏​សំខាន់​ក្នុងសង្គមក្នុង​គ្រួសារ ដូចនេះ​ក្នុងនាម​ក្រសួង​សាធារណការ ត្រូវតែ​គោរព​ដឹងគុណ និង​ខិតខំ​ធ្វើយ៉ាងណា​ឱ្យ​ស្ត្រី​មាន​តួនាទី បន្ថែមទៀត ក្នុងការ​ចូលរួម​កសាង​ប្រទេសជាតិ​។

​លោក​ថា​៖ «​ជឿជាក់ថា ស្រី្ត​គាត់​ធ្វើបាន​គ្រប់​ការងារ​ទាំងអស់ ឱ្យតែ​យើង​មាន​ឆន្ទៈ និង​ផ្តល់​ទំនុកចិត្ត​ទៅលើ​ស្ត្រី​»​។

​ឆ្លៀត​ក្នុងឱកាស​នេះ លោក ស៊ុន ចាន់ថុល បានស្នើ​សុំ​ទៅ​វិទ្យាស្ថាន​​តេ​ជោ​សែន ត្រូវ​រៀបចំ​កម្មវិធី​បណ្តុះ​​បណ្តាល​ស្ត្រី​ជា​ថ្នាក់ដឹកនាំ និង​កម្មវិធី​បណ្តុះបណ្តាល​ខាង​ផ្នែក​ IT និង​ឌីជីថល ដើម្បីឱ្យ​ស្ត្រី​កាន់តែខ្លាំង​។

​លោក​ក៏បាន​ស្នើ​ដល់​លោកស្រី មឹន មាណវី ដែលជា​ប្រធាន​សមាគមនារី​ក្រសួង​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង សិក្សា​អំពី​លទ្ធភាព​តែងតាំង​ស្ត្រី​ជា​អនុប្រធាន​មន្ទីរ​សាធារណការ គ្រប់​ខេត្ត​ក្រុង​ទាំងអស់​។

​លោក​ថា​៖ «​ដោយសារ​សម្តេច​ ហ៊ុន សែន លោក​តែងតែ​ខិតខំ​ប្រឹងប្រែង ឱ្យ​តែងតាំង​អភិបាលរង​ខេត្ត​ជា​ស្ត្រី ដូចនេះ​ក្រសួង​អាចមាន​លទ្ធភាព​ដើម្បី​តែងតាំង​ស្ត្រី ជា​អនុប្រធាន​មន្ទីរ​សាធារណការ ព្រោះ​ស្ត្រី​ចូលរួម​ធ្វើការ​បានក្នុងការ​សាងសង់​ផ្លូវទាក់ទង​ការ​​ដឹកជញ្ជូនកំពង់ផែ​។

​ទន្ទឹមនឹង​ការលើកទឹកចិត្ត​នេះ លោក​បាន​ជំរុញ​ដល់​ស្ត្រី​ខ្លួនឯង​ត្រូវខិតខំ​រៀនសូត្រ កសាង​សមត្ថភាព​បន្ថែមទៀត​ដើម្បី​ទទួលបាន​តួនាទី​ខ្ពស់​នៅក្នុង​ជួរ​មន្ត្រីរាជការ ខណៈ​លោក​សង្ឃឹមថា ស្ត្រី​នឹង​ក្លាយជា​ប្រធាន​មន្ទីរ​សាធារណការ​នៅ​ថ្ងៃ​អនាគត​។​

​លោក​ថា ស្រី្ត​ដែល​បម្រើ​ការងារ​នៅ​ក្រសួង​សាធារណការ និង​មាន​តួនាទីចាប់ពី​ឆ្នាំ ​២០១៦ មាន ១៩​ ភាគរយ បាន​កើន​ដល់ ៤៨ ​ភាគរយ ពោល ៦២ ​រូប ឡើង ១៣៧ រូប​នៅ​ឆ្នាំ ​២០២២ ដែល​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ក្នុងការ​ផ្តល់​តួនាទី​ដល់​ស្ត្រី​។​

​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោកស្រី មឹន មាណវី បាន​ថ្លែងថា ក្នុងសង្គម​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តម្លៃ​ស្ត្រី​ពិតជា​ត្រូវបាន​លើកកម្ពស់​យ៉ាងពិត​ប្រាកដ តាមរយៈ​ការកំណត់​នូវ​កម្មវិធី​គោលនយោបាយ​ជាក់លាក់ ហើយ​អនុវត្តបាន​យ៉ាង​ម៉ឺងម៉ាត់​ជាប្រចាំ​តាមរយៈ​ការ​តែង​​តាំង​ស្ត្រី​ដែលមាន​សមត្ថភាព ​និង​មាន​សីលធម៌ តាំងពី​ថ្នាក់ភូមិ ឃុំ ស្រុក ខេត្ត រហូតដល់​ក្រសួង ស្ថាប័ន​។

​លោកស្រី​ថា​៖ «​ដោយ​បច្ចុប្បន្ន​មាន​នារី​ជា​មន្ត្រីរាជការ ជាច្រើន​ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍ នាង​ខ្ញុំ​សំណូមពរ​ដល់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក្នុងការ​​ជំរុញ​ការអនុវត្ត អនុសាសន៍​របស់​សម្តេច​តេ​ជោ ដែល​ស្នើ​គ្រប់​ក្រសួង​ស្ថាប័ន​ពិនិត្យ​ដំឡើង​កាំ​ប្រាក់ និង​ឋានន្តរ​ស័ក្ដិ​ដល់​ស្ត្រី​»​។ អនុប្រធាន​គណៈ​​ក​ម្មា​ធិ​ការ​សមាគមនារី កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ លោកស្រី សាន្ត​ អរុណ បាន​ថ្លែង​គាំទ្រ​នូវ​ការ​លើកយក​មូលបទ​ស​ម​ភាព​យេនឌ័រ ដើម្បី​ចីរភាព​នាពេល​អនាគត​សម្រាប់​ឆ្នាំនេះ ដែល​រំលេច​ឱ្យឃើញថា ស្ត្រី និង​បុរស​ជា​ដៃគូ​ស្មើភាព និង​បានបញ្ជាក់​អំពី​តម្លៃ​នៃ​ការទទួលបាន​នូវ​សមភាព​រវាង​ស្ត្រី​និង​បុរស សម្រាប់​ការអភិវឌ្ឍ​គ្រប់​វិស័យ​។

លោកស្រី​ថា​៖ «​វិបត្តិ​កូ​វីដ ​១៩ បាន​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​លើ​ស្ត្រី​ច្រើនជាង​បុរស​ទាំង​ក្នុង​វិស័យសេដ្ឋកិច្ច និង​សង្គម ដោយសារ​ស្ត្រី​ភាគច្រើន​មានការ​ងារ​នៅក្នុង​វិស័យ​សេវាកម្ម និង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​»​។ UN ​ប្រចាំ​កម្ពុជា​បានបង្ហាញ​នូវ​ចំណុច​សំខាន់ៗ​អាច​គាំទ្រ​ដល់​រាជ​រដ្ឋា​ភិ​​បាល​កម្ពុជា​ក្នុងការ​កសាងឡើង​វិញ​ឱ្យ​កាន់តែ​ប្រសើរឡើង​តាមរយៈ​ការ​​រួមបញ្ចូល​សមភាព​យេនឌ័រ និង​ការ​​ពង្រឹង​សិទ្ធិអំណាច​របស់​ស្ត្រី​៕